ជាមួយនឹងទស្សនសង្គមកាន់តែទូលំទូលាយ មុខរបរជាច្រើនដែលបណ្តុះបណ្តាលរយៈពេលខ្លី កំពុងបានបើកចេញជាបណ្តើរៗផងដែរ នាំមកប្រាក់ចំណូលខ្ពស់ដល់និយោជិត។
បច្ចុប្បន្ន មានមុខរបរជាច្រើនទទួលបានប្រាក់ខែខ្ពស់ដោយមិនត្រូវ
ការសញ្ញាបត្រមហាវិទ្យាល័យ។ (រូបជាឧទាហរណ៍)
បុគ្គលិកគិតលុយ
លក្ខណៈពិសេសរបស់ការងារនេះ តម្រូវការលោកអ្នកត្រូវតែធ្វើការតាមវេន រហ័សរហួន និងប្រយ័ត្នប្រយែង។ នៅតាមហាងកាហ្វេ ហាងលក់ទំនិញ ភោជនីយដ្ឋាននិងផ្សារទំនើប។ល។ មានតម្រូវការជ្រើសរើសបុគ្គលិកគិតលុយច្រើន។ ហេតុនេះ លោកអ្នកអាចស្វែងយល់និងជ្រើសរើសកន្លែងធ្វើការដែលមានកម្រិតប្រាក់ចំណូលសមរម្យបំផុត។
កម្រិតប្រាក់ចំណូលដំបូងរបស់មុខរបរជាអ្នកគិតលុយ ក្នុងរង្វង់ពី៧ - ១០លានដុង/ខែ។ អាស្រ័យលើសមត្ថភាពផ្ទាល់ខ្លួននិងចំនួនឆ្នាំ មានបទពិសោធន៍ ទើបប្រាក់ខែកើនឡើងតាមពេលវេលា។ ទន្ទឹមនឹងនោះ ដើម្បីធ្វើការជាអ្នកគិតលុយបានល្អ លោកអ្នកគប្បីចូលសិក្សាវគ្គ រយៈពេលខ្លីអំពីហិរញ្ញវត្ថុ គណនេយ្យនិងគ្រប់គ្រងហិរញ្ញវត្ថុ។ សញ្ញាបត្រកាន់តែខ្ពស់ នឹងផ្ដល់កម្រិតប្រាក់ខែកាន់តែច្រើនជូនលោកអ្នក។
មុខរបររចនាម៉ូដសម្លៀកបំពាក់
ប្រសិនបើលោកអ្នកមានថ្វីដៃប៉ិនប្រសប់ បូកផ្សំជាមួយនឹងសមត្ថភាពគូរគំនូរនិងមានគំនិតច្នៃប្រតិដ្ឋរូបភាពល្អៗនោះ មុខរបររចនាម៉ូដសម្លៀកបំពាក់ ជាមុខរបរមួយដែលលោកអ្នកគួរវិនិយោគ។ បន្ទាប់ពីសិក្សាវគ្គរយៈពេលខ្លីអំពីកាត់ដេរ រចនាម៉ូដសម្លៀកបំពាក់ លោកអ្នកអាចបើកហាងកាត់ដេរផ្ទាល់ខ្លួន ដើម្បីរចនាម៉ូដនិងជួសជុលសម្លៀកបំពាក់ដោយខ្លួនឯង។ ការងារនេះអាចរកបានចំណូលពី៨ - ១០លានដុង/ខែ។
អ្នកមានថ្វីដៃ សិក្សារចនាម៉ូដសម្លៀកបំពាក់ក៏អាចធ្វើការនៅតាមក្រុមហ៊ុនធំៗ ឬក្លាយជាអ្នករចនាម៉ូដសម្រាប់អ្នកសម្តែងម៉ូដ។ ការងារនេះ អាចផ្តល់ប្រាក់ចំណូលមធ្យមភាគពី១៥ - ២៥លានដុង/ខែ។
ថ្វីដ្បិតដូច្នេះក៏ដោយ មុខរបររចនាម៉ូដសម្លៀកបំពាក់មិនមែនជាមុខរបរងាយស្រួលនោះទេ។ មុខរបរនេះ ទាមទារលោកអ្នកគប្បីចំណាយពេលវេលារៀនសូត្រ ដោះដូរបទពិសោធន៍ និងលត់ដំជាយូរអង្វែង។
អ្នកបម្រើការលើយន្តហោះ
