16/12/2024 - 09:18

ជំនួយ​កម្លាំង​ដល់​ជន​រួម​ជាតិ​ខ្មែរ 

រយៈ​ពេល​កន្លង ឃុំ​តឹង​ឡុក ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​កម្ម​វិធី​គម្រោង និង​គោល​នយោ​បាយ​ជន​ជាតិ; ផ្ដើម​ពី​នោះ ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​លើក​ស្ទួយ។

 មូល​ដ្ឋាន​ជាង​ឈើ​របស់​គ្រួ​សារ​បង​ឡឹម​ដន។

ឃុំ​តឹង​ឡុក មាន​ជន​រួម​ជាតិ​ភាគ​តិច ២២៩ គ្រួ​សារ ដោយ​មាន​ចំ​នួន​មនុស្ស ៨១២ នាក់ ស្រូប​អត្រា ៧,៩១%។ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០២១ - ២០២៥ នៅ​ឆ្នាំ ២០២៣ ឃុំ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​នៃ​អនុ​គម្រោង​ទី ១ អនុ​គម្រោង​ទី ៤ វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់​បម្រើ​ដល់​ការ​ផលិត​កម្ម និង​ជីវ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ បច្ចុប្បន្ន ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ចូល​មក​កាន់​មណ្ឌល​តាំង​ទី​លំ​នៅ​ភូមិ ៧ នឹង​បាន​ឃើញ​នូវ​ភាព​រីក​ចម្រើន​នៅ​ពេល​ដែល​ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​វិនិយោគ​បង្កើន​កម្រិត​និង​បើក​ទូលាយ។

បង​ឃឺវ​ថាញ់​តៀង នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ភូមិ ៧ រ៉ាយ​រ៉ាប់៖ “មុននេះ ផ្លូវ​ចូល​ផ្ទះ​តូច​ចង្អៀត រដូវ​ភ្លៀង​ភក់​ជ្រាំ។ ចាប់​តាំង​ពី​បាន​បង្កើន​កម្រិត​និង​បើក​ទូលាយ ប្រ​ជា​ជន​នៅ​ទី​នេះ​សប្បាយ​រីក​រាយ​គ្រប់​គ្នា ដ្បិត​អី ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​ទំ​និញ​បាន​ងាយ​ស្រួល”។ ទន្ទឹម​នឹង​នោះ កម្ម​វិធី​គម្រោង​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​លើ​ភូមិ​សាស្រ្ត​ឃុំ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​និង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព មាន​ដូច៖ ជំ​នួយ​ទុន​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ។ល។ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​មាន​ដើម​ទុន​អភិវឌ្ឍ​ផលិត​កម្ម បង្កើន​ប្រាក់​ចំ​ណូល កែ​លម្អ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ឃុំ។

ឆ្នាំ ២០០៦ ក្រោយ​ពី​រៀប​ការ​ប្ដី​ប្រ​ពន្ធ​បង​ឡឹម​ដន (ជន​ជាតិ​ខ្មែរ នៅ​ភូមិ ៧) ចេញ​រស់​នៅ​ដោយ​ឡែក ពេល​នោះ​ជីវ​ភាព​នៅ​លំ​បាក ចំ​ណុះ​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ។ បាន​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បង​ដន បាន​បុល​ទុន ១៣ លាន​ដុង​អំ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច។ ដោយ​ធ្លាប់​ធ្វើ​ជាង​ឈើ បន្ទាប់​ពី​មាន​ដើម​ទុន បង​ដន​ក៏​វិនិយោគ បង្កើត​មូល​ដ្ឋាន​ជាង​ឈើ។ អា​ស្រ័យ​ឧស្សាហ៍​ព្យា​យាម គ្រួ​សារ​បាន​ឆ្លង​កាត់​ការ​លំ​បាក រាល់​ផលិត​ផល​ដែល​ធ្វើ​ពី​ឈើ​របស់​បង​ដន ត្រូវ​បាន​អតិ​ថិ​ជន​ស្គាល់​ច្រើន​និង​កុម្មង់​ទិញ។ គ្រួសារ​បង​ដន សង់​បាន​ផ្ទះ​រឹង​មាំ​និង​ទិញ​បាន​ដី​បន្ថែម​សម្រាប់​ចិញ្ចឹម​ជល​ផល រហូត​ដល់​ឆ្នាំ ២០១១ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ “អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​ជួយ​ឱ្យ​ខ្ញុំ​បាន​បុល​ទុន​សម្រាប់​ធ្វើ​សេដ្ឋ​កិច្ច ម្ល៉ោះ​ហើយ​សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង” បង​ដន បាន​ចែក​រំលែក​ដូច្នេះ។

លោក​ង្វៀង​វ៉ាន់​ត្វង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ឡុក ឱ្យ​ដឹង៖ “កន្លង​ហើយ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ និង​ការ​ឧបត្ថម្ភ​ផ្សព្វ​ផ្សាយ​ទាន់​ពេល​របស់​ភូមិ​ភាគ ឃើញ​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព។ ផ្ដើម​ពី​នោះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​វិវឌ្ឍ​ច្បាស់​ក្រ​ឡែត មុខ​មាត់​ជន​បទ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បន្ទាប់​ពី​ផ្សព្វ​ផ្សាយ​កម្ម​វិធី​គោល​នយោ​បាយ​ជន​ជាតិ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​វិនិ​យោគ មាន​ដូច៖ អគ្គិសនី ផ្លូវ​ថ្នល់ សា​លា​រៀន ដំ​ណាក់​សុ​ខា​ភិបាល និង​ទឹក​ស្អាត​ប្រើ​ប្រាស់; ទម្រង់​ផលិត​កម្ម​ជា​ច្រើន​មាន​ប្រ​សិទ្ធ​ភាព បង្កើត​ការ​ងារ​ធ្វើ​ដល់​ពល​ករ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល។ អត្រា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​បាន​កាត់​បន្ថយ គ្រួ​សារ​ធូរ​ធារ​កើន​ឡើង ជីវ​ភាព​ក៏​រីក​ចម្រើន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មុខ​មាត់​ជន​បទ​បាន​ផ្លាស់​ថ្មី។ ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​ត្រូវ​បាន​រឹត​បន្តឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ត្រូវ​បាន​ធា​នា”៕

                           ប្រភព៖ កាសែតកាម៉ាវ-ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