ការដើរ គឺជាការធ្វើលំហាត់ប្រាណសាមញ្ញាមួយដែលអ្នកណាក៏អាចធ្វើបានគ្រប់ពេល គ្រប់ទីកន្លែង។ ប៉ុន្តែ ក្រៅពីការដើរឈានទៅមុខជាធម្មតា តើមិត្តដឹងទេថា ការដើរថយក្រោយក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផងដែរ?
រូបថតជាឧទាហរណ៍។
អ្នកទើបចាប់ផ្ដើមហាត់ដើរថយក្រោយ ត្រូវដើរយឺតៗ ដើម្បីរក្សាសុវត្ថិភាព។
មានការសិក្សាស្រាវជ្រាវផ្សេងៗជាច្រើនបានបង្ហាញថា ការចលនាថយក្រោយអាចមានផលប្រយោជន៍ជួយដល់អ្នកជំងឺរលាកសន្លាក់ជង្គង់និងឈឺខ្នងរុាំរ៉ៃ ព្រមទាំងកែលម្អដំណើរដើរនិងមានសមត្ថភាពរក្សាលំនឹងផង។ ការដើរថយក្រោយ ក៏អាចលំហាត់ខួរក្បាលនិងជួយឱ្យស្មារតីភ្លឺស្រឡះជាង ដ្បិតខួរក្បាលត្រូវមានការ “ប្រុងប្រយ័ត្ន” ខណៈពេលរាងកាយចលនាបញ្រ្ចាស់ទិសខុសពីធម្មតា។
ហេតុអ្វីការដើរថយក្រោយល្អសម្រាប់សុខភាព?
យោងតាមលោក Landry Estes អ្នកឯកទេសផ្នែកសាច់ដុំនិងកាយសម្បទានៅ Texas (សហរដ្ឋអាមេរិក) ឱ្យដឹង៖ “នៅពេលជំរុញខ្លួន ចលនាទៅមុខ នោះជាការចលនារបស់សរសៃ។ ប្រសិនបើអ្នកដើរថយក្រោយនោះគឺ ការបញ្រ្ចាស់តួនាទីដែលក្នុងនោះសាច់ដុំភ្លៅខាងមុខកំពុងដំណើរការ ហើយអ្នកកំពុងលាតសន្ធឹងជង្គង់។ លទ្ធផលគឺអ្នកកំពុងហ្វឹកហាត់សាច់ដុំផ្សេងគ្នា ប្រការនេះតែងតែមានអត្ថប្រយោជន៍និងមានកម្លាំងបន្ថែម”។
របៀបហាត់ដើរថយក្រោយដោយសុវត្ថិភាព
លំហាត់ដើរថយក្រោយមិនពិបាកទេ ប៉ុន្តែក៏ដូចជាមេលំហាត់ថ្មីណានីមួយដែរ គឺអ្នកត្រូវដើរយឺតៗពីមួយជំហានទៅមួយជំហាន។ គប្បីចាប់ផ្ដើមហាត់ដើរថយក្រោយប្រហែល៥នាទី ធ្វើឱ្យបានពីរបីដងក្នុងមួយសប្ដាហ៍ ឬចំណាយពេល៥នាទីក្នុងចំណោម២០នាទីដើរចលនាធម្មតាដើម្បីដើរថយក្រោយ។ នៅពេលរាងកាយរបស់អ្នកមានភាពសុាំជាមួយនឹងចលនាបញ្រ្ចាស់ អ្នកអាចបង្កើនពេលវេលានិងល្បឿនឬសាកល្បងនូវចលនាដែលពិបាកជាងមុន មានដូចដើរថយក្រោយក្នុងឥរិយាបទអង្គុយសង់ជ្រោងជាដើម។
ពេលហាត់ដើរថយក្រោយនៅខាងក្រៅ ចូរចងចាំអាទិភាពជ្រើសទីតាំងណាដែលគ្មានឧបសគ្គ គ្រោះថ្នាក់ មានដូចជាវាលស្មៅនៅក្នុងឧទ្យានជាដើម។ រក្សាក្បាលនិងទ្រូងឱ្យត្រង់ក្នុងពេលដើរ។ ជួនកាលអ្នកអាចងាកក្បាលមកខាងក្រោយដើម្បីមើលផ្លូវ ប៉ុន្តែកុំធ្វើ ដូច្នេះជាញឹកញាប់ ពីព្រោះវានឹងធ្វើឱ្យរាងកាយរបស់អ្នកត្រូវវៀច។ វិធីមួយទៀតដែលមានសុវត្ថិភាពជាងក្នុងការអនុវត្តដើរថយក្រោយគឺការដើរជាមួយមិត្តភក្ដិ ក្នុងលក្ខណៈទល់មុខគ្នា ហើយមិត្តនេះនឹងដើរតួនាទីដូចជាភ្នែកទាំងគូរបស់អ្នក។ បន្ទាប់ពីចលនាបានពីបីនាទី គួរផ្លាស់ប្ដូរទីតាំងគ្នាដើម្បីអ្នកណាក៏អាចហាត់ដើរថយក្រោយ។
ក្នុងករណីដែលអ្នកហាត់ដើរថយក្រោយនៅលើម៉ាស៊ីនហាត់ប្រាណ សូមចាប់ផ្ដើមដោយរបៀបកាន់បង្កាន់ដៃ ហើយជ្រើសល្បឿនយឺតៗ ដើម្បីធានាសុវត្ថិភាព។ នៅពេលសុាំនឹងការដើរថយក្រោយ មិត្តអាចដើរលឿន បង្កើនល្បឿននិងលែងបង្កាន់ដៃ៕
អាងញៀង (Theo CNN) - ប្រែសម្រួល៖ ថាច់ធី