ជាមួយនឹងប្រាក់ចំណូលក្នុងរង្វង់ពី១៨ - ២០ លានដុង/ខែ អ្នកបម្រើការលើយន្តហោះ គឺជាមុខរបរមួយក្នុងចំណោមមុខរបរមិនទាមទារសញ្ញាបត្រមហាវិទ្យាល័យ បានទាក់ទាញចំណាប់អារម្មណ៍របស់យុវជនជាច្រើន។
ថ្វីដ្បិតដូច្នេះក៏ដោយ បើចង់ក្លាយជាអ្នកបម្រើការលើយន្តហោះ លោកអ្នកត្រូវពូកែភាសាបរទេស និងឆ្លើយតបគ្រប់លក្ខខណ្ឌមួយចំនួនអំពីរូបរាងនិងបំណិនដែលក្រុមហ៊ុនអាកាសចរណ៍ដាក់ចេញ។
របរតុបតែងមុខ
របរតុបតែងមុខមិនទាមទារសញ្ញាបត្រមហាវិទ្យាល័យទេ គ្រាន់តែលោកអ្នកចូលរៀនវគ្គមូលដ្ឋានដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរបីខែ គឺលោកអ្នកអាចប្រកបរបរបាន។ កាន់តែខិតខំប្រឹងប្រែងសិក្សា លោកអ្នកកាន់តែលើកកម្ពស់ថ្វីដៃនិងទទួលបានប្រាក់ចំណូលដូចបំណង។
ធម្មតាជាងតុបតែងមុខ មានប្រាក់ចំណូលសរុបក្នុងរង្វង់ពី១៥ - ២០លានដុង/ខែ។ ក្នុងឱកាសថ្ងៃបុណ្យទាន ប្រាក់ចំណូលរបស់ពួកគាត់អាចកើនឡើងដល់៣០លានដុង ពីព្រោះមនុស្សជាច្រើនចង់លេចធ្លោនិងស្រស់ស្អាត។
បុគ្គលិកឃ្លាំង
ការងារសំខាន់របស់បុគ្គលិកឃ្លាំង គឺរៀបចំទំនិញនិងគ្រប់គ្រងចំនួននាំចេញនាំចូល និងនៅសល់ក្នុងឃ្លាំង។ ការងារនេះទាមទារតម្រូវការខ្ពស់ខាងសុខភាព ភាពហ្មត់ចត់និងភាពប្រយ័ត្នប្រយែង។ បុគ្គលិកឃ្លាំងមានកម្រិតប្រាក់ចំណូលលំនឹង ចាប់ពី៧ - ១០លានដុង/ខែ។
ប្រាក់ខែនឹងកើនឡើងជាលំដាប់ទៅតាមឆ្នាំ ហើយលោកអ្នកអាចឡើងតំណែងខ្ពស់ ដូចជាអ្នកគ្រប់គ្រងឃ្លាំងឬមុខតំណែងនាំចូល/នាំចេញឃ្លាំង។
បុគ្គលិកផ្នែកលក់អចលនទ្រព្យ
បុគ្គលិកផ្នែកលក់អចលនទ្រព្យ គឺជាមុខរបរមួយទាក់ទាញយុវជនជាច្រើន ដោយមានប្រាក់ចំណូលខ្ពស់ ទីផ្សារអចលនទ្រព្យពុះពោរនិងមិនទាមទារសញ្ញាបត្រខ្ពស់។
បច្ចុប្បន្ន កម្រិតប្រាក់ខែគោលរបស់បុគ្គលិក អចលនទ្រព្យពី៥ - ៧ លានដុង/ខែ មិនទាន់គិតកម្រៃជើងសារនៅពេលបិទការលក់ជោគជ័យ។ យុវជនជាច្រើនបានក្លាយជាអ្នកមានដោយសារធ្វើជាភ្នាក់ងារអចលនទ្រព្យ។
ខាងលើនេះ ជាមុខរបរមួយចំនួនផ្ដល់ប្រាក់ចំណូលខ្ពស់តម្រូវការបណ្តុះបណ្តាលរយៈពេលខ្លីប៉ុណ្ណោះ លោកអ្នកអាចស្វែងយល់ដើម្បីជ្រើសរើស៕
យោង៖ VTC - វិមាន