បច្ចុប្បន្ន សាលារៀនទាំងអស់នៅតំបន់ដែលមានជនជាតិខ្មែររស់នៅកុះកររបស់ខេត្តសុកត្រាំង តែងបង្រៀនអក្សរខ្មែរដល់សិស្ស។ អាស្រ័យហេតុនេះ បានរួមចំណែកអភិរក្សនិងពង្រីកតម្លៃភាសានិងអក្សរសាស្រ្តជនជាតិ។
បង្រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តបឹងទន្សា ឃុំវៀងអាង ស្រុកត្រឹងដេ។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ឆ្នាំសិក្សា២០២២ - ២០២៣ ក្នុងខេត្តទាំងមូលមាន ១៣១សាលាបង្រៀនអក្សរខ្មែរ មាន១.៣១៩បន្ទប់ មានសិស្សជាង៤៤.៤០០នាក់។ ក្នុងនោះ កម្រិតបឋមសិក្សាមាន៩១សាលាមាន៩២៩ បន្ទប់; អនុវិទ្យាល័យមាន៣៣សាលា មាន៣៤៦បន្ទប់; កម្រិតវិទ្យាល័យមាន៧សាលា និងមាន ៤៤បន្ទប់។ សិស្សជនជាតិខ្មែររៀនតាមកម្មវិធីសិក្សានិងសៀវភៅសិក្សាគោល ដែលចងក្រងដោយក្រសួងអប់រំនិងបណ្តុះបណ្តាល រៀនឆ្លាស់ជាមួយកម្មវិធីសិក្សាចំណេះទូទៅ។ ដូចជាសិស្សថ្នាក់ទី១ ទី២ និងទី៣ រៀនអក្សរខ្មែរ២ ម៉ោងក្នុងមួយសប្តាហ៍; សិស្សថ្នាក់ទី៤ និងទី៥ រៀន៤ម៉ោងក្នុងមួយសប្តាហ៍; សិស្សអនុវិទ្យាល័យរៀនពី៣-៤ម៉ោងក្នុងមួយសប្តាហ៍ និងសិស្សវិទ្យាល័យរៀន២ម៉ោងក្នុងមួយសប្តាហ៍។ អ្នកគ្រូម៉ាយធីធូភឿង បង្រៀនអក្សរខ្មែរនៅសាលាបឋមសិក្សាថាញ់ភូ២ ឃុំថាញ់ភូ ស្រុកមីស្វៀង បានឱ្យដឹង៖ “សិស្សខ្មែរភាគច្រើន បានរៀនអក្សរខ្មែរនៅក្នុងវត្តនារដូវវិស្សមកាល ដូច្នេះនៅពេលចូលរៀន ប្អូនៗបានចេះអាននិងចេះសរសេររួចទៅហើយ។ ម្ល៉ោះហើយ ពេលនាងខ្ញុំបង្រៀន សិស្សថ្នាក់ទី១ ក៏យល់មេរៀនបានឆាប់ណាស់ ព្រមទាំងអាននិងសរសេរបានល្អដែរ”។
បង្រៀនអក្សរខ្មែរនៅសាលាបឋមសិក្សា ឃុំវៀងអាង ស្រុកត្រឹងដេ ។
ដោយសារខេត្តសុកត្រាំងមានគោលនយោបាយអនុគ្រោះសម្រាប់អ្នករៀនអក្សរខ្មែរ ម្ល៉ោះហើយ មានវត្តជាច្រើនបានរៀបចំបើកបង្រៀនអក្សរខ្មែរ ហើយសិស្សមកចូលរៀនក៏កើនឡើងជាលំដាប់ផងដែរ។ ហេតុនោះ ពេលរៀនអក្សរខ្មែរនៅសាលាចំណេះទូទៅ ប្អូនៗក៏តាមទាន់មេរៀនបានល្អ។ កាលពីឆ្នាំ២០២២ នៅខេត្តសុកត្រាំងទាំងមូលមានវត្តខ្មែរចំនួន៦៧វត្ត បានរៀបចំបើកបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល ដោយមាន១៩៧បន្ទប់ មានសិស្សខ្មែរចំនួន ៤.៤៥៥នាក់ចូលរៀន។ ប្អូនលីអាញយ្វី ជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ បាននិយាយថា៖ “រដូវវិស្សមកាល គឺប្អូនបានទៅរៀនអក្សរខ្មែរនៅវត្តចន្ទសោភ័ណព្រែកអណ្តើក ដូច្នេះឥឡូវប្អូនអាចអានអក្សរខ្មែរបានស្ទាត់ជំនាញ។ ចំណែករៀននៅសាលាចំណេះទូទៅក៏មានបង្រៀនអក្សរខ្មែរ៤ម៉ោងក្នុងមួយសប្តាហ៍ដែរ ដូច្នេះកាន់តែជួយឱ្យប្អូនរៀនបានល្អវិញ្ញាសាអក្សរខ្មែរ”។
យោងតាមប្រសាសន៍លោកយ័ញហ្វាងង្វៀង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង គឺខេត្តមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្រៀនអក្សរខ្មែរដល់សិស្ស ដូច្នេះ ក្រៅពីការបង្រៀននៅតាមសាលារៀន ខេត្តក៏មានគោលនយោបាយពិសេសឧបត្ថម្ភដល់គ្រូបង្រៀនអក្សរខ្មែរនៅតាមវត្តអារាម និងគ្រឹះស្ថានអប់រំក្រៅប្រព័ន្ធសាលារដ្ឋផងដែរ។ លើសពីនេះ ខេត្តសុកត្រាំងក៏មានគម្រោង “បណ្តុះបណ្តាលអក្សរខ្មែរសម្រាប់កម្មាភិបាលនិងបុគ្គលិក” បានបង្រៀនសន្ទនា និងអក្សរខ្មែរដល់កម្មាភិបាលរាប់រយនាក់ ដែលបម្រើការងារនៅតំបន់ជនជាតិខ្មែរ។ អាស្រ័យហេតុនេះ បានរួមចំណែកអភិរក្សនិងពង្រីកតម្លៃភាសា អក្សរសាស្រ្តខ្មែរ។
ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ផ្នែកអប់រំខេត្តបន្តវិនិយោគមូលដ្ឋានសម្ភារៈដល់សាលាជនជាតិអន្តេវាសិក សំដៅមានសាលារៀន៨០% បានសម្រេចបទដ្ឋានជាតិ។ អនុវត្តល្អការងាររៀបចំបង្រៀនអក្សរខ្មែរនៅតាមសាលាដែលមានសិស្សជនជាតិខ្មែររៀនច្រើន។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់វត្តខ្មែរនានា បន្តបើកបង្រៀនភាសានិងអក្សរដល់កូនខ្មែរក្នុងរដូវវិស្សមកាល៕
យ្វីអាញ - បកប្រែ៖ សុផន