អាកាសធាតុក្តៅអូសបន្លាយ បង្កភាពងាយស្រួលឱ្យបាក់តេរីរីករាលដាល និងធ្វើឱ្យចំណីអាហារឆាប់ខូច ងាយបង្កឱ្យមានការពុលអាហារដល់អ្នកប្រើប្រាស់។ ក្រុមអ្នកជំនាញផ្នែកសុខភាព ផ្ដល់អនុសាសន៍ អាហារដែលមិនទាន់ចម្អិន (ដូចជា មុខម្ហូបសាស៊ីមី (sashimi) ងាវឆៅ ) ចម្អិនមិនទាន់ឆ្អិនត្រឹមត្រូវ (ដូចជា ស៊ុតជ័រព្នៅ) ឬកម្ដៅអាហារដែលនៅសល់ក៏បង្កើនហានិភ័យពុលចំណីអាហារដែរ។ ប្រការដែលគួរចងចាំនៅពេលបរិភោគអាហារមួយចំនួនខាងក្រោម។
កាត់បន្ថយបរិភោគអាហារសមុទ្រឆៅ ដើម្បីការពារសុខភាព។
១. សត្វមានសំបក (ងាវអយស្ទ័រ គ្រែង ខ្យង )។ ពពួកសត្វនេះ ស៊ីចំណីដោយចម្រោះទឹក ដែលធ្វើឱ្យវាងាយផ្ទុកបាក់តេរី វីរុស និងជាតិពុលពីបរិស្ថាន។ ដូច្នេះ បរិភោគសត្វមានសំបកឆៅ ឬភ្លា អ្នកប្រើប្រាស់អាចប្រឈមនឹងការពុលអាហារ។
ដំបូន្មាន៖ គប្បីទិញសត្វមានសំបកឆៅស្រស់នៅកន្លែងដែលមានប្រភពច្បាស់លាស់ ហើយយកល្អគប្បីចម្អិនឱ្យឆ្អិនមុនពេលបរិភោគ។ ចំពោះអយស្ទ័រ ក្រុមអ្នកជំនាញខាងសុខភាពណែនាំ គឺគប្បីចៀន (នៅសីតុណ្ហភាព១៩០0C យ៉ាងហោចណាស់៣នាទី) ឬអាំងខ្ទឹមស (នៅសីតុណ្ហភាព២៣២0C យ៉ាងហោចណាស់១០ នាទី)។ ចំពោះសត្វមានសំបកផ្សេងទៀត ត្រូវស្ងោររហូតដល់សំបកបើកនិងបន្តចម្អិនយ៉ាងហោចណាស់៣-៥នាទីទៀត ឬចំហុយយ៉ាងតិច៤-៩នាទី។
២.ស៊ុតជ័រព្នៅ។ បាក់តេរី Salmonella គឺ ជា “មូលហេតុបង្កពុលអាហារចម្បងនៅទូទាំងពិភពលោក”។ យោងតាមស្ថាប័នម្ហូបអាហារនៅសិង្ហបុរី (SFA) បាក់តេរី salmonella អាចមានវត្តមាននៅក្នុងស៊ុត ឬនៅលើសម្បកស៊ុត ដូច្នេះវាងាយស្រួលបង្កឱ្យពុលអាហារនៅពេលបរិភោគជាទម្រង់ជ័រព្នៅ។
ដំបូន្មាន៖ អាស្រ័យមានហានិភ័យខ្ពស់នៃការពុលអាហារ ស្ត្រីមានផ្ទៃពោះ អ្នកដែលចុះខ្សោយប្រព័ន្ធភាពសុាំ ក្មេងតូចឬមនុស្សចាស់ គួរតែជៀសវាងបរិភោគស៊ុតជ័រព្នៅ។ ប្រសិនត្រូវបន្ថែមស៊ុតឆៅឬស៊ុតឆ្អិនល្មមទៅក្នុងអាហារផ្សេងទៀត ចូរប្រើប្រាស់ស៊ុតបានរម្ងាប់មេរោគ (ដោយបានវិនិច្ឆ័យកម្ដៅដើម្បីកម្ចាត់បាក់តេរី)។ ល្អបំផុតគឺចម្អិនស៊ុតឱ្យឆ្អិនរហូតទាល់តែចំណែកសនិងចំណែកក្រហមរឹង។ ចំណាំចូរបរិភោគស៊ុតដែលឆ្អិនភ្លាម។ ប្រសិននៅសល់ គប្បីរក្សាស៊ុតក្នុងទូរទឹកកក (ក្រោម៤oC) ដើម្បីជៀសវាងបាក់តេរីរាលដាល។
៣.បាយកក។ បាយកក គឺជាអាហារសំណព្វរបស់បាក់តេរី bacillus cereus ដែលអាចបណ្តាលឱ្យពុលអាហារ។ អាស្រ័យ bacillus cereus អាចលូតលាស់នៅសីតុណ្ហភាពក្នុងបន្ទប់ ម៉្លោះហើយ ការទុកបាយកកនៅខាងក្រៅរយៈពេលច្រើនម៉ោងអាចជំរុញឱ្យបាក់តេរីរីករាលដាល។ លើសពីនេះ bacillus cereus អាចបង្កើតអណ្ឌាស័យដែលធន់នឹងកម្ដៅ ដូច្នេះ សូម្បីតែចៀនរួចហើយ បាយនេះនៅតែបង្កប់ហានិភ័យអាចបង្កឱ្យពុលចំណី។
ដំបូន្មាន៖ គប្បីទុកបាយដែលនៅសល់ក្នុងទូទឹកកកនៅសីតុណ្ហភាព៤oC វិលចុះក្រោម ឬទុកឱ្យក្តៅនៅសីតុណ្ហភាព ៦០oC ឡើងទៅ។ ការគ្រប់គ្រងសីតុណ្ហភាពល្អបែបនេះអាចកាត់បន្ថយការរីកលូតលាស់នៃបាក់តេរីនិងអណ្ឌាស័យរបស់វា។ ចំណាំគ្របបាយកកឱ្យជិត ពេលរក្សាទុកក្នុងទូទឹកកកដើម្បីជៀសវាងការឆ្លងបាក់តេរីជាមួយអាហារផ្សេងទៀត។ នៅពេលចៀន ឬកម្ដៅបាយដែលនៅសល់ត្រូវធានាឱ្យហ្មត់ចត់នៅសីតុណ្ហភាពយ៉ាងហោចណាស់ ៧៥oC ដើម្បីកម្ចាត់បាក់តេរី៕
កាសែតកឹងធើ-បកប្រែ៖ ទីទុយ
អ្នកដែលពុលអាហារ គប្បីនាំទៅកាន់គ្រឹះស្ថានសុខាភិបាលដើម្បីព្យាបាល ប្រសិនបើរាករួសលើសពី៦ដងក្នុងរយៈពេល២៤ម៉ោង គ្រុនក្តៅ ចេញឈាមក្នុងពោះវៀន ឈឺពោះខ្លាំងឬខ្វះទឹក។ |