អនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ជាសាលាមួយដែលបានអាណាព្យាបាលសិស្សនិងសិស្សទំនុកចិត្ត រយៈពេលកន្លង សមូហភាពគ្រូបង្រៀននិងសិស្សសាលា តែងលើកកម្ពស់គុណភាពបង្រៀននិងរៀនឥតឈប់ឈរ។
សកម្មភាពក្រៅវគ្គសិក្សា ជួយឱ្យសិស្សអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ
ខេត្តគៀងយ៉ាង មានភាពស្និទ្ធស្នាលគ្នានិងស្មារតីសមូហភាព។
តាមប្រសាសន៍អ្នកគ្រូធីហុងវ៉ាង នាយិកាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ អាស្រ័យបានការយកចិត្តទុកដាក់របស់គ្រប់ថ្នាក់ គ្រប់ផ្នែក ពិសេសគឺកិច្ចចង្អុលការយ៉ាងជិតដិតរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាល ក៏ដូចជាការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកហ្គក្វាវ ម៉្លោះហើយកងជួរកម្មាភិបាល គ្រូបង្រៀន បុគ្គលិករបស់សាលា មានគ្រប់ចំនួននិងសម្រេចបទដ្ឋាន។ ក្នុងនោះ មានកម្មាភិបាល គ្រូបង្រៀនវ័យក្មេងជាច្រើន សកម្មក្នុងការអនុវត្តភារកិច្ច តែងសិក្សាស្រាវជ្រាវ ដើម្បីបង្កើនមុខជំនាញវិជ្ជាជីវៈ។ ហេតុនេះ អត្រាកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនសម្រេចបទដ្ឋាននិងសម្រេចលើសបទដ្ឋានកាន់តែច្រើនឡើង។ ពេលកម្រិតវិជ្ជាគ្រូបង្រៀនត្រូវបានលើកកម្ពស់ដូច្នេះ គុណភាពសិក្សារបស់សិស្ស ក៏បានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។ ឆ្នាំសិក្សាកន្លង សាលាមានសិស្សម្នាក់ពូកែវិញ្ញាសាអក្សរសាស្ត្រថ្នាក់ស្រុក អត្រាសិស្សសិក្សាសម្រេចនិទ្ទេសពីមធ្យមឡើងទៅគឺ ៩៥% អត្រាសិស្សសម្រេចចរិយាសម្បត្តិប្រសើរគឺ ៩៦,៤% ក្រៅពីនោះ គឺសិស្សសម្រេចចរិយាសម្បត្តិគ្រាន់បើ។
អាស្រ័យបានការយកចិត្តទុកដាក់ពីគ្រប់លំដាប់ថ្នាក់ ឃើញថាមូលដ្ឋានសម្ភារៈអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ត្រូវបានវិនិយោគគ្រប់សព្វតាមទិសដៅសម្រេចបទដ្ឋានជាតិ។ បច្ចុប្បន្ន សាលាមានបន្ទប់រៀនចំនួន ៨ បន្ទប់អនុវត្ត ពិសោធន៍ចំនួន ២ បណ្ណាល័យ ១ បន្ទប់ព័ត៌មានវិទ្យា ១ បន្ទប់ភាសាអង់គ្លេស១។ អ្នកគ្រូនាយិកាសាលាបញ្ជាក់៖ “មានមូលដ្ឋានសម្ភារៈសព្វគ្រប់ ឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀនគ្រប់មុខវិជ្ជា។ ក្រៅពីនោះ សាលាក៏បានវិនិយោគកសាងអន្តេវាសិកដ្ឋានបាន សមរម្យ តាំងពីកន្លែងស្នាក់នៅហូបចុក រហូតដល់ទីលានកីឡា ដើម្បីប្អូនៗលេងកម្សាន្តលត់ដំកាយសម្បទា”។ ដោយសារកងជួរគ្រូបង្រៀន មានសិ្ថរភាពទាំងមានកម្រិតវិជ្ជាមុខជំនាញល្អ រួមជាមួយនឹងមូលដ្ឋានសម្ភារៈទំនើប ដូច្នេះ អនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកហ្គក្វាវ ទាក់ទាញសិស្សចូលរៀនយ៉ាងច្រើន។ បងយ័ញមី នៅឃុំឌិញហ្វា ឱ្យដឹង៖ “តាំងពីថ្នាក់ទី ៥ ខ្ញុំបានណែនាំកូនឱ្យខំប្រឹងរៀនដើម្បីប្រឡងចូលសាលាអន្តេវាសិក ព្រោះរៀននៅទីនេះមិនបង់ថ្លៃសិក្សា ហើយថែមទាំងធានាការអភិវឌ្ឍរបស់កូនក្នុងបរិស្ថានសមូហភាពនិងកំណត់បានទិសដៅទៅអនាគត។ ដំបូង ប្រពន្ធខ្ញុំក៏មានការប្រតិកម្ម ព្រោះគិតថាកូននៅក្មេងខ្ចីទើបតែរៀនថ្នាក់ទី ៦ ប៉ុន្តែពេលឃើញសិស្សអនុវិទ្យាល័យជាច្រើនក្នុងភូមិ ញៀនលេងហ្គេម បង្ករឿង វាយប្រតបគ្នា ប្រពន្ធខ្ញុំក៏ឯកភាពឱ្យកូនទៅរៀន នៅសាលាអន្តេវាសិក។ ឥឡូវ កូនក៏ធ្លាប់នឹងបរិស្ថានសមូហភាព រៀងរាល់ចុងសប្តាហ៍ខ្ញុំទៅឌុបកូនមកផ្ទះលេង”។
តាមប្រសាសន៍លោកលីមិញថាំង អនុប្រធានការិយាល័យនៃក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ឱ្យដឹង៖ អនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ តែងសម្រេចល្អភារកិច្ចបង្រៀននិងរៀន បង្កបានទំនុកចិត្តចំពោះអាណាព្យាបាលសិស្ស។ ផ្តើមពីនោះ រួមចំណែកបង្កើនកម្រិតប្រជាបញ្ញានិងគុណភាពប្រភពធនធានមនុស្ស៕
ហាថាញ-មុនី