មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/12/2024 - 15:04

យុវ​ជន​ជក់​ចិត្ត​នឹង​ទូក-ង​តូចៗ 

ថាច់​រ៉ូ​ស៊ី​យ៉ន នៅ​ភូមិ​តឹង​ឡើយ ឃុំ​ថាញ់​តឹង ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង បាន​ធ្វើ​ទូក-ង តូច​ៗ​សម្រាប់​តាំង​លម្អ តែង​បាន​អ្នក​ស្រ​ឡាញ់​ទូក-ង​ចូល​ចិត្ត​និង​គាំ​ទ្រ។ នេះ​ក៏​ជា​ទម្រង់​ផ្ដើម​អា​ជីព​ដែល​ជំ​រុញ​ឱ្យ​បង​ស៊ី​យ៉ន ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​ពិធី​ប្រ​ឡង​គម្រោង​ផ្ដើម​អា​ជីព យុវ​ជន​ជន​បទ​ឆ្នាំ ២០២៣ អា​ស្រ័យ​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​ហូ​ជី​មិញ​បំ​ផុស។

ថាច់​រ៉ូ​ស៊ី​យ៉ន (ខាង​ស្ដាំ​ដៃ)  ឧទ្ទេស​នាម​ពី​ទូក-ង​តាំង​លម្អ​ដល់​ភ្ញៀវ​ដែល​មក​ទស្សនា។

តាំង​ពី​តូច ស៊ី​យ៉ន តែង​តាម​ឪពុក​ទៅ​គូរ​គំ​នូរ​ទូក-ង​និង​សំ​ណង់​ផ្សេងៗ​នៅ​តាម​វត្ត​អា​រាម។ ដោយ​សង្កេត​ឃើញ​ស៊ី​យ៉ន មាន​ទេព​កោ​សល្យ​និង​ចំ​ណង់​ចំ​ណូល​ចិត្ត​សិល្បៈ​គំនូរ ទើប​បាន​ឪ​ពុក​បង្រៀន​របៀប​គូរ​គំ​នូរ​នេះ​ដល់​បង។ មិន​ត្រឹម​តែ​មាន​ទឹក​ដៃ​ក្នុង​ការ​រចនា​ក្បូរ​ក្បាច់​លើ​ទូក-ង​ធំៗ​នោះ​ទេ ស៊ី​យ៉ន នៅ​មាន​ទឹក​ដៃ​ដ៏​ប៉ិន​ប្រ​សប់​ច្នៃ​ធ្វើ​ទូក-ង​តូចៗ​ស្រស់​ស្អាត​ទៀត​ផង។ បង​យ៉ន រៀប​រាប់ៈ “តាំង​ពី​តូច​មក ខ្ញុំ​ចូល​ចិត្ត​បំ​ផុត​គឺ​កី​ឡា​ទូក-ង ម្ល៉ោះ​ហើយ ខ្ញុំ​តែង​តាម​ដាន​ការ​ប្រ​ណាំង​ទូក-ង​របស់​ខេត្ត ដើម្បី​ដឹង​ច្បាស់​ពី​ទម្រង់​ទូក-ង​និង​ក្បូរ​ក្បាច់​រចនា​ទូក-ង របស់​វត្ត​នីមួយៗ។ បន្ទាប់​មក ខ្ញុំ​ដើរ​រក​ដើម​មាក់​បាត ដើម​ស្មាច់ យក​ហាល​ឱ្យ​ស្ងួត រួច​ហើយ ចាំង លុង​ឆ្លាក់​ធ្វើ​ជា​ទូក-ង​តូចៗ។ ក្រោយ​ពី​ច្នៃ​បាន​ទូក​ហើយ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ផាត់​ពណ៌ រំ​លេច​ក្បូរ​ក្បាច់​ឱ្យ​បេះ​បិទ​នឹង​ទូក-ង​របស់​វត្តនោះៗ”។

