អ្នកជំងឺទឹកនោមផ្អែមគប្បីកាត់បន្ថយពិសាទឹកផ្លែឈើនិងផ្លែឈើសម្ងួត ប៉ុន្តែគួរហូបផ្លែបឺរីនិងក្រូចឃ្វិចឱ្យបានច្រើន។
ឪឡឹកមានសន្ទស្សន៍ជាតិស្ករក្នុងឈាមខ្ពស់អាចបណ្ដាលឱ្យកើនជាតិស្ករក្នុងឈាម។ រូបឧទាហរណ៍
ផ្លែឈើមានផ្ទុកជាតិ carbohydrate អាចបណ្ដាលឱ្យកើនបរិមាណជាតិស្ករក្នុងឈាម។ ផ្លែឈើមួយចំនួនឬផលិតផលដែលច្នៃពីផ្លែឈើទាំងនោះអាចបណ្តាលឱ្យកើនជាតិស្ករក្នុងឈាមឆាប់រហ័ស ប៉ុន្តែក៏មានប្រភេទដែលតិចជះឥទ្ធិពលលើជាតិស្ករក្នុងឈាមដែរ អាស្រ័យទៅលើបរិមាណជាតិសរសៃនិងជាតិស្ករ។
ផ្លែឈើដែលគប្បីកាត់បន្ថយ
ផ្លែឈើសម្ងួត៖ ផ្លែឈើឆ្លងកាត់ដំណើរការសម្ងួតដូចគ្នានឹងស្ករខាប់។ ប្រការនេះធ្វើឱ្យផ្លែឈើសម្ងួតផ្ទុកជាតិ carbohydrate ខ្ពស់ជាងបើប្រៀបនឹងផ្លែឈើស្រស់។ ឧទាហរណ៍ មួយពែង (១០០ក្រាម) នៃទំពាំងបាយជូរស្ងួត ផ្ទុកបរិមាណជាតិ carbohydrate ១២៧ក្រាមនិងជាតិស្ករ១០៤ក្រាម។ រីឯទំពាំងបាយជូរស្រស់មួយពែងផ្ទុកបរិមាណជាតិ carbohydrate តែ២៧ក្រាម និងស្ករ២៣ក្រាម។
ផ្លែឈើសម្ងួតក៏អាចមានជាតិស្ករបន្ថែម និងតិចជាតិសរសៃជាងបើចោលសម្បក។ បរិមាណជាតិ carbohydrate និងជាតិស្ករខ្ពស់ក្នុងអាហារនេះធ្វើឱ្យកើនជាតិស្ករក្នុងឈាម។
ទឹកផ្លែឈើ៖ ការផឹកទឹកផ្លែឈើ១០០% អាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។ ដោយសារតែទឹកផ្លែឈើ បានចម្រាញ់ជាតិសរសៃចេញស្ទើរតែទាំងអស់ រាងកាយនឹងរំលាយធាតុនិងប្តូរជាតិស្ករយ៉ាងឆាប់រហ័ស ធ្វើឱ្យកើនជាតិស្ករក្នុងឈាម។ ទឹកផ្លែឈើផ្តល់កាឡូរីច្រើន ប៉ុន្តែមិនធ្វើឱ្យអ្នកផឹកមានអារម្មណ៍ឆ្អែតទេ នាំឱ្យរារាំងដល់ការសម្រកទម្ងន់ ចួនកាលបណ្ដាលឱ្យឡើងទម្ងន់ទៀតផង។
ផ្លែឈើដែលមានសន្ទស្សន៍ជាតិស្ករក្នុងឈាមខ្ពស់៖ សន្ទស្សន៍ជាតិស្ករក្នុងឈាម (GI) គឺជារង្វាស់កម្រិតនៃការប៉ះពាល់របស់ចំណីអាហារជាកំណត់ដល់កម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទាន។ ផ្លែឈើដែលមាន GI កាន់តែខ្ពស់ គឺវាកាន់តែបណ្ដាលឱ្យកើនជាតិស្ករក្នុងឈាមក្រោយពីបរិភោគ។
GI ចាប់ពី៥៦ឡើងទៅគឺខ្ពស់ អ្នកជំងឺគួរតែជៀសវាងប្រភេទដែលមាន GI ខ្ពស់ ឧទាហរណ៍ ផ្លែម្នាស់ (GI ៥៦) ចេកទុំ (GI ៥៨) ឪឡឹក (GI ៧២)។
សន្ទស្សន៍ជាតិស្ករក្នុងឈាមអាចផ្លាស់ប្តូរដោយសារតែការច្នៃឬស្ថានភាពនៃផ្លែឈើ ឧទាហរណ៍ដូចផ្លែឈើកាន់តែទុំ គឺ GI កាន់តែខ្ពស់។
ផ្លែឈើដែលគួរបរិភោគ
ផ្លែឈើផ្ទុកជាតិសរសៃខ្ពស់និងផ្ទុកជាតិ fructose ទាប មិនសូវជះឥទ្ធិពលដល់ជាតិស្ករក្នុងឈាម។
រួមមាន៖ ផ្លែស្ត្របឺរី ប៊្លូបឺរី រ៉ាបប៊ឺរី និងទំពាំងបាយជូរសម្បូរទៅដោយវីតាមីន C អាស៊ីតហ្វូលិក ជាតិសរសៃនិងសារធាតុប្រឆាំងការរលាក មានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែម។
អម្បូរផ្លែក្រូច៖ ផ្លែក្រូចពោធិ៍សាត់ ក្រូចថ្លុង និងក្រូចឆ្មារ មានផ្ទុកវីតាមីន C, A និងកាលស្យូមយ៉ាងច្រើន ដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សារធាតុបំប៉នពីរុក្ខជាតិទាំងនេះ មានមុខងារកាត់បន្ថយការរលាក កាត់បន្ថយការប៉ះពាល់កោសិកា និងប្រឆាំងនឹងជំងឺរុាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមនិងជំងឺបេះដូង។
អម្បូរផ្លែក្រូចសម្បូរទៅដោយសារធាតុ flavonoids ដែលជាសារធាតុប្តូរនៃរុក្ខជាតិ មានលក្ខណសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្លាំងក្លា ដែលផ្តល់នូវអត្ថប្រយោជន៍ច្រើនក្នុងការព្យាបាល ក៏ដូចជាសកម្មភាពជីវសាស្ត្រ។ សមាសធាតុនេះ មានប្រសិទ្ធភាពបញ្ចុះជាតិស្ករក្នុងឈាម បញ្ចុះជាតិខ្លាញ់ក្នុងឈាម ប្រឆាំងមហារីក បញ្ចុះសម្ពាធឈាម ការពារតម្រងនោមនិងថ្លើម៕
យោងតាមគេហទំព័រ Vnexpress.net-(បកប្រែពី Very Well Health