ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវិស្សមកាលម្តងៗ នៅតាមវត្តខ្មែរនានាក្នុងខេត្តសុកត្រាំង តែងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅជនរួមជាតិខ្មែរនៅតាមភូមិស្រុកមកចូលរៀន។ អាស្រ័យហេតុនោះ ភាសានិងអក្សរសាស្រ្តខ្មែរត្រូវបានថែរក្សាបន្តពីជំនាន់មួយទៅជំនាន់មួយ។
ទិដ្ឋភាពថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តបឹងទន្សា។
តាមថេរដីកាព្រះឧបជ្ឈាយ៍ថាច់សុង ព្រះចៅអធិការវត្តបឹងទន្សា ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង វត្តបានបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែររាប់សិបឆ្នាំមកហើយ។ បន្តប្រពៃណីនេះ ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវវិស្សមកាល វត្តតែងផ្តល់ដំណឹងដល់ពុទ្ធបរិស័ទ ឱ្យកូនចៅមករៀនអក្សរខ្មែរ។ ឆ្នាំនេះ វត្តបើកបង្រៀនបាន ៦ ថ្នាក់នៅតាមភូមិ ចាប់ពីថ្នាក់ទី ១ ដល់ទី ២ មានចំនួនសិស្សជាង ៣០០ នាក់។ ព្រះឧបជ្ឈាយ៍ថាច់សុង មានថេរដីកា៖ “មានតែបង្រៀនអក្សរនៅតាមវត្តទេ ទើបកូនចៅខ្មែរចេះអាន ចេះសរសេរ ព្រោះម៉ោងបង្រៀននៅតាមសាលាសកលមិនសូវបានប្រមាណទេ ហេតុដូច្នេះ ទើបមាមីងពុទ្ធបរិស័ទ អ្នកណាក៏ចង់ឱ្យកូនចៅមករៀន ដើម្បីរក្សាភាសានិងអក្សរសាស្រ្តរបស់ជនជាតិ”។
ថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តបឹងក្រចាប់ថ្មី។
ដោយកំណត់ច្បាស់ វត្តគឺជាកន្លែងបណ្តុះបណ្តាល និងរក្សាភាសា អក្សរសាស្ត្ររបស់ជនជាតិ ទើបវត្តបានចាត់ព្រះអង្គគ្រូជំនាញៗចុះទៅបង្ហាត់បង្រៀន។ ព្រះតេជគុណលីស៊ីថន បង្រៀនអក្សរខ្មែរក្នុងវត្តបឹងទន្សា មានថេរដីកា៖ “អាត្មាសព្វថ្ងៃកំពុងសិក្សាថ្នាក់ទី ១១ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ សម្រាកវិស្សមកាល អាត្មាក៏និមន្តមកវត្តជួយបង្រៀនអក្សរដល់កូនចៅខ្មែរក្នុងភូមិ។ អាត្មាបង្រៀនតាមសៀវភៅពុម្ភរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល”។ ប្អូនថាច់ហ្វាងផុង និយាយ៖ “ប្អូនចូលរៀននៅដើមខែមិថុនា សព្វថ្ងៃប្អូនចេះអាន ចេះសរសេរព្យញ្ជនៈនិងស្រះអស់ហើយ។ រៀងរាល់ថ្ងៃ លោកគ្រូតែងចាប់សងមេរៀន ដូច្នេះហើយ ប្អូនត្រូវតែខិតខំរៀនឱ្យបានល្អ ដើម្បីនៅពេលបញ្ចប់វគ្គសិក្សាសម្រេចបានពិន្ទុខ្ពស់ និងទទួលបានរង្វាន់”។
ឆ្នាំនេះ វត្តបឹងក្រចាប់ថ្មី ឃុំតឹងហឹង ស្រុកឡុងភូ មានប្អូនៗជាង ២០០ នាក់មករៀន។ វត្តបានរៀបចំថ្នាក់រៀននៅនឹងឧបដ្ឋានសាលា ដើម្បីឱ្យប្អូនៗចូលរៀនបានទាន់ពេល។ ប្អូនថាច់ធីម៉ុង និយាយ៖ “ ប្អូនរៀនអក្សរខ្មែរនៅក្នុងវត្តបាន ៤ឆ្នាំហើយ ឥឡូវចេះអាន ចេះសរសេរគួរសមដែរ។ ពេលដល់រដូវវិស្សមកាល ឮថាវត្តបើកបង្រៀនអក្សរខ្មែរ ក៏សុំឪពុកម្ដាយទៅរៀននឹងគេ។ ព្រោះទៅរៀនបានជួបមិត្តភ័ក្ដិ លេងសប្បាយ និងបញ្ចប់វគ្គសិក្សាបើសម្រេចបានលទ្ធផលខ្ពស់ នឹងទទួលបានរង្វាន់”។
តាមថេរដីកាព្រះតេជព្រះគុណថាច់ធឿន ព្រះចៅអធិការវត្តបឹងក្រចាប់ថ្មី ដើម្បីជំរុញស្មារតីការសិក្សារបស់កូនចៅខ្មែរ នៅពេលបញ្ចប់វគ្គសិក្សា វត្តបានរៀបចំជូនរង្វាន់ដល់ប្អូនៗដែលរៀនពូកែ និងឧស្សាហ៍រៀន។ ជាមធ្យមក្នុងមួយវគ្គៗ វត្តក៏បម្រុងទឹកប្រាក់ពី ១០-២០ លានដុង ដើម្បីរៀបចំជូនរង្វាន់ដល់សិស្សដែលទទួលបានពិន្ទុខ្ពស់ និងឧស្សាហ៍រៀនសូត្រ។ ព្រះតេជព្រះគុណថាច់ធឿន មានថេរដីកា៖ “អស់រយៈពេលជាច្រើនឆ្នាំមកនេះ វត្តតែងតែបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅខ្មែរក្នុងភូមិស្រុក គ្រាន់តែផ្អាកបង្រៀនមួយឆ្នាំ ព្រោះរងផលប៉ះពាល់នៃជំងឺ COVID -១៩។ ការបង្រៀនអក្សរខ្មែរក្នុងវត្ត គឺជួយឱ្យកូនចៅខ្មែរព្រួតដៃគ្នាដើម្បីថែរក្សានូវភាសានិងអក្សរសាស្រ្តរបស់ជនជាតិ ពីព្រោះភាសានិងអក្សរសាស្រ្ត គឺជាឫកគល់នៃវប្បធម៌របស់ជនជាតិនីមួយៗ”៕
លីធាន-ត្រឹងរ៉ូន