03/06/2024 - 15:58

ប្រ​យ័ត្ន​ប្រ​យែង​ពេល​លេង​តុងទីន

ថ្មី​ៗ​នេះ​ មាន​មុខ​សញ្ញា​មួយ​ចំ​នួន​នៅ​ខេត្ត​បាក​លីវ​ បាន​ឆ្លៀត​យក​ការ​ឆាប់​ជឿរបស់​ប្រ​ជា​ជន​ បាន​រៀប​ចំ​បង្កើត​តុង​ទីន​ដោយ​លួង​លោម​ថា​ ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​ ដើម្បី​ឆបោក​ទ្រព្យ​សម្បត្តិ​ ធ្វើ​ឱ្យ​អ្នក​លេង​តុង​ទីន​ជា​ច្រើន​នាក់​បាត់​បង់​ប្រាក់​ទាំង​ស្រុង…។​

ស្ថាប័ន​នគរ​បាល​សើុប​អង្កេត​ ប្រ​កាស​សេចក្តី​សម្រេច​ផ្តើម​នីតិ​វិធី​ចាប់​ឃាត់​ខ្លួន​
បណ្តោះអាសន្នមុខសញ្ញាឡឹមធីតាម។

ជា​ធម្ម​តា​ ការ​លេង​តុង​ទីន​មិន​មែន​ជា​ការ​ខុស​ច្បាប់​នោះ​ទេ​ ប្រ​សិន​បើ​វាដំ​ណើរ​ការ​ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់​ ជា​រូប​ភាព​ សន្សំ​សំ​ចៃ​មួយ​មាន​ចំ​ណេញ។​ តាម​ពិត​ទៅ​ មាន​មុខ​សញ្ញា​មួយ​ចំ​នួន​ឆ្លៀត​យក​ការ​លេង​តុង​ទីន ដើម្បី​ឆបោក​ទ្រព្យ​សម្បត្តិ​ ធ្វើ​ឱ្យ​អ្នក​លេង​តុង​ទីន​ជា​ច្រើន​នាក់​បាត់​បង់​ប្រាក់​ទាំង​ស្រុង​ ពុំ​នោះ​សោត​ធ្លាក់​ក្នុង​ស្ថាន​ភាព​ជាប់​បំ​ណុល​វ័ណ្ឌក។​ ទោះ​បី​ស្ថាប័ន​សមត្ថ​កិច្ច​បាន​ផ្សព្វ​ផ្សាយ​ រំលឹក​ជារឿយ​ៗ​ ប៉ុន្តែ​ នៅ​តែ​កើត​មាន​ករណី​បែក​តុង​ទីន​ជា​ច្រើន​ករណី ជា​មួយ​នឹង​ទឹក​ប្រាក់​ឆបោក​ឡើង​ដល់​រាប់​សិប​ពាន់​លាន​ដុង​។​ ចាប់​ពី​ឆ្នាំ​២០២៣ រហូត​មក​ទល់​ពេល​នេះ​ នគរ​បាល​ខេត្ត​បាក​លីវ​ បាន​ទទួល​ពាក្យ​បណ្តឹង​ សើុប​អង្កេត​ ចាត់​ការ​១២​ករណី​ឆបោក​ទ្រព្យ​សម្បត្តិ​ដោយ​រូប​ភាព​លេង​តុង​ទីន ធ្វើ​ឱ្យ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ប៉ាន់​ស្មាន​ជាង​៨០​ពាន់​លាន​ដុង។​

