មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/06/2024 - 15:58

ទម្រង់​សេដ្ឋ​កិច្ច​ទីក្រុង​មាន​ប្រ​សិទ្ធ​ភាព​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជា​មួយ​នឹង​ស្មារតី​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មាន​យុវ​ជន​ជា​ច្រើន​នៅ​ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ បាន​នាំ​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កសិកម្ម​ទីក្រុង។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជ្រើស​រើស​បង្កើត​ទម្រង់​សេដ្ឋ​កិច្ច​ សម​ស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។​

ទម្រង់​ធ្វើ​អា​ជីវ​កម្ម​ដើម​ដំ​បង​យក្ស​លម្អ​ ជួយ​ឱ្យ​បង​ថាយ​ដាក់​ត្រុង រក​បាន​ប្រាក់​
ចំណូលប្រមាណ ៥០ លានដុងក្នុងមួយខែ។

ដាំ​ដើម​ដំ​បង​យក្ស - រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​

ដើម​ដំ​បង​យក្ស ជា​រុក្ខ​ជាតិ​លម្អ​មួយ​ប្រ​ភេទ​ បាន​មនុស្ស​ជាច្រើន​ជ្រើស​ទិញ​សម្រាប់​ដាក់​តាំង​លម្អ​ ឬ​ក៏​ជូន​ជា​វត្ថុ​អនុស្សាវ​រីយ៍។​ ចាប់​យក​បាន​និន្នា​ការ​នេះ​ ឆ្នាំ​២០១៩ បង​ថាយ​ដាក់​ត្រុង នៅ​សង្កាត់​ចូវ​វ៉ាន់​លីម ផ្តើម​អា​ជីព​ជា​មួយ​ទម្រង់​ធ្វើ​អា​ជីវ​កម្ម​ដើម​ដំ​បង​យក្សលម្អ​។​ ជា​មួយ​នឹង​ការ​ឧស្សាហ៍​ព្យា​យាម​ និង​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​ធ្វើ​អា​ជីវ​កម្ម​ មក​ទល់​ពេល​នេះ​ បង​ត្រុង បាន​បង្កាត់​ពូជ​ដើម​ដំ​បង​យក្ស​លម្អ​រាប់​ពាន់​ដើម​ រក​បាន​ប្រាក់​ចំ​ណូល​រាប់​សិប​លាន​ដុង​ក្នុង​មួយ​ខែ។​

បង​ត្រុង រៀប​រាប់​នៅ​ឆ្នាំ​ ២០១៩ គាត់​បាន​ទិញ​ពូជ​ដើម​ដំ​បង​យក្ស​ចំ​នួន​ ១០ ដើម​ ដោយ​តម្លៃ​ ៥០០​.០០០ ដុង​ យក​មក​ដាំ​សាក​ល្បង។​ បង​ត្រុង ឱ្យ​ដឹង៖ “ដំ​បូង​ ដោយ​សារ​ពុំ​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​ការ​ថែទាំ​ ដូច្នេះ​ ដើម​ដំ​បង​យក្ស មាន​ការ​លូត​លាស់​យឺត​ ដើម​ខ្លះ​រលួយ​ឫស​ងាប់​ ក៏​សឹង​មាន។​ ខ្ញុំ​បាន​សិក្សា​ស្រាវ​ជ្រាវ​បទ​ពិសោធន៍​ពី​ការ​ដាំ​ដើម​ដំ​បង​យក្ស​តាម​បណ្តាញ​សង្គម​ ដើម្បី​ស្វែង​រក​មូល​ហេតុ​និង​កែ​លម្អ​វា ទើប​ដើម​ដំ​បង​យក្ស​ឆាប់​លូត​លាស់​និង​ចេញ​កូន​ច្រើន”។​ ក្រោយ​ពី​ថែទាំ​បាន​ ១ ឆ្នាំ​ បង​ត្រុងបំ​បែក​កូន​បាន​២០០ ដើម​សម្រាប់​ដាំ។​ ដោយ​ឃើញ​កូន​ដុះ​មាន​ចំ​នួន​ច្រើន​ បង​ត្រុង​ពង្រីក​ផ្ទៃ​ដី​ដាំ​ឡើង​ដល់​ ២០០ ម៉ែត្រ​ការ៉េ​ ហើយ​បាន​វិនិ​យោគ​សាង​សង់​រោង​កញ្ចក់​ ដោយ​ចំ​ណាយ​ថវិកា​ប្រ​មាណ​ ២០ លាន​ដុង​ ដើម្បី​ធ្វើ​អា​ជីវ​កម្ម​ទម្រង់​ដាំ​ដើម​ដំ​បង​យក្ស។​

