បងដោហុងស្វឹង នៅសង្កាត់ឡេប៊ិញ ខ័ណ្ឌកៃរុាំង ក្រុងកឹងធើ បានស្រាវជ្រាវនិងផ្ដើមអាជីពដោយជោគជ័យបានទីផ្សារទទួលយកផលិតផល “ទឹកលាងចានជីវសាស្រ្តពីសំបកផ្លែឈើ Onic”។
បងដោហុងស្វឹង បង្ហាញពីដំណាក់កាលនៃការត្រាំសំបកផ្លែឈើសម្រាប់
ផលិតទឹកលាងចានជីវសាស្រ្ត។
ដើមឆ្នាំ ២០២៣ បងស្វឹង បានស្រាវជ្រាវពិសោធន៍ជាក់ស្ដែងលើកាក់សំណល់សរីរាង្គជាច្រើនប្រភេទពីសំបកក្រូចថ្លុង សំបកម៉ាកប្រាង សំបកក្រូចពោធិ៍សាត់ សំបកក្រូចឆ្មារ សំបកម្នាស់ ។ល។ ដើម្បីស្រាវជ្រាវបង្កើតទឹកលាងចានជីវសាស្រ្ត។ វត្ថុធាតុដើមត្រូវបានលាងជម្រះកម្ចាត់ជាតិកខ្វក់ ដើម្បីដំណាក់កាលឡើងដំបែកាន់តែងាយស្រួល ជៀសវាងធ្វើឱ្យវត្ថុធាតុដើមខូច។ បងស្វឹង ឱ្យដឹង៖ “ចាប់ផ្ដើមធ្វើដំបូង ខ្ញុំបានប្រើប្រាស់ធុងជាច្រើនដាក់ត្រាំសំបកផ្លែឈើដោយឡែកពីគ្នា។ វិធីធ្វើនេះ ជួយខ្ញុំជ្រើសរើសបានវត្ថុធាតុដើមសមស្រប ដើម្បីផលិតជាទឹកលាងចានជីវសាស្រ្តល្អបំផុត។ ឆ្លងតាមរយៈជ្រើសសម្រាំង ខ្ញុំប្រើសំបកក្រូចនិងសំបកម្នាស់សម្រាប់ផលិតទឹកលាងចានជីវសាស្រ្ត”។
បន្ទាប់ពីជ្រើសរើសប្រភេទសំបកផ្លែឈើសមស្រប បងស្វឹង បានត្រាំវាជាមួយនឹងសំបកក្រូចពោធិ៍សាត់ ឬម្នាស់ចំនួន ៣ គីឡូក្រាម រួមជាមួយស្ករពណ៌ត្នោត ១ គីឡូក្រាមនិងទឹកស្អាត។ តាមការរៀបរាប់របស់បងស្វឹង ដំណាក់កាលត្រាំរហូតដល់បង្កើតផលិតផលអាចប្រើប្រាស់បាន ត្រូវចំណាយពេលយ៉ាងហោច ៣ ខែ។ ដំបូងឡើយ ដោយសារមិនទាន់មានបទពិសោធន៍ ផលិតផលដែលផលិតចេញមានធុំក្លិនខ្លាំង ទុកមិនបានយូរ។ មិនរាថយ បងស្វឹង បានអនុវត្តចំណេះដឹងដែលបានរៀនស្វែងយល់ដំណើរការផលិតទឹកលាងចានតាមប្រព័ន្ធអ៊ីនធឺណិត និងពិគ្រោះយោបល់ជាមួយសាស្រ្តាចារ្យសាកលវិទ្យាល័យកឹងធើ ដើម្បីកែលម្អដំណើរការផលិតបន្តិចម្តងៗ។
រហូតមកទល់ពេលនេះ បងស្វឹង ម្ចាស់ការបានដំណើរការផលិតទឹកលាងចាន ហើយត្រូវបានទីផ្សារទទួលយក។ បច្ចុប្បន្ន ជាមធ្យមរៀងរាល់ ៣ ខែម្តង បងស្វឹងផលិតបានទឹកលាងចានជាង ២០០ លីត្រ លក់ក្នុងតម្លៃ ៣០.០០០ ដុង ក្នុង ១ លីត្រ។ តាមប្រសាសន៍បងស្វឹង យោងតាមប្រភេទសំបកផ្លែឈើ គឺរយៈពេលត្រាំនិងឡើងដំបែដោយធម្មជាតិពី ៤០ - ៤៥ ថ្ងៃ ជួនកាលរហូតដល់៣ ខែ។ បច្ចុប្បន្ន ផលិតផលរបស់បងស្វឹង បានលក់ភាគច្រើនទៅកាន់អតិថិជនដែលស្គាល់និងនៅក្នុងសិក្ខាសាលា ឬសន្និសីទវិទ្យាសាស្រ្តលើភូមិសាស្រ្តក្រុង។ ដោយសារជួបលំបាកអំពីប្រភពទុន ដំណើរការផលិតទឹកលាងចានរបស់បងស្វឹង ភាគច្រើនធ្វើដោយដៃ ម្ល៉ោះហើយចំនួនផលិតផលសម្រេចបានមិនច្រើន ហើយចំណាយពេលក៏ច្រើនទៀត។
ចែករំលែកអំពីផែនការក្នុងអនាគត បងស្វឹង ឱ្យដឹង៖ “បច្ចុប្បន្ន និន្នាការនៃការប្រើប្រាស់ផលិតផលធម្មជាតិដោយគ្មានសារធាតុគីមីពុល កំពុងពេញនិយមខ្លាំង។ ប្រសិនបើអាចធ្វើបាន ខ្ញុំនឹងវិនិយោគលើគ្រឿងចក្រ និងឧបករណ៍សម្រាប់ត្រាំនិងចម្រាញ បង្កើនចំនួនផលិតផល។ ទន្ទឹមនឹងនោះ ខ្ញុំដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្ម លក្ខណៈគ្រួសារ ស្លាកសញ្ញាទំនិញ និងនីតិវិធីចាំបាច់ដើម្បីឱ្យផលិតផលមានប្រភព និងពង្រីកទីផ្សារ”៕
កាសែតកឹងធើអនឡាញ - ថាច់ធី