- គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបតែចេញផែនការរៀបចំសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤។ យោងតាមផែនការ សម័យប្រឡងនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះ ថ្ងៃទី ២៧ និង២៨ ខែមិថុនា នឹងប្រឡង៥វិញ្ញាសា គឺ៖ អក្សរសាស្ត្រ គណិតវិទ្យា ភាសាបរទេស វិទ្យាសាស្ត្រធម្មជាតិ (រួមមាន រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា) និងវិទ្យាសាស្ត្រសង្គម (រួមមាន ប្រវត្តិវិទ្យា ភូមិវិទ្យាអប់រំពលរដ្ឋ )។
សិស្សថ្នាក់ទី ១២ នៅវិទ្យាល័យត្រឹងដាយង៉ៀ ចូលរួមប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដែលមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ រៀបចំឡើងកាលពីថ្ងៃទី ១៧ និង ១៨ ខែ ឧសភា។ រូប៖ B.NG
ក្រុមប្រឹក្សាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ អាស្រ័យមន្ទីរអប់រំនិងបណ្តុះបណ្តាល ដឹកនាំរៀបចំឱ្យបេក្ខជនទាំងអស់ចុះឈ្មោះប្រឡងនៅក្រុងកឹងធើ។ នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាល បានចេញសេចក្តីសម្រេចបង្កើតក្រុមប្រឹក្សាប្រឡងនិងគណៈកម្មការរបស់ខ្លួន។ ដោយផ្អែកលើចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡង លក្ខណៈនៃមូលដ្ឋានសម្ភារៈ ការធ្វើដំណើររបស់បេក្ខជនប្រឡង និងលក្ខណៈធានាសន្តិសុខ សុវត្ថិភាព មន្ទីរអប់រំនិងបណ្តុះបណ្តាល បានកសាងគម្រោងនៃសម័យប្រឡងលើកជូនគណៈកម្មាធិការប្រជាជនក្រុងផ្តល់សច្ចានុម័តិ។ ទន្ទឹមនឹងនេះ មន្ទីរអប់រំនិងបណ្តុះបណ្តាល ដឹកនាំនិងសហការជាមួយស្ថាប័នដែលពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនក្រុង ដើម្បីបង្កើតគណៈកម្មការដឹកនាំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤; ដឹកនាំនិងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឃោសនា ផ្សព្វផ្សាយពីបទប្បញ្ញត្តិនៃលក្ខន្តិកៈប្រឡងនិងឯកសារណែនាំសម័យប្រឡងរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល លើបណ្តាញសារព័ត៌មានឱ្យបានពេញលេញនិងទាន់ពេលវេលាដល់អង្គភាពដែលមានបេក្ខជនប្រឡង និងបេក្ខជនដែលចុះឈ្មោះចូលរួមប្រឡង។ល។
* ការប្រឡងឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែមិថុនាដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៤។ នៅក្រុងកឹងធើ មានបេក្ខជនចំនួន ១២.៨៨៧នាក់ បានចុះឈ្មោះប្រឡង (បេក្ខជនប្រឡងមានការកើនឡើងជាង ៨០០ នាក់ បើធៀបនឹងឆ្នាំ ២០២៣); ក្នុងនោះមានបេក្ខជន ១០.៩២៣នាក់ ដែលកំពុងសិក្សាថ្នាក់ទី ១២ និងមានបេក្ខជន ៩៩២នាក់ សិក្សាតាមប្រព័ន្ធអប់រំជាប្រចាំ ក្រៅពីនេះគឺបេក្ខជនស្វៃរិន។ ដើម្បីត្រៀមឱ្យសម័យប្រឡងក្រុងកឹងធើគ្រោងនឹងរៀបចំមណ្ឌលប្រឡងចំនួន២៥កន្លែង (ដោយមានបន្ទប់ប្រឡងចំនួន៥៤៩បន្ទប់) និងរៀបចំមណ្ឌលប្រឡងទុកបម្រុងចំនួន៩កន្លែង នៅខណ្ឌ ស្រុកចំនួន៩ទៀត។
បច្ចុប្បន្ន មន្ទីរ គណៈ ផ្នែក អង្គការមហាជនក្រុងបានម្ចាស់ការរៀបចំគ្រប់លក្ខណ សម្បត្តិ និងប្រភពកម្លាំងបម្រើដល់សម័យប្រឡង។ នគរបាលក្រុងនឹងបញ្ជូនកងកម្លាំងជាង ១២០នាក់ ទៅចូលរួមបម្រើសម័យប្រឡង។ ផ្នែកសុខាភិបាល ចង្អុលការដល់មន្ទីរពេទ្យទាំងឡាយ និងមជ្ឈមណ្ឌលសុខាភិបាលគ្រប់ ខណ្ឌ ស្រុក ត្រៀមរៀបចំកម្លាំងសម្រាប់ការថែទាំសុខភាពជូនកម្មាភិបាលត្រួតពិនិត្យការប្រឡង បេក្ខជនប្រឡង បង្ការជំងឺឆ្លងរាលដាលនិងធានាសុវត្ថិភាពចំណីអាហារ។ ផ្នែកអប់រំនិងបណ្តុះបណ្តាល បានចុះត្រួតពិនិត្យ ការងាររៀបចំនៅតាមគ្រឹះស្ថានអប់រំ ដូចជា ការរំលឹកមេរៀនដល់សិស្ស ការត្រៀមបម្រុងមូលដ្ឋានសម្ភារៈនិងគ្រឿងបរិក្ខារចាំបាច់នានា នៅតាមមណ្ឌលប្រឡងនីមួយៗ ក៏ដូចជាអនុវត្តល្អនូវការធ្វើតេស្តរួមរបស់គ្រឹះស្ថានអប់រំនិងការធ្វើតេស្ត ប្រឡងសាកល្បងតាមកិច្ចចង្អុលការរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាលជាដើម៕
ប៉ិចង៉ុក - បកប្រែ៖ សុផន