អនុបណ្ឌិត សើុងធីថាញង៉ា គ្រូបង្រៀនមហាវិទ្យាល័យកសិកម្ម - ជលផលនៃសាកលវិទ្យាល័យត្រាវិញ តែងបាននិស្សិត អាណាព្យាបាលសិស្សស្រឡាញ់និងបានមិត្តរួមអាជីព គោរពរាប់អាន ដោយសារអ្នកគ្រូស្រឡាញ់កសិកម្មនិងចង់ផ្ទេរចំណេះដឹងដល់និស្សិត។ ជាក់ស្ដែង អ្នកគ្រូង៉ា បានជួយដល់កសិករនិយាយរួមនិងកសិករខ្មែរនិយាយដោយឡែក អនុវត្តនូវភាពជឿនលឿននៃវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការផលិត។
អ្នកគ្រូសើុងធីថាញង៉ា។
អ្នកគ្រូង៉ា រ៉ាយរ៉ាប់៖ “ក្រោយពីបញ្ចប់ការសិក្សាមហាវិទ្យាល័យកសិ-រុក្ខកម្ម ក្រុងហូជីមិញ នាងខ្ញុំបានដាក់ពាក្យចូលធ្វើការនៅសាកលវិទ្យាល័យត្រាវិញ ហើយបានចាត់ឱ្យបង្រៀនផ្នែកកសិកម្ម។ នេះជាផ្នែកវិជ្ជាមាននិស្សិតជនជាតិខ្មែរជាង៧០%។ ខ្ញុំតែងរិះគិតធ្វើយ៉ាងណាដើម្បីម៉ោងរៀនមានភាពល្អប្រសើរ ទាក់ទាញការរៀនសូត្ររបស់និស្សិត។ យោងទៅតាមកម្រិតវិជ្ជារបស់និស្សិត ខ្ញុំក៏បានសិក្សាស្រាវជ្រាវ រកវិធីសាស្រ្តបង្រៀនសមស្រប ដើម្បីម៉ោងរៀនកាន់តែមានភាពរស់រវើក សម្បូរទៅដោយគំនិតច្នៃប្រតិដ្ឋ ជួយឱ្យនិស្សិតក្ដាប់ខ្លឹមសារមេរៀនល្អនិងចាំបានយូរ”។
ប្អូនថាច់ធីទ្រុកលិញ និស្សិតផ្នែកកសិកម្ម - ជលផល ឱ្យដឹង៖ “អាស្រ័យរបៀបបង្រៀន ងាយយល់ រៀនបណ្តើរអនុវត្តជាក់ស្តែងបណ្តើររបស់អ្នកគ្រូង៉ា ប្អូនកាន់តែចូលចិត្តរៀនផ្នែកវិជ្ជាដាំដុះ។ មិនត្រឹមតែបង្រៀនខាងទ្រឹស្ដីនិងបំណិនប៉ុណ្ណោះទេ អ្នកគ្រូនៅទាំងបង្រៀននិស្សិតពីសុជីវធម៌ក្នុងការរស់នៅ និងត្រូវមានភារកិច្ចចំពោះគ្រួសារសង្គមទៀតផង”។ មានចំណាប់អារម្មណ៍មិនខុស គ្នានឹងទ្រុកលិញ ប្អូនសើុងធីង៉ុកម៉ាយ និស្សិតផ្នែកកសិកម្ម - ជលផល ឱ្យដឹង៖ “អ្នកគ្រូង៉ា មានភាពជិតដិត បង្រៀនងាយយល់ ប្អូនចូលចិត្តម៉ោងអ្នកគ្រូបង្រៀនណាស់”។
អ្នកគ្រូហ្វិញធីគីមហឿង អនុប្រធានផ្នែកកសិកម្ម -ជលផលនៃសាកលវិទ្យាល័យត្រាវិញ បញ្ជាក់៖ “អ្នកគ្រូសើុងធីថាញង៉ា ចូលបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ ចាប់ពីឆ្នាំ២០០៨ ជាមួយនឹងតួនាទីជាគ្រូបង្រៀនមុខវិជ្ជាកសិកម្ម។ ប៉ុន្មានឆ្នាំកន្លង អ្នកគ្រូង៉ា បានអនុវត្តការងារផ្ទេរបច្ចេកទេសដល់ប្រជាជនប្រហែល៥០វគ្គ ជាពិសេស គឺមាមីងជនជាតិខ្មែរនៅចំណុះស្រុកថ្កូវកូវកែ កូវង៉ាង យ្វៀងហាយ ចូវថាញ់ កាងឡុង និងទីវកឹង។ល។ អ្នកគ្រូ ក៏ធ្លាប់ហ្វឹកហាត់ជូនកសិករនៅស្រុកវ៉ូងលីម ខេត្តវិញឡុងផងដែរ។ អ្នកគ្រូង៉ា ផ្ទេរចំណេះដឹងជូនកសិករលើវិស័យនានា ដូច៖ បច្ចេកទេសដាំបន្លែ បង្ការបច្ចេកទេសធ្វើស្រូវ បច្ចេកទេសដាំឈើហូបផ្លែ បច្ចេកទេសដាំខ្ទឹមមើម។ល។ ប៉ុន្មានឆ្នាំជិតៗនេះ អ្នកគ្រូង៉ា ហ្វឹកហាត់បច្ចេកទេសជូនមាមីងផលិតកសិកម្មសរីរាង្គ ផ្សារភ្ជាប់នឹងអភិវឌ្ឍកសិកម្មតាមទិសចីរភាព។ល។ ក្នុងរយៈពេលបង្ហាត់បង្រៀន អ្នកគ្រូង៉ា តែងខិតខំសិក្សាស្រាវជ្រាវ ដោះដូរបទពិសោធន៍ ធ្វើបច្ចុប្បន្នភាពចំណេះដឹងថ្មីៗដើម្បីបង្ហាត់បង្រៀនឱ្យមានប្រសិទ្ធភាពបំផុត។ លទ្ធផលវាយតម្លៃរៀងរាល់ឆ្នាំពីនិស្សិត បានបង្ហាញឱ្យឃើញថា ប្អូនៗពិតជាឱ្យតម្លៃខ្ពស់ចំពោះឆន្ទៈ ក៏ដូចជាចំណេះ ដឹងដែលអ្នកគ្រូង៉ាបានបង្ហាត់បង្រៀន”។
អ្នកគ្រូសើុងធីថាញង៉ា កំពុងណែនាំនិស្សិត។
អ្នកគ្រូង៉ា នៅទាំងចូលរួមអនុវត្តបធានបទសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅគ្រប់ថ្នាក់ មានដូច៖ បធានបទថ្នាក់ក្រសួងស្ដីពីបច្ចេកទេសបង្កាត់ពូជដូងខ្ទិះ; បធានបទសិក្សាស្រាវជ្រាវថ្នាក់មូលដ្ឋានស្ដីពីដង្កូវក្បាលខ្មៅបំផ្លាញ ដូង ស្រាវជ្រាវលើបច្ចេកទេសដាំដើមយិនស៊ិន។ អ្នកគ្រូនៅទាំងចូលរួមអនុវត្តគម្រោងជនបទថ្មី គម្រោងទុនឥណទានសម្រាប់អ្នកក្រ ជាពិសេសគឺសម្រាប់ជនជាតិខ្មែរ។ អ្នកគ្រូង៉ា បានឱ្យដឹង៖ ក្រៅពីការបង្រៀន អ្នកគ្រូតែងខ្វល់ខ្វាយពីការស្រាវជ្រាវ សំដៅជួយកសិករផលិតសម្រេចបានទិន្នផលគុណភាពខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូល ញុាំងជីវភាពកាន់តែធូរធារ។ ព្រោះហេតុដូច្នោះ ការស្រាវជ្រាវរបស់អ្នកគ្រូ ត្រូវបានកសិករគាំទ្រនិងអនុវត្តតាម។ល។ លោកគៀងធី នៅភូមិចុងផ្នោរ១ ឃុំហ្វាតឹង ស្រុកកូវកែ ឱ្យដឹង៖ “បានឮដំណឹងពីការស្រាវជ្រាវរបស់អ្នកគ្រួង៉ា អំពីដូងខ្ទិះ ខ្ញុំបានទិញដូងខ្ទិះបង្កាត់ពូជរបស់សាកលវិទ្យាល័យត្រាវិញមកដាំកាល ពី៤ឆ្នាំមុន។ ខ្ញុំដាំនិងថែទាំតាមការណែនាំបច្ចេកទេសរបស់សាកលវិទ្យាល័យត្រាវិញ ប្រើប្រាស់តែជីសរីរាង្គ អាចម៍គោផ្អាប់។ល។ ដូងលូតលាស់ល្អ កំពុងផ្ដល់ផ្លែលើកដំបូង និងក្រោយរយៈពេល៣០ថ្ងៃគឺអាចប្រមូលផលលើកបន្ទាប់។ បើប្រៀបផ្ទឹមនឹងដើមដូង ខ្ទិះធម្មតា ដូងខ្ទិះបង្កាត់ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង”។
អ្នកគ្រូង៉ា នៅតែបន្តការរៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីជួយកសិករបង្កើនប្រាក់ចំណូលផ្ដើមពីដីកសិកម្ម។ ជាពិសេសទៀត គឺលើកទឹកចិត្តនិស្សិតឱ្យកាន់តែស្រឡាញ់ នបទ ចាប់យកអាជីពកសិកម្ម ឆ្ពោះទៅរកខឿនកសិកម្មគុណភាពខ្ពស់និងចីរភាព៕
សើុងម៉ាល័យ - ថាច់ធី