លោកគឹមសុវណ្ណ នៅភូមិសមតោ ឃុំដុងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមជលផល ផលិតស្រូវ ចិញ្ចឹមគោ ម្ល៉ោះហើយក្នុងមួយឆ្នាំៗរកបានប្រាក់ចំណូលជាង២៧០លានដុង។
ទម្រង់ចិញ្ចឹមគោរបស់លោកគឹមសុវណ្ណ។
ពេលយើងខ្ញុំបានចុះទៅដល់ផ្ទះលោកគឹមសុវណ្ណ សាកសួរពីរបៀបរកស៊ីដើម្បីឈានឡើងធូរធារ គាត់បានរៀបរាប់ដោយឥតរារែក៖ “មុននេះ ដោយសារការប្រកបការងាររកស៊ីខ្វះបច្ចេកទេស ទើបខ្ញុំតែងខូចខាតជារឿយៗ។ល។ អាស្រ័យបានសមាគម អង្គការមហាជននៅភូមិភាគកៀរគរផ្លាស់ប្ដូររចនាសម្ព័ន្ធផលិត និងបានទៅទស្សនាទម្រង់រកស៊ីដែលមានប្រសិទ្ធភាពនៅក្នុងនិងក្រៅខេត្ត។ ទន្ទឹមនឹងនោះ ខ្ញុំថែមទាំងបានផ្នែកជំនាញចុះមកផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមជលផលជាដើម។ ផ្ដើមពីនោះ ខ្ញុំពិនិត្យឃើញលក្ខណសម្បត្តិដីធ្លី សេដ្ឋកិច្ចគ្រួសារមានភាពសមស្របអនុវត្តទម្រង់ពហុវប្បកម្ម។ ជាមួយនឹងផ្ទៃដី២,៤ហិកតា ខ្ញុំបានអនុវត្តទម្រង់ឆ្លាស់បង្កង - ស្រូវ- ចិញ្ចឹមក្ដាមសមុទ្រ។ តាមបទពិសោធន៍របស់ខ្ញុំ ក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ ខ្ញុំបង្ហូតទឹកក្នុងស្រះឱ្យគោក ហើយហាលដីពីរបីថ្ងៃដើម្បីកែលម្អស្រះ។ បន្ទាប់ពីនោះខ្ញុំបង្ហូតទឹកចូលជាមួយនឹងផ្ទៃដី ២,៤ ហិកតា ខ្ញុំជីកស្រះនិងធ្វើភ្លឺទំនប់ព័ទ្ធជុំវិញអស់ដីប្រហែល ០,៧ ហិកតា។ ក្នុងអំឡុងខែមិថុនាព្រលែងពូជបង្កងសាវទាវចំនួន ៣០.០០០ ក្បាល បង្គានាគចំនួន ៤០.០០០ ក្បាល និងក្ដាមសមុទ្រចំនួនតិចតួច រហូតដល់ខែសីហាចាប់ផ្ដើមព្រោះស្រូវ។ល។”។
ក្រៅពីអនុវត្តទម្រង់ចិញ្ចឹមបង្កង ក្ដាមសមុទ្រ ផលិតស្រូវ លោកសុវណ្ណ នៅទាំងប្រើប្រាស់ប្រភពចំបើងផ្ដើមពីផលិតស្រូវនិងប្រើប្រាស់ដីទំនេរជុំវិញផ្ទះ ដើម្បីដាំស្មៅចិញ្ចឹមគោមេទៀតផង។ បច្ចុប្បន្ន ហ្វូងគោមេរបស់លោកសុវណ្ណមានចំនួន៥ក្បាល រៀងរាល់ឆ្នាំគាត់លក់បានកូនគោប្រហែល៣ក្បាល រកបានប្រាក់ចំណូលជាង២០លានដុង។ ប្រការដែលលោកសុវណ្ណចាប់អារម្មណ៍ជាងគេ គឺទម្រង់ដែលនាំមកប្រាក់ចំណូលខួបឆ្នាំ ម្ល៉ោះហើយបង្កលក្ខណសម្បត្តិសម្រាប់គ្រួសារចំណាយប្រើប្រាស់ប្រចាំថ្ងៃនិងគិតគូរឱ្យកូនៗរៀនសូត្រ។ បច្ចុប្បន្ន ជីវភាពគ្រួសារគាត់បានលំនឹង ដោយសង់បានផ្ទះសមរម្យនិងទិញបានឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារប្រកបដោយផាសុកភាព។
លោកត្រឹមហាយវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំដុងស្វឹង ឱ្យដឹង៖ “ការសម្រេចបានសមិទ្ធផលខាងលើ គឺអាស្រ័យលោកសុវណ្ណ តែងព្យាយាមស៊ូទ្រាំលំបាកក្នុងការងាររកស៊ី និងអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងផលិតកម្ម។ មិនត្រឹមតែពលកម្មផលិតពូកែប៉ុណ្ណោះទេ គាត់នៅថែមទាំងជួយសមាជិកអង្គការមហាជនជាច្រើនរបស់ភូមិ ចេះរបៀបដាំដុះ ចិញ្ចឹមសត្វ រកបានចំណូលលំនឹងទៀតផង។ បច្ចុប្បន្ន ទម្រង់ពហុវប្បកម្មទោះបីមិនថ្មីក្ដី ប៉ុន្តែទម្រង់នេះសមស្របជាមួយនឹងគ្រួសារដែលមានទុនតិច មានដីផលិតកម្មតិចក៏អាចអនុវត្តបាន។ នេះជាទម្រង់អាចរួមចំណែកលុបបំបាត់ភាពក្រីក្រប្រកបដោយចីរភាពនៅភូមិភាគ កាត់បន្ថយកខ្វក់បរិស្ថាន។ រយៈពេលខាងមុខ ឃុំនឹងលើកទឹកចិត្តកសិករពង្រីកទូលាយទម្រង់នេះ”៕
ស៊ើងម៉ាល័យ - ថាច់ធី