(CT) - គណៈប្រតិភូនៃគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ដឹកនាំដោយសមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង បានអញ្ជើញទៅសួរសុខទុក្ខ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីវៀតណាម និងជូនអំណោយដល់គ្រួសារមានសគុណចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រ ដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្តខ័ណ្ឌប៊ិញធ្វីចំនួន ១០០ គ្រួសារ។ នៅទីនោះ សមមិត្ត ង្វៀងធឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជំនួសមុខថ្នាក់ដឹកនាំក្រុង ផ្ដល់ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ការពារប្រទេស-សន្ដិសុខរបស់ក្រុងឆ្នាំ២០២៣ ។ សមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនក្រុងមានប្រសាសន៍ថា ការងារគិតគូរដល់គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ មុខសញ្ញា គាំពារសង្គម មនុស្សចាស់ កុមារកំព្រា។ល។ ត្រូវបានក្រុងយកចិត្តទុកដាក់ អនុវត្តយ៉ាងល្អ។ ពិសេស ស្របឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម យ៉ាបធិន ២០២៤ ក្រុងបានធ្វើការជូនអំណោយជាង ៥៩.០០០ ចំណែក សរុបថវិកាជាង ៧១ ពាន់លានដុង។ ដោយឡែកនៅខ័ណ្ឌប៊ិញធ្វី ជូនអំណោយជាង ២.៧០០ ចំណែក សរុបតម្លៃជិត ២,៣ ពាន់លានដុង។ សមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនក្រុង បានគូសបញ្ជាក់ ទោះបីអំណោយតិចតូចក៏ពិតមែន ប៉ុន្តែពោរពេញទៅដោយមនោសញ្ចេតនាដែលបង្ហាញពីការយកចិត្តទុកដាក់របស់បក្ខភាគ រដ្ឋអំណាចក្រុងចំពោះគ្រួសារទាំងនេះ; ទន្ទឹមនឹងនោះ ក៏ជាការលើកទឹកចិត្តជួយដល់គ្រួសារទាំងនេះ កាន់តែរីករាយទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ។
សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស
លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនអំណោយដល់គ្រួសារមាន
សគុណចំពោះបដិវត្តន៍លើភូមិសាស្រ្ដខ័ណ្ឌប៊ិញធ្វី។ រូបថត៖ គីមស្វឹង
* គណៈជនជាតិក្រុងកឹងធើ ទើបរៀបចំជូនអំណោយបុណ្យចូលឆ្នាំថ្មីវៀតណាមដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច គ្រួសារជនជាតិខ្មែរក្រីក្រនៅខ័ណ្ឌអូរម៉ូង ស្រុកថើយឡាយ និងស្រុកកើ-ដ។ សមមិត្ត ណុងក្វឹកត្វឹង អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ បានអញ្ជើញចូលរួមនិងប្រសិទ្ធពរដល់ជនជាតិភាគតិចនៅក្រុងកឹងធើ ទទួលអំណរបុណ្យចូលឆ្នាំថ្មី យ៉ាបធិន ២០២៤ ប្រកបដោយភាពសប្បាយរីករាយ សុខដុមរមនា។ ទន្ទឹមនឹងនោះ សមមិត្ត បានបង្ហាញពីបំណងប្រាថ្នានិងការជឿជាក់ ជនរួមជាតិភាគតិចលើភូមិសាស្រ្តក្រុងនឹងបន្តរួបរួមសាមគ្គីគ្នា ខិតខំឈានឡើងចាកផុតពីភាពក្រីក្រ ព្រួតដៃកសាងភូមិស្រុកកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។ល។
ស្របក្នុងឱកាសនេះ គណៈជនជាតិក្រុងកឹងធើ បានជូនអំណោយ ៣៩ ចំណែកដល់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅខ័ណ្ឌអូរម៉ូង ស្រុកថើយឡាយ ស្រុកកើ-ដ; ជូនអំណោយ ២៥ ចំណែកដល់គ្រួសារជនជាតិខ្មែរក្រីក្រ; ជូនអំណោយ១០ចំណែកដល់សិស្សានុសិស្សក្រីក្រ ឆ្លងកាត់ការលំបាក រៀនពូកែរបស់សាលាជនជាតិអន្តេវាសិកក្រុង។ អំណោយមួយចំណែកៗ មានតម្លៃ៨០០.០០០ ដុង (រួមមានទឹកប្រាក់៥០០.០០០ដុង និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត)៕
កាសែតកឹងធើ - ថាច់ធី