គម្រោងអភិវឌ្ឍន៍ចិញ្ចឹមគោ (ហៅកាត់ថា គម្រោង) ត្រូវបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្តសុកត្រាំង បង្កលក្ខណៈដល់កសិករខ្មែរជាច្រើនអភិវឌ្ឍសេដ្ឋកិច្ច ចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន។
គម្រោងអភិវឌ្ឍន៍ចិញ្ចឹមគោទឹកដោះ បានជួយកសិករខ្មែរជាច្រើនគ្រួសារ
ចាកផុតពីភាពក្រីក្រ ឈាន ឡើងធ្វើមាន។
យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង គម្រោងត្រូវបានផ្សព្វផ្សាយអនុវត្ត សរុបជាទឹកប្រាក់ជាង ២.២០០ ពាន់លានដុង។ ក្នុងដំណាក់កាល ២០២២-២០២៥ គណៈគ្រប់គ្រងគម្រោងបានផ្ដល់ជូនឯកសារផ្សព្វផ្សាយព័ត៌មានអំពីគោលនយោបាយឧបត្ថម្ភរបស់គម្រោង; បើកវគ្គហ្វឹកហ្វឺនបាន ៧០ លើក ផ្ដល់ជូនឯកសារណែនាំបច្ចេកទេសចិញ្ចឹមគោសាច់ គោទឹកដោះចំនួន ២.១០០ ច្បាប់ដល់កសិករ; ឧបត្ថម្ភមេជីវិតពូជគោ ៥.៥០៤ ដូស សម្រាប់បង្កាត់ពូជគោសាច់ ២.៧៥២ ក្បាល ពូជបង្កាត់ Red Brahman, Red Sindhi; ឧបត្ថម្ភមេគោបង្កាត់ Red Brahman, Red Sindhi ៦២០ ក្បាលដល់កសិករ ២៣៧ គ្រួសារ ដើម្បីបង្កាត់គោស្រុក; ឧបត្ថម្ភមេជីវិតពូជគោទឹកដោះ ៦.២៧៤ ដូស ព្រមទាំងសម្ភារៈនិងឧបករណ៍សម្រាប់បង្កាត់ពូជគោទឹកដោះដោយសិប្បនិម្មិត។ល។ ទន្ទឹមនឹងនោះ គម្រោងក៏បានបង្កើតទម្រង់ចិញ្ចឹមគោសាច់ចំនួន ១០ តាមទិសដៅ VietGAHP ទ្រង់ទ្រាយចិញ្ចឹម ចាប់ពី ៥ ក្បាលឡើងទៅ; កសាងទម្រង់ប្រព្រឹត្តិកម្មកាកសំណល់ចំនួន ១៧០; ជួយចិញ្ចឹមបន្ធាត់ ២០០ ក្បាលដល់ប្រជាជន ៦០ គ្រួសារ សំដៅធ្វើឱ្យកើនទម្ងន់ ធានាគុណភាពសាច់ ជួយកសិករបង្កើនប្រាក់ចំណូលបន្ថែម។
បងថាច់ហាក់ នៅឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ “ចូលរួមគម្រោងនេះ ខ្ញុំទទួលបានការឧបត្ថម្ភពូជគោទឹកដោះ ម៉ាស៊ីនរឹតទឹកដោះគោ ថវិកាសង់រោងគោ ឡឧស្ម័ន ពូជស្មៅនិងហ្វឹកហាត់ពីបច្ចេកទេសថែទាំនិងរបៀបបង្កាត់ពូជ។ល។ ហេតុនេះ ខ្ញុំយល់ច្បាស់ពីបច្ចេកទេសថែទាំគោ ដូច្នេះ ខ្ញុំមិនរារែកចិញ្ចឹមគោទឹកដោះ ១១ ក្បាល ក្នុងនោះ គោ៦ក្បាលជិតកើតកូន និង៥ក្បាល កំពុងផ្តល់ទឹកដោះ គុណភាពទឹកដោះ ក៏បំពេញតាមតម្រូវការស្តង់ដាររបស់ក្រុមហ៊ុន។ អាស្រ័យចិញ្ចឹមគោទឹកដោះ ទើបគ្រួសារខ្ញុំមានជីវភាពធូរធារ”។ ចំណែកបងស្រី លីធីធូហៀង នៅសង្កាត់ទី១០ ក្រុងសុកត្រាំង ឱ្យដឹង៖ “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ពេលបានគម្រោងឧបត្ថម្ភថវិកាសង់រោងគោ; ពូជគោទឹកដោះ F1 ម៉ាស៊ីនរឹតទឹកដោះគោ ជំនួយថវិកាធ្វើឡឧស្ម័ន ជួយណែនាំពីបច្ចេកទេសចិញ្ចឹម។ល។ ដូច្នេះ ខ្ញុំមិនរារែកក្នុងការពង្រីកទ្រង់ទ្រាយចិញ្ចឹម។ បច្ចុប្បន្ន គ្រួសារខ្ញុំមានហ្វូងគោទឹកដោះ ២០ ក្បាល ក្នុងនោះ មាន៨ក្បាលកំពុងផ្តល់ទឹកដោះរាល់ថ្ងៃ ខ្ញុំដាំស្មៅ ១០កុង ដើម្បីធានាប្រភពចំណីបានគ្រប់គ្រាន់។ រក្សាអនាម័យរោងគោជ្រះស្អាត ស្រឡះស្រឡំ មុនពេលយកទឹកដោះត្រូវអនាម័យរោងនិងគោឱ្យបានស្អាតបាត ធុងដាក់ទឹកដោះក៏ត្រូវលាងឱ្យជ្រះស្អាត ទឹកដោះធានាគុណភាពទើបលក់បានថ្លៃ។ អាស្រ័យចិញ្ចឹមគោទឹកដោះ ទើបជីវភាពគ្រួសារខ្ញុំឈានឡើងធ្វើមាន”។
តាមប្រសាសន៍លោក ត្រឹងវ៉ាន់ដោម នាយករងគណៈគ្រប់គ្រងគម្រោង ការចិញ្ចឹមគោនៅក្នុងខេត្តកំពុងអភិវឌ្ឍតាមទិសដៅពង្រីកហ្វូងគោជាលក្ខណៈគ្រួសារ។ គម្រោងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោះស្រាយការងារធ្វើជូនពលករជនបទ កាត់បន្ថយភាពក្រីក្រដោយចីរភាព៕
យ្វីអាញ-មុនី