ការវិភាគមួយបានចុះផ្សាយថ្មីៗនេះ លើទស្សនាវដ្តី BMC Medicine បានបន្ថែមភស្តុតាងថ្មីបំផុត បញ្ជាក់ថា ការផ្លាស់ប្ដូរអាហារ មានប្រភពពីសាច់-ពិសេសគឺសាច់ដែលចម្អិនស្រាប់- ដោយធញ្ញជាតិសុទ្ធសាធ ព្រមទាំងសណ្តែកគ្រប់ប្រភេទនិងប្រភេទគ្រាប់ ជួយកាត់បន្ថយជាង ២០% ហានិភ័យកើតជំងឺសរសៃឈាមបេះដូងនិងជំងឺទឹកនោមផ្អែមប្រភេទ២។
រូបថតជាឧទាហរណ៍។
ការសន្និដ្ឋានខាងលើ ត្រូវបានក្រុមអ្នកឯកទេសធ្វើការដកស្រង់ បន្ទាប់ពីពិនិត្យទិន្នន័យនិងបូកសរុបលទ្ធផលចំនួន៣៧នៃការសិក្សាស្រាវជ្រាវដែលអនុវត្តនៅប្រទេសអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។ ក្នុងនោះ អ្នកចូលរួមបានរៀបរាប់លម្អិតអំពីអាហារដែលពួកគេនិយមហូប ចំណែកក្រុមអ្នកសិក្សាស្រាវជ្រាវតាមដានអ្នកចូលរួមមធ្យមភាគ១៩ឆ្នាំ ដើម្បីស្វែងរកការទាក់ទងរវាងរបបហូបចុកនិងលទ្ធផលសុខភាព។ ពួកគេក៏បានពិនិត្យនូវកក្តាផ្សេងៗ ទៀតដែលអាចប៉ះពាល់ដល់សុខភាព រួមមានបរិមាណកាឡូរីដែលទទួលទាននិងការធ្វើលំហាត់ប្រាណព្រមទាំងទម្លាប់ជក់បារីនិងពិសាស្រាបៀ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានប្រភេទគ្រាប់ជំនួសឱ្យអាហារសាច់ចម្អិនស្រាប់ ជួយកាត់បន្ថយបានជាង២២%ហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២និងកាត់បន្ថយបាន២១%ហានិភ័យនៃការបាត់បង់ជីវិត។ ការជំនួសសាច់ក្រហមដែលមិនទាន់ច្នៃ ឬស៊ុត ដោយអាហារប្រភពរុក្ខជាតិ ក៏បាននាំមកលទ្ធផលកែលម្អសុខភាពល្អប្រសើរជាងដែរ។
លោក Qi Sun អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ និងរោគរាតត្បាតវិទ្យានៅសាលាសុខាភិបាលសហគមន៍ Harvard TH Chan (សហរដ្ឋអាមេរិក) វាយតម្លៃថា ការសិក្សានេះមានប្រយោជន៍ខ្លាំងណាស់ ព្រោះវាបានរៀបរាប់លម្អិតពីការផ្លាស់ប្តូររបបហូបចុកដែលទាក់ទងយ៉ាងជិតស្និទ្ធបំផុតដល់ការកែលម្អសុខភាពឱ្យល្អប្រសើរឡើង។ តួយ៉ាងការសិក្សាបាន ប៉ាន់ស្មានការជំនួសអាហារសាច់មួយចំណែកដែលចម្អិនស្រាប់ជារៀងរាល់ថ្ងៃ ដោយរបបហូបធញ្ញជាតិសុទ្ធសាធ ព្រមទាំងសណ្តែកគ្រប់ប្រភេទនិងប្រភេទគ្រាប់ ជួយកាត់បន្ថយពី ២៣%-៣៦% ហានិភ័យកើតជំងឺសរសៃ ឈាមបេះដូង ដូចជំងឺដាច់សរសៃឈាមខួរក្បាល ឈឺបេះដូងនិងស្ទះសរសៃឈាមបេះដូង៕
កាសែតកឹងធើ-មុនី