នៅឆ្នាំ២០២០ មណ្ឌលអគាររំលឹកគុណវីរយុទ្ធជនពលីនៃកងពលតូចកាំភ្លើងធំលេខ៦ - យោធភូមិភាគ៩ ស្ថិតនៅទីតាំងសមរភូមិវិញចែវពីអតីតកាល គឺនៅភូមិ៦ ឃុំវិញទ្វឹងតី ស្រុកវីធ្វី ខេត្តហូវយ៉ាង ត្រូវបានចាប់ផ្ដើមសាងសង់។ ចូលទស្សនាមណ្ឌលរំលឹកគុណក្នុងអំឡុងខែធ្នូ ខ្ញុំកាន់តែនឹកស្រណោះចំពោះយុទ្ធជនពលីនិងមោទនភាពចំពោះយុគសម័យដ៏អង់អាចប្រឆាំងនឹងសត្រូវឈ្លានពាននៃប្រជាជាតិយើង។
រូបថតមួយចំនួននៅក្នុងមណ្ឌលរំលឹកគុណ។
នៅពេលខេត្តហូវយ៉ាង កសាងសម្រេចដងផ្លូវខេត្តលេខ៩៣០ តភ្ជាប់ពីផ្លូវជាតិលេខ៦១C ទៅកាន់ទីប្រជុំជនវិញវៀង ផ្លូវមកកាន់មណ្ឌលរំលឹកគុណក៏មានភាពងាយស្រួលផងដែរ។ តាមរយៈវត្ថុតាំងនានាដែលបានរក្សាទុកក្នុងអគារដាក់តាំង និងការរៀបរាប់របស់សាក្សីប្រវត្តិសាស្រ្ត យើងអាចនឹងស្មានក្នុងចិត្តចំពោះការប្រយុទ្ធនៃកងកាំភ្លើងធំវិញចែវ នៅថ្ងៃ ២៩-១២-១៩៧៤។ នៅទីនេះ កងពលតូចកាំភ្លើងធំលេខ៦-យោធភូមិភាគ៩ បានទទួលបញ្ជា សហការជាមួយនឹងអង្គភាពថ្មើរជើងមួយ ដើម្បីពួនស្ទាក់វាយសត្រូវ។ ជាអកុសល ដោយសារភូមិសាស្រ្តប្រយុទ្ធមិនអំណោយផល ព័ត៌មានទាក់ទងមានភាពរអាក់រអួល ម្ល៉ោះហើយកងពលតូចកាំភ្លើងធំលេខ៦ ទទួលរងខាតបង់យ៉ាងធំចំពោះមនុស្សនិងសព្វាវុធ។ តាមរយៈប្រភពឯកសារប្រវត្តិសាស្រ្ត កងពលតូចកាំភ្លើងធំលេខ៦ មានកម្មាភិបាល យុទ្ធជនពលីជីវិត៥១នាក់ និងកាំភ្លើងគ្រប់ធុនជិត៣០ដើម (ÐKZ, ១២,៧mm, B៤០, B៤១, កាំភ្លើងយន្តធុនកណ្ដាល) ធ្លាក់ក្នុងដៃសត្រូវ។
ការប្រយុទ្ធនេះ បានបង្ហាញឱ្យឃើញនូវការបាត់បង់ដែលប្រជាជាតិយើងទទួលរង ដើម្បីប្ដូរបានសន្ដិភាពដូចសព្វថ្ងៃ។ ចំពោះយុទ្ធជនដែលពលីគប្បីបានលើកតម្កើងកេរ្ដិ៍ឈ្មោះដើម្បីឱ្យកូនចៅយល់ដឹងនិងគោរពឱ្យតម្លៃពីភាពសុខសាន្តនាសព្វថ្ងៃ។ ដូច្នោះ ដើម្បីរំលឹកដល់យុទ្ធជនពលី៥១នាក់ដែលបានពលីជីវិតនៅវិញចែវ និងវីរយុទ្ធជន យុទ្ធជនពលីនៃកងពលតូចកាំភ្លើងធំលេខ៦ - យោធភូមិភាគ៩ គណៈកម្មការទំនាក់ទំនងប្រពៃណីនៃកងពលតូចកាំភ្លើងធំលេខ ៦- យោធភូមិភាគ៩ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ត្រឹងវ៉ាន់នៀង អតីតមេបញ្ជាការរងយោធភូមិភាគ៩ អតីតប្រធានកងពលតូចកាំភ្លើងធំលេខ ៦ ធ្វើការកៀរគរថវិកាបានជាង២១ ពាន់លានដុង ដើម្បីសាងសង់មណ្ឌលអគាររំលឹកគុណវីរយុទ្ធជនពលីនៃកងពលតូចកាំភ្លើងធំលេខ៦ - យោធភូមិភាគ៩ ស្ថិតនៅទីតាំងសមរភូមិវិញចែវ កាលពីអតីតកាល។ សំណង់បានចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២០ មានផ្ទៃដីសរុប៥.០០០ម២ រួមមានផ្នែកសំណង់មួយចំនួនដូចជា៖ ខ្លោងទ្វារ ទីធ្លា ស្រះទឹក ស្ពានកញ្ចក់ ចម្ការឈើអនុស្សាវរីយ៍ អគារតាំងពិព័រណ៍ អគារសិលាចារឹក អគារជួង អគារគោរពបូជា។ល។
សំណង់មណ្ឌលអគាររំលឹកគុណ បានសម្ពោធជាផ្លូវការក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២២។ ដូច្នោះហើយ ក្នុងអំឡុងខែធ្នូនេះ បើមានឱកាសបានមកកាន់ខេត្តហូវយ៉ាង លោកអ្នកគួរតែអញ្ជើញមកទីនេះអុជធូបនឹកដល់ដួងវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី៥១នាក់ ដែលបានពលីជីវិតក្នុងសមរភូមិវិញចែវ៕
ហាថាញ - ថាច់ធី