ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ទើបរៀបចំកិច្ចប្រជុំបូកសរុបការងាររៀបចំសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅដំណាក់កាល ២០២០-២០២៤ និងត្រៀមលក្ខណៈសម្រាប់សម័យប្រឡងចាប់ពីឆ្នាំ២០២៥នេះទៅ។ ក្នុងនោះ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ២០២៥ នឹងមានការផ្លាស់ប្ដូរច្រើន។
បេក្ខជនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំសិក្សា ២០២៣-២០២៤។ រូបថតៈ លីធាន
ឆ្នាំ២០២៥ ជាឆ្នាំដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ អនុវត្តតាមកម្មវិធីអប់រំចំណេះទូទៅឆ្នាំ២០១៨។ ទន្ទឹមនឹងការយកលទ្ធផលពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅ លទ្ធផលនៃការប្រឡង ក៏សំដៅផ្គត់ផ្គង់ដល់គ្រឹះស្ថានអប់រំ មហាវិទ្យាល័យអប់រំវិជ្ជាជីវៈ ប្រើប្រាស់សម្រាប់ការជម្រើសសិស្ស។ នៅសម័យប្រឡងនេះ បេក្ខជននឹងប្រឡង៤វិញ្ញាសា ក្នុងនោះ វិញ្ញាសាចាប់បង្ខំចំនួន២ គឺគណិតវិទ្យា អក្សរសាស្រ្ត និងវិញ្ញាសាជ្រើសរើសចំនួន២ ក្នុងចំណោមវិញ្ញាសាសិក្សាថ្នាក់ទី១២ រួមមាន៖ ភាសាបរទេស ប្រវត្តិវិទ្យា រូបវិទ្យា គីមីវិទ្យា ភូមិវិទ្យា ជីវវិទ្យា អប់រំសេដ្ឋកិច្ចនិងច្បាប់ព័ត៌មានវិទ្យា បច្ចេទេសកសិកម្ម បច្ចេកទេសឧស្សាហកម្ម។ មុខវិជ្ជាប្រឡងមានការរៀបចំរចនាសម្ព័ន្ធបែបថ្មី បង្កើនកម្រិតបែងចែកដើម្បីបង្កភាពងាយស្រួលសម្រាប់ការងារជម្រើសសិស្ស។
ក្រសួងអប់រំនិងបណ្ដុះបណ្ដាលគ្រោងផ្លាស់ប្ដូររបៀបគិតពិន្ទុវាយតម្លៃបញ្ចប់ការសិក្សា; ក្នុងនោះ ប្រើប្រាស់លទ្ធផលពិន្ទុប្រឡងនិងលទ្ធផលវាយតម្លៃដំណាក់កាលសិក្សារយៈពេល៣ឆ្នាំរបស់សិស្ស តាមអត្រា៥០-៥០; ជាក់ស្ដែងគឺ បង្កើនអត្រាយកលទ្ធផលសិក្សារបស់សិស្សនៅឆ្នាំសិក្សាកម្រិតវិទ្យាល័យ សំដៅវាយតម្លៃគ្រប់ជ្រុងជ្រោយនូវសមត្ថភាពតាមកម្មវិធីអប់រំចំណេះទូទៅថ្មី។ ការប្រើប្រាស់វិញ្ញាបនប័ត្រភាសាបរទេស ដើម្បីលើកលែងការប្រឡងក៏ត្រូវបានអនុវត្ត ប៉ុន្តែមិនប្ដូរទៅជា១០ពិន្ទុ ក្នុងការពិនិត្យទទួលស្គាល់បញ្ចប់ការសិក្សា។ ទន្ទឹមនឹងនោះ ក្រសួងនឹងធ្វើការសិក្សាស្រាវជ្រាវ ដើម្បីឯកភាពនូវខ្លឹមសារអំពីពិន្ទុលើកទឹកចិត្ត មានដូចជាមិនបូកពិន្ទុវិញ្ញាបនប័ត្រវិជ្ជាជីវៈនិងមិនបូកពិន្ទុវិញ្ញាបនប័ត្រព័ត៌មានវិទ្យា ភាសាបរទេស សញ្ញាប័ត្រមធ្យមសិក្សាចំពោះបេក្ខជនសាលាអប់រំជាប្រចាំ។
យោងតាមក្រសួងអប់រំនិងបណ្ដុះបណ្ដាល ដំណាក់កាល២០២៥-២០៣០ សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាចំណេះទូទៅ នៅតែរក្សាដូចដើមគឺ ទម្រង់ប្រឡងលើក្រដាស; បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងផ្នែកនីមួយៗ។ ក្រោយឆ្នាំ២០៣០ ជាជំហានៗនឹងសាកល្បងការប្រឡងលើកុំព្យូទ័រ នៅតាមគ្រឹះស្ថានអប់រំដែលគ្រប់លក្ខណៈ (អាចគួបបញ្ចូល រវាងការប្រឡងលើក្រដាសនិងការប្រឡងលើកុំព្យូទ័រ)។ រហូតដល់គ្រឹះស្ថានអប់រំទាំងអស់ក្នុងទូទាំងប្រទេស មានគ្រប់លក្ខណៈសម្បត្តិរៀបចំការប្រឡងលើកុំព្យូទ័រ នឹងប្ដូរមករៀបចំសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅលើកុំព្យូទ័រចំពោះវិញ្ញាសាប្រឡងតេស្ដ៕
ប្រភពៈ TTXVN - ពេជ្រសឿន