តើលោកអ្នកធ្លាប់ដើរចូលក្នុងបន្ទប់មួយ រួចភ្លេចមិនដឹងតើចូលទៅទីនោះដើម្បីធ្វើអ្វីឬហៀប នឹងនិយាយអ្វីមួយ ប៉ុន្តែបែរជាភ្លេចភ្លាមៗនូវបញ្ហាដែលយើងចង់និយាយ?
ការចងចាំការងារ ឬការចងចាំរយៈពេលខ្លី អាចបណ្តាលឱ្យភ្លេចភ្លាំងភ្លាមៗ។
ខួរក្បាលមនុស្សតែងវិនិច្ឆ័យតុល្យភាព ការទទួលព័ត៌មានដោយរាប់មិនអស់នូវគំនិតនិងទង្វើ ប៉ុន្តែជួនកាលវាហាក់ដូចជារងការប៉ះចរន្តដែរ។ ហេតុនោះ តើមានប្រការអ្វីកើតឡើងនៅពេលដែលយើងភ្លេចនូវប្រការដែលយើងទើបតែគិតដូច្នេះ?
ដើម្បីយល់ តើហេតុអ្វីបានជាយើងភ្លេចដំបូងបង្អស់ចូរស្វែងយល់តើយើងចងចាំយ៉ាងណាជាមុនសិន។ សាស្ត្រាចារ្យចិត្តវិទ្យា Susanne Jaeggi នៅសាកលវិទ្យាល័យ Northeastern ក្រុង Boston សហរដ្ឋអាមេរិក ឱ្យដឹង៖ “ការចងចាំមិនមែនតែមួយបែបនោះទេ ប៉ុន្តែវាមានកត្តាជាច្រើនបង្កើតទៅជាការចងចាំ ហើយកត្តាទាំងនេះសុទ្ធតែទាក់ទងដល់ដំណើរការយល់ដឹងខុសៗគ្នាដែរ”។
យើងគួរគប្បីកត់សម្គាល់ផងដែរថា មានការចងចាំ ២ ប្រភេទគឺ៖ ការចងចាំរយៈពេលវែង និងការចងចាំរយៈពេលខ្លី (ឬហៅថា ការចងចាំការងារ)។
ការចងចាំរយៈពេលវែង គឺជាការចងចាំម្យ៉ាងមានលក្ខណៈទូលំទូលាយ ច្រើនផ្នែក ទាក់ទងដល់ចំណេះដឹង បទពិសោធន៍និងបំណិនបានរក្សាទុកក្នុងខួរក្បាលក្នុងរយៈពេលវែង ចាប់ពីរាប់ម៉ោងរហូតដល់មួយជីវិត; ចំណែកការចងចាំការងារឆ្លងកាត់ចិត្តគំនិតតែពីរបីវិនាទីឬពីរបីនាទីប៉ុណ្ណោះ។
ការចងចាំការងារ ដូចជា “គំនូសគម្រោងនៃគំនិតម្ចាស់ការ” - សាស្ត្រាចារ្យវិទ្យាសាស្រ្តផ្នែកសរសៃប្រសាទ Earl K. Miller នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឱ្យដឹងដូច្នេះ។ រាល់គំរូព័ត៌មានថ្មី រាល់ការសន្ទនាក្នុងផ្លូវចិត្តនិងបញ្ជូនអារម្មណ៍តាមរយៈការចងចាំការងារ និងលក្ខណៈប្រាកដមួយចំនួននៃការចងចាំការងារ អាចវែកញែកបានថា តើហេតុអ្វីយើងអាចភ្លេចនូវគំនិតនិងចេតនាទាំងនេះយ៉ាងឆាប់រហ័សដូច្នេះ។
ដំបូងបង្អស់ ការចងចាំការងារមានដែនកំណត់។ មានមតិផ្សេងៗគ្នា អំពីដែនកំណត់នៃការចងចាំនេះដល់កម្រិតណា ហើយធ្វើយ៉ាងណាដើម្បីពិនិត្យ បញ្ជាក់បាននូវប្រការនេះ ប៉ុន្តែអ្នកចិត្តសាស្រ្តប៉ាន់ស្មានថា មនុស្សម្នាក់ៗអាចចងចាំក្នុងពេលតែមួយបានប្រមាណពី ៤ ដល់ ៧ “ចំណុច” ព័ត៌មានតែប៉ុណ្ណោះ ដូចជាអក្សរ លេខ ពាក្យ ឬឃ្លា។ ជំនួសឱ្យការចងចាំនូវ “ចំណុច” ទាំងអស់នេះក្នុងពេលតែមួយ ខួរក្បាលគិតវិលវល់ពីគំនិតមួយទៅគំនិតមួយទៀត ធ្វើឱ្យដំណើរការគិតវិនិច្ឆ័យព័ត៌មាននេះ ដូចជាមនុស្សរវើរវាយ ជ្រួលច្របល់។
ទីពីរ ខួរក្បាលលុបនូវអ្វីដែលមិនចាំបាច់ចេញពីការចងចាំការងារយ៉ាងឆាប់រហ័ស ដើម្បីយកកន្លែងសម្រាប់ផ្ទុកព័ត៌មានថ្មី។ ហេតុនោះ លុះត្រាតែការចងចាំរយៈពេលខ្លីទាំងនេះ ត្រូវបានផ្ទេរទៅការចងចាំរយៈពេលវែងវិញ បើមិនដូច្នោះទេ វានឹងរសាយបាត់ភ្លាមៗពីគំនិតម្ចាស់ការ។
ចំពោះអ្នកដែលច្រើនតែភ្លេចរហូតដល់ប៉ះពាល់ដល់ជីវភាព គឺអ្នកវិទ្យាសាស្ត្របានផ្តល់ការណែនាំហ្វឹកហាត់មួយចំនួន ដូចខាងក្រោម៖ យើងគប្បីជៀសវាងធ្វើការងារច្រើន គិតច្រើនយ៉ាងក្នុងពេលតែមួយ។ ពេលធ្វើការងារច្រើនក្នុងពេលតែមួយ ដូចជាការហាត់បោះចាប់បាល់ច្រើនផ្លែដូច្នេះ ហេតុនោះងាយនឹងភ្លេចណាស់។ ចំណែកការគិតអំពីអ្វីមួយហើយភ្លេចបាត់ បើចង់ចងចាំឡើងវិញ គឺការបង្កើតស្ថានការណ៍ឡើងវិញអាចជួយដល់លោកអ្នកបាន។ ឧទាហរណ៍ដូចវិលត្រឡប់មកបន្ទប់ដែលលោកអ្នកបានចេញពីនោះ ឬព្យាយាម ចងចាំនូវគំនិតនីមួយៗ។ សកម្មភាពទាំងនេះ អាចបញ្ជូនដល់ខួរក្បាលធ្វើការរំញោចខ្លះៗ ដើម្បីផ្ទៀងផ្ទាត់ឡើងវិញពីរបីវិនាទីជាមុននៃការចងចាំការងារ និងស្តារឡើងវិញនូវគំនិតដែលភ្លេចនោះ៕
យោង៖ តាមកាសែតយឹងទ្រី-វិមាន