បច្ចុប្បន្ន ស្ថានភាពគ្រោះរាំងស្ងួត ជ្រាបទឹកប្រៃកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ។ ដើម្បីធានាមានប្រភពទឹកស្រោចស្រពដំណាំ កសិករនៅខេត្តសុកត្រាំង បានអនុវត្តវិធានការជាច្រើនដើម្បីសម្របនឹងការបម្រែបម្រួលអាកាសធាតុ។
កសិករខេត្តសុកត្រាំង បានបង្វែរមកដាំដំណាំនៅវាលស្រែដើម្បីសម្របនឹងការបម្រែបម្រួលអាកាសធាតុ ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
តាមប្រសាសន៍លោក ឡឹមវ៉ាន់វ៉ូវ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកឡុងភូ ដើម្បីសម្របនឹងស្ថានភាពគ្រោះរាំងស្ងួត ជ្រាបទឹកប្រៃ ផ្នែកកសិកម្មស្រុកបានផ្សព្វផ្សាយវិធានការជាច្រើន ដូច៖ ផ្តល់យោបល់ដល់កសិករប្រើប្រាស់ពូជដំណាំ សត្វចិញ្ចឹមធន់នឹងគ្រោះរាំងស្ងួត ជ្រាបទឹកប្រៃ; បង្វែររចនាសម្ព័ន្ធផលិតមកដាំដំណាំរយៈពេលខ្លី ស្ដុកទឹកសាបក្នុងស្រះ អណ្ដូងសម្រាប់បម្រើការផលិត។ល។ ឆ្លងតាមរយៈនោះ ទម្រង់ស្ដុកទឹកសាបក្នុងស្រះអណ្ដូង ស្រោចស្រពដោយប្រិតសំចៃទឹក កំពុងនាំមកប្រសិទ្ធភាពជាវិជ្ជមាន។ លោកឡេវ៉ាន់ឌឹក នៅឃុំតឹងថាញ់ ស្រុកឡុងភូ ឱ្យដឹង៖ “ខ្ញុំបានជីកស្ដារស្រះប្រហែល១.០០០ម២ សម្រាប់ស្ដុកទឹកសាបបម្រើការស្រោចស្រពដំណាំជិត១ហិកតា។ ដើម្បីប្រិតសំចៃប្រភពទឹក គ្រួសារខ្ញុំបានវិនិយោគបន្ថែមប្រព័ន្ធស្រោចស្រពតំណក់ បច្ចុប្បន្ន បន្លែបង្ការនិងឈើហូបផ្លែកំពុងផ្ដល់ទិន្នផលល្អ។ អាស្រ័យហេតុនោះ បានជួយគ្រួសារខ្ញុំរកបានប្រាក់ចំណូលលំនឹង ស្វាយផ្លែច្រើន បន្លែបង្ការលូតលាស់ល្អ”។
កម្មាភិបាលផ្នែកកសិកម្ម តែងចុះវាស់កម្រិតប្រៃនៅតាមព្រែកប្រឡាយជាប្រចាំ។
រៀងរាល់ឆ្នាំ ស្ថានភាពគ្រោះរាំងស្ងួត ជ្រាបទឹកប្រៃកើតមានញឹកញាប់ បានធ្វើឱ្យខ្វះទឹក ផលិតកម្មក្នុងរដូវប្រាំង។ អាស្រ័យហេតុនោះ ក្រោយពីផលិតស្រូវបាន២រដូវ/ឆ្នាំ ភូមិភាគនានាតែងលើកទឹកចិត្តប្រជាជន បង្វែរពីការផលិតស្រូវមកដាំឪឡឹក ត្រសក់ ល្ពៅ ត្រឡាច ពោតនៅតាមវាលស្រែដើម្បីប្រិតសំចៃប្រភពទឹក ធានាការដាំដំណាំសម្រេចទិន្នផល និងកាត់បន្ថយស្ថានភាពជំងឺឆ្លងរាលដាលផង។ លោកថាច់យ៉ាវ នៅឃុំថាញ់ភូ ស្រុកមីស្វៀង ឱ្យដឹង៖ “ឆ្នាំនេះ ខ្ញុំមិនធ្វើស្រូវ៣រដូវទេ តែបង្វែរផ្ទៃដី៦កុងមកដាំឪឡឹក។ ឪឡឹកងាយស្រួលដាំ ផ្ដល់ទិន្នផលខ្ពស់ ហើយសមស្របនឹងរដូវប្រាំង ការស្រោចទឹកត្រឹមតែ២ លើកក្នុងមួយថ្ងៃ អាចជួយប្រិតសំចៃទឹកបានជាង៨០% បើប្រៀបនឹងការធ្វើស្រូវ។ ក្រោយពីដាំបាន២ខែ ខ្ញុំប្រមូលផលឪឡឹក ទូទាត់រួចនៅចំណេញជិត៥០ លានដុង”។
តាមលោក ហ្វិញង៉ុកញ៉ា នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង បានឱ្យដឹង បច្ចុប្បន្ន ខេត្តកំពុងបង្កើនព័ត៌មានអំពីស្ថានភាពប្រភពទឹក ជ្រាបទឹកប្រៃ តាមរយៈមធ្យោបាយព័ត៌មានមហាជន ដើម្បីប្រជាជនទប់ស្កាត់បានទាន់ពេល; លើកទឹកចិត្តប្រជាជនប្រើប្រាស់ទឹកសាបប្រិតសំចៃ ប្រសិទ្ធភាព ចែករំលែកប្រភពទឹកក្នុងសកម្មភាពផលិតកម្មនៅនឹងភូមិភាគ។ ភូមិភាគនានាបានម្ចាស់ការត្រួតពិនិត្យប្រភពទឹក មុននឹងប្រើប្រាស់ទឹកសម្រាប់បូមស្រោចស្រពក្នុងផលិតកសិកម្ម។ ទន្ទឹមនឹងនោះ កសិករគប្បីអនុវត្តតាមការណែនាំបង្ការ ទប់ស្កាត់គ្រោះរាំងស្ងួត និងថែទាំដំណាំ សត្វចិញ្ចឹម ដើម្បីសម្រេចបានលទ្ធផលល្អបំផុត សម្របបន្តិចម្តងៗជាមួយនឹងការបម្រែបម្រួលអាកាសធាតុ ដែលកំពុងតែកើតមានធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ៕
យ្វីអាញ់ - ថាច់ធី