ដំ​បូង​ទូក-ង​តូចៗ​នេះ បង​ស៊ី​យ៉ន គាត់​ធ្វើ​ឡើង​គឺ​គ្រាន់​តែ​បង្ហាញ​ពី​ទឹក​ចិត្ត​ស្រ​ឡាញ់​ទូក-ង ទុក​សម្រាប់​តាំង​លម្អ​ក្នុង​ផ្ទះ ហើយ​ថត​បង្ហោះ​លើ Facebook, Zalo របស់​ខ្លួន។ តាម​រយៈ​នោះ ទូក-ង​តាំង​លម្អ​របស់​បង ក៏​មាន​អ្នក​កក់​ទិញ​ជា​ហូរ​ហែ។ ផ្ដើម​ពី​នោះ ទម្រង់​ទូក-ង​តូចៗ​របស់​បង​ស៊ី​យ៉ន ក៏​មាន​អ្នក​ស្គាល់​ច្រើន ហើយ​បង​ក៏​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជា​ទិញ តាម​ការ​ស្រ​ឡាញ់ ចូល​ចិត្ត​របស់​អតិ​ថិ​ជន តាំង​ពី​ទំ​ហំ​ខ្នាត​វែង​ខ្លី និង​ក្បាច់​ទូក-ង​ដែល​គាត់​ស្រ​ឡាញ់​គាំ​ទ្រ ។ បង​ស៊ី​យ៉ន ឱ្យ​ដឹង៖ “រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​នេះ ខ្ញុំ​ធ្វើ​បាន​ជាង​១០០​ទូក ទៅ​តាម​ទំ​ហំ​និង​ខ្នាត​វែង​ខ្លី​ពី ២០​-៥០ សង់​ទី​ម៉ែត្រ តម្លៃ​ចាប់​ពី​៥០០​.០០០ ដុង​ដល់ ១,៨ លាន​ដុង។ ជា​ធម្ម​តា​ទូក​មួយ​គ្រឿង​ខ្ញុំ​ធ្វើ​ពី​៣​ដល់​៥​ថ្ងៃ ទៅ​តាម​ទំ​ហំ​ខ្នាត​វែង​ខ្លី។ ដើម្បី​ធ្វើ​បាន​ទូក​ស្រស់​ស្អាត អ្នក​ធ្វើ​ត្រូវ​មាន​ទឹក​ដៃ​ប៉ិន​ប្រ​សប់​ក្នុង​ការ​ច្នៃ ការ​រចនា​ក្បូរ​ក្បាច់ ផាត់​ពណ៌ បង្ហាញ​ពី​សោ​ភណ​ភាព​នៃ​គំ​នូរ ធ្វើ​យ៉ាង​ណា​ឱ្យ​បេះ​បិទ​ទូក-ង​របស់​វត្ត​ណា​មួយ​ដែល​យើង​ស្រ​ឡាញ់​ចូល​ចិត្ត”។

សព្វ​ថ្ងៃ​ទម្រង់​ទូក-ង​តូចៗ​របស់​បង​ស៊ី​យ៉ន ត្រូវ​បាន​សម្ព័ន្ធ​យុវ​ជន​ឃុំ​ថាញ់​តឹង ឧបត្ថម្ភ​ចូល​រួម​ក្នុង​ការ​ប្រ​ឡង​ផ្ដើម​គំ​និត គម្រោង​ផ្ដើម​អា​ជីព ច្នៃ​ប្រ​តិដ្ឋ​របស់​យុវ​ជន​ថ្នាក់​ខេត្ត មជ្ឈិម​និង​ចូល​រួម​ដាក់​តាំង​ផលិត​ផល​នៅ​ក្នុង​កម្ម​វិធី​ប្រ​ឡង ផ្សារ​ណាត់​ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​ផលិត​ផល OCOP និង​ផលិត​ផល​ពិសេស​ក្នុង​តំ​បន់​ខេត្ត​សុក​ត្រាំង; ដាក់​តាំង​ក្នុង​មហា​សន្និ​បាត​តំ​ណាង​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ខេត្ត និង​ដាក់​លក់​លើ​គេ​ហ​ទំ​ព័រ​វេទិ​កា​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​របស់​ខេត្ត។ បង​ស៊ី​យ៉ន ឱ្យ​ដឹង​បន្ថែម៖ “ឆ្នាំ​២០២៣ នៅ​ពេល​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត ពី​កម្ម​វិធី​ប្រ​ឡង​គម្រោង​ផ្ដើម​អា​ជីព​យុវ​ជន ជន​បទ​ឆ្នាំ ២០២៣ របស់​មជ្ឈិម​សហ​ព័ន្ធ​យុវ​ជន ខ្ញុំ​រំ​ភើប​ចិត្ត​ណាស់។ ពី​ព្រោះ​នោះ​គឺ​ជា​កម្លាំង​ចល​ករ​និង​ជា​ទំ​នុក​ចិត្ត​ដ៏​ធំ​ធេង ដើម្បី​ខ្ញុំ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ចាប់​យក​អា​ជីព​នេះ ទន្ទឹម​នឹង​ការ​បង្កើន​ប្រាក់​ចំ​ណូល ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​កីឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ព្រម​ជា​មួយ​នោះ ក៏​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​ទូក-ង​តាំង​លម្អ​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស” ៕

                             យ៉ី​អាញ-ពេជ្រ​សឿន

ចែករំលែកអត្ថបទ