រយៈពេលកន្លង ក្រៅពីការអភិវឌ្ឍវិស័យអប់រំនៅតំបន់ជនជាតិ តាមរយៈការវិនិយោគកសាងសាលារៀន បែងចែកគ្រូបង្រៀន ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង នៅទាំងផ្តុំកម្លាំងលើកកម្ពស់គុណភាពអប់រំជនជាតិនៅរាល់កម្រិតសិក្សាជាបន្តបន្ទាប់ផងដែរ។
សិស្សវិទ្យាល័យជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង ចូលរួមសកម្មភាពរបស់
សាលាខណៈពេលនៅអន្តេវាសិកដ្ឋាន។
ការអភិវឌ្ឍសាលាជនជាតិអន្តេវាសិក កំពុងបានភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុងអនុវត្តល្អ។ វិទ្យាល័យជនជាតិអន្តេវាសិកស្ទើរតែទាំងអស់ត្រូវបានវិនិយោគកសាងតាមទិសបទដ្ឋានជាតិ។ អ្នកគ្រូធីហុងវ៉ាង នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ឱ្យដឹង៖ “សាលាបានវិនិយោគព្រមៗគ្នា ចាប់ពីមូលដ្ឋានសម្ភារៈរហូតដល់គ្រឿងឧបករណ៍ផ្សេងៗនិងកំពុងរង់ចាំបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ”។ បច្ចុប្បន្ន ខេត្តគៀងយ៉ាង មានសាលាជនជាតិអន្តេវាសិកចំនួន៦ អាចឆ្លើយតបនឹងតម្រូវការរៀនសូត្ររបស់កូនចៅជនរួមជាតិភាគតិចនៅលើភូមិសាស្រ្ត។ បច្ចុប្បន្ន ទូទាំងខេត្តមានសិស្សជនជាតិភាគតិចជាង១.៦០០នាក់ កំពុងរៀនអន្តេវាសិក។ បងស្រីធីឡាញ់ នៅឃុំឌិញហ្វា ស្រុកហ្គក្វាវ ឱ្យដឹង៖ “ឆ្នាំនេះ កូនខ្ញុំបានចូលរៀនសាលាជនជាតិអន្តេវាសិក ខ្ញុំត្រេកអរណាស់។ ពីរនាក់ប្តីប្រពន្ធខ្ញុំជាកម្មករ ទៅធ្វើការតាំងពីព្រលឹមដល់ព្រលប់។ មានថ្ងៃខ្លះធ្វើការបន្ថែមម៉ោង កូនប្រុសនៅផ្ទះម្នាក់ឯង យើងធ្វើការមិនស្ងប់អារម្មណ៍ឡើយ។ ឥឡូវ កូននៅរៀនសាលាអន្តេវាសិក បានរដ្ឋគិតគូរ តាំងពីការហូបចុក រៀនសូត្រ និងទូន្មានប្រៀនប្រដៅ គ្រួសារខ្ញុំនឹងនរចិត្តណាស់”។
ខណៈពេលកម្រិតសិក្សាចំណេះទូទៅបានវិនិយោគព្រមៗគ្នា ប្រភពសិស្សជនជាតិភាគតិចបញ្ចប់កម្រិតវិទ្យាល័យកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនោះ ក្រៅពីកម្មវិធីជម្រើសតាំង រៀនតាមអាសយដ្ឋាន ភូមិភាគនានានៅទាំងបង្កលក្ខណៈដើម្បីប្អូនៗបានសិក្សាមុខជំនាញវិជ្ជាជីវៈផ្សេងៗនៅតាមមហាវិទ្យាល័យ និងអនុមហាវិទ្យាល័យទៀតផង។ ប្អូនសើុងធីហុកហេវ កំពុងរៀនគរុកោសល្យនៅសាកលវិទ្យាល័យកឹងធើ ឱ្យដឹង៖ “រៀនគរុកោសល្យ ប្អូនបានលើកលែងបង់ថ្លៃសិក្សា ម្ល៉ោះហើយជួយកាត់បន្ថយបន្ទុកដល់ឪពុកម្តាយ។ ប្អូនបានបុលទុនឧបត្ថម្ភពីធនាគារ គោលនយោបាយសង្គម និងធ្វើជាគ្រូបង្រៀនតាមផ្ទះ ដើម្បីមានថវិកាខ្លះៗសម្រាប់ការហូបចុក ស្នាក់នៅរបស់ខ្លួន”។
ក្រៅពីនោះ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍ ដាវញឺ សមាជិកគណៈអធិបតីនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម វិទ្យាធិការនៃវិទ្យាស្ថានពុទ្ធសាសនាខ្មែរ ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ អនុប្រធាន (មិនទទួលបន្ទុក) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ព្រះចៅអធិការវត្តពោធិសំរោង ក្រុងកឹងធើ ពីមុនមកសញ្ញាបត្រនៅតាមសាលាពុទ្ធិសិក្សានិយាយរួម គ្រាន់តែប្រើការបានក្នុងផ្ទៃក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ពេលចាំបាច់សមណសិស្សត្រូវតែចុះឈ្មោះរៀនបន្ថែមនៅតាមសាលាចំណុះប្រព័ន្ធអប់រំជាតិ។ អាស្រ័យហេតុនោះ ចាប់ពីឆ្នាំ២០១៥ រហូតមក វិទ្យាស្ថានពុទ្ធសាសនាខ្មែរបានចងសម្ព័ន្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិហាណូយ បើកថ្នាក់បរិញ្ញាសាសនាវិទ្យា។ ក្រោយពីប្រឡងបញ្ចប់ សមណនិស្សិតមានសញ្ញាបត្រផ្នែកពុទ្ធិកសិក្សាផងនិងបរិញ្ញាបត្រផង។ នេះជាដំណោះស្រាយជួយលើកកម្ពស់កម្រិតវិជ្ជាដល់សមណនិស្សិតដែលសិក្សាទាំងផ្លូវពុទ្ធចក្រនិងអាណាចក្រ។ បច្ចុប្បន្ន វិទ្យាស្ថានពុទ្ធសាសនាខ្មែរ កំពុងបន្តបណ្តុះបណ្តាល បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសាសនាវិទ្យាតាមរូបភាពខាងលើ៕
ហាថាញ - វិមាន