អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅស្រុកថ្វយសើុង ខេត្តអាងយ៉ាង បានពង្រីកតួនាទីស្នូលលើគ្រប់វិស័យនៃជីវភាពសង្គម។ ផ្តើមពីនោះ រួមចំណែកកសាងធ្លុងមហាសាមគ្គីជនជាតិ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅក្នុងសហគមន៍។
ជូនអំណោយដល់មាមីងជនជាតិខ្មែរដែលមានជីវភាពខ្វះខាត។
តំណាងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ លោកយ័ញថាញ អនុប្រធានគណៈកម្មការប្រជាជនអនុសង្កាត់តឹងដុង ទីប្រជុំជនអុកអែវ មានប្រសាសន៍៖ “ក្នុងដំណើរការអនុវត្តការងារជនជាតិនៅលើភូមិសាស្រ្តអនុសង្កាត់ តែងមានការគាំទ្រ រួមដំណើរនិងការរួមចំណែកជាវិជ្ជមានរបស់អ្នកមានប្រជាប្រិយ។ ដោយទម្រង់ចលនានិងការងារជាក់ស្តែងជាច្រើន អ្នកមានប្រជាប្រិយបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ អភិវឌ្ឍសេដ្ឋកិច្ចអប់រំកូនចៅ; អភិរក្សនិងពង្រីកតម្លៃសីលធម៌ ទំនៀមទម្លាប់ វប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ”។
តាមប្រសាសន៍ លោកយ័ញថាញ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ត្រូវបានពិនិត្យជ្រើសរើសទៅតាមអាណត្តិនីមួយៗ ហើយត្រូវបានគណៈកម្មាធិការប្រជាជនស្រុកអនុម័តនិងទទួលស្គាល់។ គិតមកដល់ពេលនេះ ចំនួនអ្នកមានប្រជាប្រិយឆ្នើមមាន៤នាក់នៅតាមអនុសង្កាត់ទាំង៤នៃទីប្រជុំជន។ ក្នុងប៉ុន្មានឆ្នាំមកនេះ គណៈកម្មាធិការទីប្រជុំជននិងអនុសង្កាត់តឹងដុង តែងយកចិត្តទុកដាក់ចំពោះការងារជនជាតិនិងបង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយក្នុងសហគមន៍ជនជាតិភាគតិច។
ជារៀងរាល់ឆ្នាំ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច តែងសកម្មម្ចាស់ការផ្សព្វផ្សាយ អនុវត្តនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋនៅអនុសង្កាត់តឹងដុង។ “តាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនទីប្រជុំជន អំពីការជ្រើសរើសគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារទើបចាកផុតពីភាពក្រីក្រនៅលើភូមិសាស្រ្ត ដើម្បីចូលរួមគម្រោងឧបត្ថម្ភការផលិត ចាកផុតពីភាពក្រីក្រដោយចីរភាព ចំណុះកម្មវិធីទិសដៅជាតិកាត់ បន្ថយភាពក្រីក្រដោយចីរភាព អនុសង្កាត់បានរួមជាមួយសាខាសមាគមនិងអ្នកមានប្រជាប្រិយលើភូមិសាស្រ្ត ធើ្វការពិនិត្យ ចលនានិងធើ្វបញ្ជីឈ្មោះ (រួមមាន៤៨គ្រួសារនៅអនុសង្កាត់តឹងដុង និង៥គ្រួសារនៅអនុសង្កាត់ទ្រុងសើុង) ដើម្បីចូលរួមទម្រង់ឧបត្ថម្ភការផលិត ដូចជា៖ ចិញ្ចឹមគោសាច់ចាកផុតពីភាពក្រីក្រដោយចីរភាព ឧបករណ៍ភ្លេងសម្រាប់បម្រើសកម្មភាពវប្បធម៍ សិល្បៈនិងត្បាញហូលខ្មែរ សរុបទឹកប្រាក់ជាង១,២ពាន់លានដុង” - អនុប្រធានគណៈកម្មការប្រជាជនអនុសង្កាត់តឹងដុង លោកយ័ញថាញ បានផ្តល់ព័ត៌មានដូច្នេះ។
អ្នកមីងម៉ាយធីសន នៅអនុសង្កាត់តឹងដុង ឱ្យដឹង៖ “ខ្ញុំចាស់ហើយ គ្មានការងារធ្វើលំនឹង។ អាស្រ័យបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជួយឧបត្ថម្ភបើកថ្នាក់បង្រៀនត្បាញហូលបែបនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ក្នុងពេលសិក្សា ខ្ញុំតែងព្យាយាមរៀនសូត្រ ដើម្បីថ្ងៃក្រោយអាចជួយបង្រៀនបន្តដល់កូនចៅខ្មែរ”។
ថ្នាក់ត្បាញហូលខ្មែរកម្រិតបឋម បានបើកកាលពីខែធ្នូ ឆ្នាំ២០២៣។ ថ្នាក់រៀនបានផ្តល់ចំណេះដឹងមូលដ្ឋានដល់សិក្ខាកាមអំពីរបរត្បាញហូល ដូចជា៖ រវៃសូត្រ ឡើងគ្រោង រចនាក្បាច់និងត្បាញ ព្រមទាំងចំណេះដឹងស៊ីជម្រៅបន្ថែមអំពីរបរត្បាញហូលរបស់ជនជាតិខ្មែរ។ នេះមិនត្រឹមតែជាឱកាសសម្រាប់សិក្ខាកាមបង្កើនជំនាញត្បាញហូលប៉ុណ្ណោះទេ ថែមទាំងជួយឱ្យសិក្ខាកាមអាចត្បាញដោយខ្លួនឯងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង៕
យោងតាម៖ កាសែតអាងយ៉ាង -សុផន