ជាក់​ស្តែង​ ដូច​ជា​ករណី​ឆបោក​ដែល​ប្រ​ព្រឹត្ត​ដោយ​មុខ​សញ្ញា​ ឡឹម​ធីតាម ធ្វើ​មេតុង​ទីន​ជាង​ ១៤​ឆ្នាំ​ នៅ​ឃុំ​វិញ​ត្រាច់ ក្រុង​បាក​លីវ។​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២១ ដោយ​សារ​គ្មាន​លទ្ធ​ភាព​បង់​បង្រ្គប់​ប្រាក់​ដែល​ជំ​ពាក់​អ្នក​លេង​ គាត់​ក៏​បាន​ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​ចូល​រួម​លេង​តុង​ទីន​ចំ​នួន​៣៥​ខ្សែ​ ដើម្បី​ប្រ​មូល​លុយ​និង​លក់​ចំ​ណែក​តុង​ទីន​ដែល​ប្រើ​ឈ្មោះ​ក្លែង​ក្លាយ​ដល់​អ្នក​លេង​ក្នុង​ក្រុម​ដែល​ខ្លួន​ធ្វើ​មេចំ​នួន​៨​ខ្សែ​ ឆ្លង​តាម​រយៈ​នោះ​ គាត់​ឆ​បោក​ប្រាក់​ជាង​១,៦ ពាន់​លាន​ដុង​។​ នៅ​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ស្ថា​ប័ន​ប៉ូលិស​សើុប​អង្កេត​នគរ​បាល​ខេត្ត​បាក​លីវ​ បាន​អនុវត្ត​សេចក្តី​សម្រេច​តាម​សាល​ក្រម​បណ្ដឹង​ ចាប់​ឃាត់​ខ្លួន​បណ្តោះ​អា​សន្ន​ មុខ​សញ្ញា​ឡឹម​ធី​តាម ដើម្បី​សួរ​ចម្លើយ​និង​ចាត់​វិធាន​ការ​ពី​បទ​ល្មើស​ “ឆបោក​កិប​កេង​ទ្រព្យ​សម្បត្តិ​”។​

ថ្មី​ៗ​នេះ​ តុលា​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ បាន​ប្រ​កាស​សាល​ក្រម​ពិន័យ​ជន​ជាប់​ចោទ​ ង្វៀង​ស្វឹង​ថាវ (អា​យុ​ ៤៣ឆ្នាំ​ នៅ​ទីប្រ​ជុំ​ជន​រាញ់​ហាវ ស្រុក​ដុង​ហាយ) ឱ្យ​ជាប់​ពន្ធ​ធនា​គារ​អស់​មួយ​ជីវិត​ពី​បទ​ល្មើស​ “ឆបោក​ កិប​កេង​ទ្រព្យ​សម្បត្តិ​” និង​បង្ខំ​ឱ្យ​ជន​ជាប់​ចោទ​ត្រូវ​សង​ប្រាក់​ទៅ​ជន​រង​គ្រោះ​វិញ។​

ជន​ជាប់​ចោទ​ថាវ រៀប​ចំ​បើក​តុង​ទីន និង​ធ្វើ​មេតុង​ទីន​លើ​ភូមិ​សាស្ត្រ​ស្រុក​ដុង​ហាយ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០២២។​ នៅ​ឆ្នាំ​២០២១  ដោយ​សារ​តែ​គ្មាន​លុយ​សង​បំ​ណុល​តុង​ទីន ថាវ បាន​ឆ្លៀត​ឱកាស​ដោយ​ឃើញ​ថា​ អ្នក​លេង​តុង​ទីន​ដែល​មាន​សេដ្ឋ​កិច្ច​ធូរ​ធារ​ ច្រើន​តែ​ចូល​រួម​ចិញ្ចឹម​តុង​ទីន​ដើម្បី​ទទួល​បាន​ប្រាក់​ចំ​ណេញ​ មិន​សួរ​រក​បញ្ជី​ឈ្មោះ​អ្នក​លេង​តុង​ទីន មិន​ចាប់​អា​រម្មណ៍​ពី​អ្នក​លេង​តុង​ទីន​ជា​មួយ​គ្នា​ឡើយ​ ហើយ​មិន​ក៏​ខ្វល់​ថា​អ្នក​ណា​ខ្លះ​ដែល​បាន​ដេញ​ហើយ​ (ដែល​ហៅ​ថា​ ងាប់​នោះ​)។​ សម្រាប់​តុង​ទីន​៣​ខ្សែ​ដែល​មិន​ទាន់​ចប់​ គឺ​គ្មាន​រៀប​ចំ​បើក​ហៅ​ដេញ​ថ្លៃ​ឡើយ​ គ្រាន់​ផ្ញើ​បណ្ដាំ​ប៉ុណ្ណោះ​ មួយ​ខ្សែ​មាន​២៦​ក្បាល​ កន្លះ​ខែ​បើក​ម្តង​ ចំ​នួន​ប្រាក់​បង់​តុង​ទីន​កំ​ណត់​ច្បាស់​លាស់។​ រហូត​ដល់​ថ្ងៃ​៤ ខែ​ឧសភា​ ឆ្នាំ​២០២២ ថាវ បាន​ប្រ​កាស​ក្ស័យ​តុង​ទីន ឆបោក​ប្រាក់​បង់​តុង​ទីន​៣​ខ្សែ​របស់​អ្នក​លេង​៤៥​នាក់ សរុប​ជា​ទឹក​ប្រាក់​ជាង​៣៧,៥​ពាន់​លាន​ដុង។​