ដើម្បី​ពង្រីក​ការ​ធ្វើ​អា​ជីវ​កម្ម​ ឆ្នាំ​ ២០២១ បង​ ត្រុង​បាន​ជួល​ផ្ទៃ​ដី​ទំ​ហំ​ ១.០០០ ម៉ែត្រ​ការ៉េ​ក្បែរ​ផ្លូវ​ជាតិ​លេខ​ ៩១ នៅ​សង្កាត់​ចូវ​វ៉ាន់​លីម ខណ្ឌ​អូរ​ម៉ូង​ ដើម្បី​សាង​សង់​រោង​កញ្ចក់​សម្រាប់​ដាំ​និង​បើ​ក​ហាង​លក់​ដើម​ដំ​បង​យក្ស។​ បច្ចុប្បន្ន​ ចំ​នួន​ដើម​ដំ​បង​យក្សត្រូវ​បាន​បង្កាត់​ពូជ​ប្រ​មាណ​ ១០.០០០ ដើម​ មាន​ច្រើន​ប្រ​ភេទ​ ដូច​ជា​៖ gymlem, gymnocalycium, aster, echino, lobi, mammi ជា​ដើម​ រួម​ជា​មួយ​នឹង​ដើម​ដំ​បង​យក្ស ប្រ​ភេទ​ប្តូរ​ពណ៌​។​ បង​ត្រុង ឱ្យ​ដឹង​បន្ថែម៖ “ក្រៅ​ពី​ពូជ​ដើម​ដំ​បង​យក្សក្នុង​ប្រ​ទេស​ ខ្ញុំ​នៅ​ទាំង​នាំ​ចូល​ពូជ​ដើម​ដំ​បង​យក្ស​ពី​ប្រ​ទេស​ថៃ​ ប្រ​ទេស​ចិន​ មក​ដាំ​និង​បង្កាត់​ពូជ។​ យោង​ទៅ​តាម​ប្រ​ភេទ​និង​ពណ៌​សម្បុរ​ ពិសេស​គឺដើម​ដំ​បង​យក្ស gymlem ប្តូរ​ពណ៌​ លក់​ក្នុង​តម្លៃ​ពី​ ១៥ - ២០ លាន​ដុង​ក្នុង​មួយ​ដើម”។​

ទម្រង់​​បណ្តុះ​ផ្សិត​អំ​បោះ ជួយ​ឱ្យ​បង​ផាង​ហ្វាង​សាង​រក​បាន​ប្រាក់​ចំណូល​លំ​នឹង។

រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ការ​បណ្តុះ​ផ្សិត​អំ​បោះ​

តាម​រយៈ​ការ​ទៅ​ទស្សន​កិច្ច​សិក្សា​ពី​ទម្រង់​បណ្តុះ​ផ្សិតអំ​បោះ​ នៅ​ខែ​តុលា​ ឆ្នាំ​២០២៣ បង​ផាង​ហ្វាង​សាង​ នៅ​មណ្ឌល​ទី ១២ សង្កាត់​ចូវ​វ៉ាន់​លីម បាន​ឆ្លៀត​យក​ផ្ទៃ​ដី​នៅ​ខាង​ក្រោយ​ផ្ទះ​ប្រ​មាណ​ ១០០ ម៉ែត្រ​ការ៉េ​ ដើម្បី​វិនិ​យោគ​សាង​សង់​រោង​កញ្ចក់​សម្រាប់​បណ្តុះ​ផ្សិតអំ​បោះ។​ គាត់​ធ្វើ​ធ្នើរ​សម្រាប់​ថ្កល់​ដំ​បែផ្សិត និង​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ដោយ​ចំ​ណាយ​ថវិកា​អស់​ប្រ​មាណ​ ៥០ លាន​ដុង​។​ ដំ​បូង​ គាត់​ទិញ​ដំ​បែ​ផ្សិត​អំ​បោះ​នៅ​ខេត្ត​ប៊ិញ​យឿង ចំ​នួន​ ៥.០០០ កញ្ចប់​ មក​ដាំ​សាក​ល្បង ក្រោយ​រយៈ​ពេល​ថែ​ទាំ​បាន​ជាង​១​ខែ​ ផ្សិត​ចាប់​ផ្តើម​ផ្តល់​ផល។​ បង​សាង​ ចែក​រំលែក៖ “បណ្តុះ​ផ្សិតអំ​បោះ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ពី​ព្រោះ​បច្ចេក​ទេស​បណ្តុះ​គឺសាមញ្ញ​ ចំ​ណាយ​ដើម​ទុន​ និង​កម្លាំង​ថែ​ទាំ​តិច។ល។​ ផ្សិតអំ​បោះ​ បន្ទាប់​ពី​ប្រ​មូល​ផល​បាន​ឈ្មួញ​មក​ដល់​ផ្ទះ​ប្រ​មូល​ទិញ​តម្លៃ​ពី​ ៤០.០០០ - ៥០.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម”។​

