09/09/2024 - 15:46

ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ការ​បង្រៀន​អក្សរ​ខ្មែរ

អង្គ​ភាព​នានា​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង បាន​និង​កំ​ពុង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​សេចក្ដី​សម្រេច​លេខ ៧០៧/​QĐ-UBND របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ម្ល៉ោះ​ហើយ​ការ​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​សា​លា​រៀន​ភូមិ​ស្រុក កាន់​តែ​ព្រមៗ​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រួម​ចំ​ណែក​អភិរក្ស​វប្ប​ធម៌​ខ្មែរ។  

ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​តា​មុំ។ រូប​ថត​ដោយ​សហ​ការី

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង ខេត្ត​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​សម្រេច​លេខ ៧០៧ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង កំ​ណត់​អំពី​ភា​សា​ខ្មែរ​គឺភា​សា​ជន​ជាតិ​ភាគ​តិច​សម្រាប់​បង្រៀន​និង​រៀន​នៅ​តាម​មូល​ដ្ឋាន​អប់រំ​លើ​ភូមិ​សាស្រ្ត។ សេចក្ដី​កំ​ណត់​នេះ ត្រូវ​បាន​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​បន្ទាប់​ពី​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល ផ្សព្វ​ផ្សាយ​ចរា​ចរ​លេខ​៣៤/​២០២០​/TT-BGDĐT ស្ដី​ពី​ការ​ប្រ​កាស​ដាក់​ចេញ​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ភា​សា​បា​ណា ភា​សា​ចាម ភា​សា​អេ​ដេ ភា​សា​ខ្មែរ ភា​សា​ម៉ុង ភា​សា​ព្នង ភា​សា​ថៃ។ ហេតុ​នោះ ភា​សា​ខ្មែរ​គឺ​មុខ​វិជ្ជា​នៅ​ក្នុង​វិស័យ​អប់រំ​ភា​សា ជា​មុខ​វិជ្ជា​ជ្រើស​រើស​ក្នុង​ប្រ​ព័ន្ធ​មុខ​វិជ្ជា។ កម្ម​វិធី​បង្រៀន​អក្សរ​ខ្មែរ ផ្ដោត​លើ​ការ​អភិវឌ្ឍ​សមត្ថ​ភាព​ភា​សា ឆ្លង​តាម​រយៈ​បំ​ណិន​ចំ​នួន​៤៖ ស្ដាប់ សន្ទ​នា អាន​និង​សរ​សេរ សំ​ដៅ​រួម​ចំ​ណែក​អប់រំ​ការ​យល់​ដឹង​ក្នុង​ការ​ថែ​រក្សា អភិ​រក្ស​អភិវឌ្ឍ​ភា​សា វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ សម​ស្រប​ជា​មួយ​នឹង​បណ្ដា​ជន​ជាតិ​ឯ​ទៀត​នៅ​ប្រ​ទេស​វៀត​ណាម។

សិស្ស​ប្រ​ឡង​អាន​អក្សរ​ខ្មែរ ក្នុង​ការ​ប្រ​ឡង​បិទវគ្គ​សិក្សា​រដូវ​វិស្សម​កាល។
រូប​ថត​ដោយ​សហ​ការី

ដើម្បី​រៀប​ចំ​ការ​បង្រៀន​អក្សរ​ខ្មែរ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ខេត្ត​គៀង​យ៉ាង​បាន​ឧបត្ថម្ភ​ថវិកា​ដល់​គ្រូ​បង្រៀន។ គ្រូ​បង្រៀន​អក្សរ​ខ្មែរ រួម​មាន ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ និង​គ្រូ​បង្រៀន​ចូល​និវត្តន៍ បញ្ញ​វន្ត​ចូល​និវត្តន៍​ដែល​ចេះ​អក្សរ​ខ្មែរ។ លោក​យ័ញ​សាង ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​មុំ ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង៖ “មុន​ពេល​ចូល​ឆ្នាំ​សិក្សា ២០២៤​-២០២៥ វត្ត​បាន​រៀប​ចំ​ប្រ​កាស​លទ្ធ​ផល​ដល់​សិស្ស​ដែល​រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្ស​មកាល​ចំ​នួន​២​ថ្នាក់ និង​ជូន​រង្វាន់​ដល់​សិស្ស​ដែល​ទទួល​បាន​លទ្ធ​ផល​ល្អ។ ចាប់​តាំង​ពី​រដ្ឋ​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​គ្រូ​បង្រៀន និង​សប្បុ​រស​ជន​ជំ​នួយ​ប៊ិក សៀវ​ភៅ។ល។ ការ​រៀប​ចំ​បង្រៀន​ក៏​កាន់​តែ​មាន​បែប​បទ។ ពិសេស​នៅ​ពេល​ដែល​មាន​កម្ម​វិធី​បង្រៀន​អក្សរ​ខ្មែរ​ដែល​ក្រ​សួង​អប់រំ​និង​បណ្ដុះ​បណ្ដាល​បាន​កំ​ណត់​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​សេចក្ដី​កំ​ណត់​របស់​ផ្នែក​អប់រំ”។ បង​ស្រី​ធី​ឡេវ នៅ​ភូមិ​ហ្វា​ហើង ឃុំ​ឌិញ​ហ្វា រ៉ាយ​រ៉ាប់៖ “ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ចេះ​ខ្មែរ តែ​មិន​ចេះ​អក្សរ ទើប​ប្ដេជ្ញា​ចិត្ត​ឱ្យ​កូន​ចេះ​និយាយ​និង​ចេះ​អក្សរ​ខ្មែរ។ ព្រោះ​ហេតុ​នោះ យើង​ខ្ញុំ​តែង​ឆ្លៀត​ពេល​ដើម្បី​ជូន​កូន​ទៅ​វត្ត​រៀន”។

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង ក្នុង​ខេត្ត​មាន​២៧​ជន​ជាតិ មាន​ចំ​នួន​មនុស្ស​សរុប​ជាង​១,៧៤​លាន​នាក់ ក្នុង​នោះ ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​១៣,១៩%​នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​ទូទាំង​ខេត្ត។ ជា​ពិ​សេស​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​ទាំង​៧៥ វត្ត ភាគ​ច្រើន​បាន​រៀប​ចំ​បើក​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល។ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ក្នុង​ការ​ថែ​រក្សា​ភា​សា​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ៕

                                                   ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