លោក​វរសេនី​យ៍ត្រី​ ទ្រឿង​មិញ​ដឿង អនុប្រ​ធាន​ការិ​យា​ល័យ​ស្ថាប័ន​ប៉ូលិស​សើុង​អង្កេត​នគរ​បាល​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “ជាក់​ស្តែង​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ ការ​លេង​តុង​ទីន​ប្រ​ឈម​នឹង​ហា​និភ័យ​ខ្ពស់​ ពី​ព្រោះ​អ្នក​លេង​តុង​ទីន ភាគ​ច្រើន​គឺ​ស្គាល់​គ្នា​និង​រស់​នៅ​ក្នុង​ភូមិ​ភាគ​ជា​មួយ​គ្នា​ ដូច្នេះ​ហើយ​ ទើប​ពួក​គាត់​ជឿ​ជាក់​ទៅ​លើ​មេ​តុង​ទីន ដោយ​មិន​ស្វែង​យល់​ពី​ខ្សែ​តុង​ទីន ហើយ​ក៏​មិន​ទៅ​បើក​តុង​ទីន​ដោយ​ផ្ទាល់​ ការ​ប្រ​មូល​និង​ប្រ​គល់​ប្រាក់​តុង​ទីន គឺ​អា​ស្រ័យ​ទៅ​លើ​មេ​តុង​ទីន​ជា​អ្នក​អនុវត្ត។​ ទាំង​នេះ​ជា​ការ​បង្កើត​ចន្លោះ​ប្រ​ហោងដោយ​អចេតនា​សម្រាប់​មេតុង​ទីន​ប្រ​ព្រឹត្ត​ទង្វើ​មិន​ស្មោះ​ ឆបោក​ទ្រព្យ​សម្បត្តិ។​ ទង្វើ​ប្រ​ព្រឹត្ត​បទ​ឆបោក​តុង​ទីន ប្រ​សិន​បើ​គ្រប់​កត្តា​ជា​បទ​ល្មើស​ នឹង​ត្រូវ​ស្ថា​ប័ន​សមត្ថ​កិច្ច​ផ្តន្ទាទោស​ព្រហ្ម​ទណ្ឌ។​ ទន្ទឹម​នឹង​នោះ​ ជន​ល្មើស​នឹង​ត្រូវ​អនុវត្ត​វិធាន​ការ​ជម្នះ​ផល​វិបត្តិ​គឺសង​ប្រាក់​ចំ​ណេញ​មក​វិញ​តាម​ច្បាប់”៕​

                                                យ្វីអា​ញ- បកប្រែ៖ មុនី​

ចែករំលែកអត្ថបទ