តាម​ប្រ​សាសន៍​បង​សាង​ ដំ​បែ​ផ្សិត​អំ​បោះ​តាំង​ពី​បណ្តុះ​រហូត​ដល់​ប្រ​មូល​ផល​ប្រ​មាណ​ជាង​ ១ ខែ​ ដំ​បែ​មួយ​កញ្ចប់​ផ្តល់​ទិន្ន​ផល​ផ្សិត​ប្រ​មាណ​ ៤០០ ក្រាម។​ ការ​ប្រ​មូល​ផល​មាន​រយៈ​ពេល​ពី​៥- ៦ ខែ​ អា​ស្រ័យ​ទៅ​លើ​អា​កាស​ធាតុ​និង​បច្ចេក​ទេស​ថែ​ទាំ​។​ ដើម្បី​ការ​បណ្តុះ​ផ្សិត​សម្រេច​ជោគ​ជ័យ​ ត្រូវ​ជ្រើស​ទិញ​ដំ​បែ​ដែល​មាន​គុណ​ភាព​ល្អ​ ក្នុង​ដំ​ណាក់​ការ​បណ្តុះ​ត្រូវ​ធានា​សីតុណ្ហ​ភាព​និង​រក្សា​សំ​ណើម​ដើម្បី​ឱ្យ​ផ្សិត​ដុះ​លូត​លាស់។​ រោង​បណ្តុះ​ផ្សិត​ត្រូវ​បាន​បិទ​បាំង​ជិត​ ជៀស​វាង​ខ្យល់​និង​ពន្លឺ​ព្រះ​អា​ទិត្យ​ប៉ះ​ចំ​ថង់​ដំ​បែ​ផ្សិត។​ ធ្នើរ​ដាក់​ដំ​បែ​ផ្សិត​ធានា​ជាប់​រឹង​មាំ ស្រព​ទឹក​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ជា​ប្រ​ចាំ​ពី​ ៣ - ៤ ដង​ក្នុង​មួយ​ថ្ងៃ។​ ការ​បណ្តុះ​ផ្សិតអំ​បោះ​មិន​ខ្វល់​ពី​ជំ​ងឺ​និង​ដង្កូវ​បំ​ផ្លាញ​ទេ​ ហើយ​វដ្ត​នៃ​ការ​ប្រ​មូល​ផល​ក៏​ឆាប់​រហ័ស​។​ ដើម្បី​ធានា​ការ​ផ្គត់​ផ្គង់​ផ្សិត​អំ​បោះ​ឱ្យ​ទីផ្សារ​បាន​គ្រប់​ចំ​នួន​ ជារៀង​រាល់​ថ្ងៃ​ បង​សាង​ ចែក​មណ្ឌល​បណ្តុះ​ផ្សិតអំ​បោះ​ជា ២ មណ្ឌល​ ប្រ​មូល​ផល​រួច​ គឺ​គាត់​រៀប​ចំ​សម្អាត​ហើយ​ចុះ​ដំ​បែ​ផ្សិត​បណ្តុះ​ជាបន្ត​ ដើម្បី​មាន​ប្រាក់​ចំ​ណូល​លំ​នឹង៕​

                 អត្ថ​បទ​និង​រូប​ថត​៖ T.T - មុនី

ចែករំលែកអត្ថបទ