កសិករតំបន់ធ្វើស្រែលើផ្ទៃដីចិញ្ចឹមបង្គាក្នុងខេត្តបាកលីវ សប្បាយចិត្តព្រោះបច្ចុប្បន្នស្រូវ ST បានផល លក់បានថ្លៃនិងចំណេញច្រើន។ ទម្រង់ស្រូវ-បង្គា ជាទម្រង់អភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅបង្កើតម៉ាកយីហោ “ស្រូវក្រអូប - បង្គាស្អាត” ជួយកសិករបង្កើតបានផលិតផលគុណភាពខ្ពស់ សុវត្ថិភាព ឆ្លើយតបតម្រូវការទីផ្សារនាំចេញ...។
ស្រូវ ST២៥ កំពុងបានកសិករនៅខេត្តបាកលីវ ផលិតនៅលើផ្ទៃដីចិញ្ចឹមបង្គា។
រដូវស្រូវលើផ្ទៃដីចិញ្ចឹមបង្គា ឆ្នាំ២០២៤ - ២០២៥ កសិករបាកលីវ ចុះពូជស្រូវ ST ជាង ១៨,០០០ ហិកតា ក្នុងនោះ ST២៤ និង ST២៥ មានចំនួនជិត ៤០% នៃផ្ទៃដីស្រូវ-បង្គា របស់ទូទាំងខេត្ត។ បច្ចុប្បន្ន តម្លៃស្រូវសើមចន្លោះពី ១២.០០០ - ១៣.០០០ ដុង/គីឡូក្រាម កសិករសង្ឃឹមថានឹងមានរដូវអំណោយផលនិងផ្ដល់ទិន្នផលខ្ពស់។ ស្រុកហុងយុឹង មានផ្ទៃដីជាង ២៤,០០០ ហិកតា ធ្វើស្រែលើផ្ទៃដីចិញ្ចឹមបង្គាធំជាងគេក្នុងខេត្ត។ ក្នុងនោះ ពូជស្រូវ ST២៤ និង ST២៥ ស្រូប អត្រាជិត ៣០% ហើយត្រូវបានវាយតម្លៃថាជាពូជស្រូវសមស្របសម្រាប់ដី។ លោក ង្វៀងវ៉ាន់ចៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហុងយុឹង មានប្រសាសន៍៖ “បង្គា-ស្រូវ គឺជាទម្រង់ផលិតកម្ម និរន្តរភាព និងមានប្រសិទ្ធភាពខ្ពស់ ដូច្នេះស្រុកបានជួយឧបត្ថម្ភនិងលើកទឹកចិត្តកសិករក្នុងការអភិវឌ្ឍន៍និងពង្រីកផ្ទៃដីធ្វើពូជស្រូវ ST២៤, ST ២៥ នៅលើផ្ទៃដីចិញ្ចឹមបង្គា។ ព្រោះថា ការផលិតស្រូវរួមផ្សំនឹងការចិញ្ចឹមបង្គានាំមកនូវប្រាក់ចំណេញ និងស្ដារបរិស្ថានល្អប្រសើរទៀតផង។ ជាមួយនឹងតម្លៃស្រូវបច្ចុប្បន្ន កសិករសប្បាយចិត្តណាស់ ព្រោះទទួលបានទិន្នផលខ្ពស់ផង លក់បានតម្លៃចំណេញច្រើនផង”។
កសិករកំពុងប្រមូលផលស្រូវ។
តាមការលើកឡើងរបស់កសិករ ការផលិតស្រូវ ST នៅលើផ្ទៃដីចិញ្ចឹមបង្គាងាយស្រួលថែទាំ ចំណាយតិចនិងបានប្រាក់ចំណេញច្រើនជាងការធ្វើស្រែលើផ្ទៃដីប្រពៃណី។ រយៈពេលប្រមូលផល ស្រូវ ជាធម្មតាក្នុងអំឡុងពេលមុននិងក្រោយបុណ្យចូលឆ្នាំវៀតណាម ដូច្នេះ ទីផ្សារក៏កាន់តែងាយស្រួលផងដែរ។ លោក វ៉វ៉ាន់សើុង នៅឃុំនិញថាញ់ A ស្រុកហុងយុឹង ឱ្យដឹង៖ “ឆ្នាំនេះអាកាសធាតុអំណោយផល ដូច្នេះស្រូវ ST ចំនួន ៥ ហិកតា នៅលើដីស្រែ-បង្គា លូតលាស់ល្អណាស់។ បច្ចុប្បន្ន ឈ្មួញមកដល់ស្រែបង់ប្រាក់កក់ទិញស្រូវក្នុងតម្លៃជាង ១២.០០០ ដុង/គីឡូក្រាម តម្លៃនេះក្រោយពីផាត់ទាត់ ជាមធ្យមក្នុងមួយកុងស្រូវ ST បានចំណេញជាង៦០% ។
តាមប្រសាសន៍លោក លឺវហ្វាងលី ប្រធាននាយកដ្ឋានកសិកម្មនិងអភិវឌ្ឍន៍ជនបទបាកលីវ គោលដៅរបស់ផ្នែកឧស្សាហកម្មនៅឆ្នាំ២០២៥ គឺពង្រីកផ្ទៃដីផលិតស្រូវ-បង្គាឱ្យបានជាង ៤៣,០០០ ហិកតា។ ដើម្បីសម្រេចបាននូវគោលដៅនេះ មន្ទីរកំពុងជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ទេរអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិតស្រូវ ដើម្បីឱ្យទំនិញសម្រេចបទដ្ឋានតាមតម្រូវការទីផ្សារ។ អនុវត្តល្អភារកិច្ចរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅថ្មីបន្តិចម្តងៗ បង្កើនតម្លៃបន្ថែមនិងអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ បង្កើតជាខ្សែសង្វាក់តភ្ជាប់តម្លៃផ្គត់ផ្គង់ និងការប្រើប្រាស់ផលិតផលពីតំបន់ផលិតស្រូវ-បង្គា តាមទិសដៅនិរន្តរភាព សម្របនឹងការប្រែប្រួលអាកាសធាតុ៕
យ្វីអាញ-មេងលី