ខេត្តសុកត្រាំង បានអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយអនុគ្រោះសម្រាប់សិស្សជនជាតិខ្មែរ ដូច្នេះសិស្ស និស្សិតជាច្រើនដែលមានស្ថានភាពលំបាក មានលក្ខណសម្បត្តិបានទៅរៀន រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញានៅតំបន់ជនជាតិភាគតិច។
មានសិស្សជនជាតិខ្មែរជាច្រើនបានទទួលអាហារូបករណ៍វ៉ឺអាយ៉ិញ។
សិស្សជនជាតិភាគតិចនៅឃុំលំបាកខ្លាំងបានលើកលែងបង់ថ្លៃសិក្សា។
ការងារអប់រំ និងបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិចតែងបានខេត្តសុកត្រាំងយកចិត្តទុកដាក់អនុវត្តល្អ។ ក្នុងនោះ មានសិស្សជាង ៣.៤០០ នាក់ដែលកំពុងសិក្សានៅវិទ្យាល័យជនជាតិអន្តេវាសិកចំនួន ១០ សុទ្ធសឹងបានទទួលអាហារូបករណ៍ប្រចាំខែស្មើនឹង ៨០% នៃកម្រិតប្រាក់បៀវត្សរ៍អប្បបរមានិងរបបគោលនយោបាយផ្សេងៗទៀត។ លើសពីនេះ ការអនុវត្តនូវអនុក្រឹត្យលេខ ៨៦/២០១៥ /NĐ-CP ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៥ របស់រដ្ឋាភិបាល ខេត្តបានផ្តល់ថវិកាជាង ៥,២ ពាន់លានដុង ជំនួយដល់ការលើកលែងនិងកាត់បន្ថយថ្លៃសិក្សាដល់សិស្សចំនួន ៨.៦៩១ នាក់; ឧបត្ថម្ភអង្ករ ៣៨៩.៧៣០គីឡូក្រាមដល់សិស្សជនជាតិភាគតិចចំនួន ៦.៤៤៤ នាក់ និងវិទ្យាល័យនៅតាមឃុំពិបាកខ្លាំង។ ឧបត្ថម្ភប្រាក់អាហារដល់សិស្សចំនួន ៨៦១នាក់ ប្រាក់ស្នាក់នៅសម្រាប់សិស្សចំនួន ១៤ នាក់ ដោយថវិកាជិត ៤,៤ ពាន់លានដុង។ ទន្ទឹមនឹងនោះ មានគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃដល់កូនចៅជនជាតិភាគតិច គោលនយោបាយសម្រាប់សិស្ស និស្សិតជនជាតិភាគតិចដែលមានស្ថានភាពលំបាក បានបុលប្រាក់សម្រាប់ផ្គត់ផ្គង់ការរៀនសូត្រ គោលនយោបាយពិនិត្យជម្រើស និងជ្រើសតាំងចូលរៀនអនុមហាវិទ្យាល័យ មហាវិទ្យាល័យ អនុបណ្ឌិត ជាដើមត្រូវបានផ្សព្វផ្សាយអនុវត្តទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ប្អូនត្រេវមីដុង នៅឃុំលិចហោទឿង ស្រុកត្រឹងដេ កំពុងសិក្សាជំនាញផ្នែកព័ត៌មានពហុមធ្យោបាយ នៅសកលវិទ្យាល័យកឹងធើ បាននិយាយ៖ “គ្រួសារក្រ ដូច្នេះក្នុងរយៈពេល ១២ ឆ្នាំសិក្សា ប្អូនតែងបានលើកលែងបង់ថ្លៃសិក្សា។ បច្ចុប្បន្ន ដោយសារមានគោលនយោបាយលើកលែងបង់ថ្លៃសិក្សាសម្រាប់កូនខ្មែរក្រីក្រ រៀននៅមហាវិទ្យាល័យ ដូច្នេះប្អូនត្រូវបានលើកលែងថ្លៃសិក្សាផងដែរ។ លើសពីនេះ ប្អូននៅទាំងបានទទួលអាហារូបករណ៍របស់ខេត្តផង ដូច្នេះបានជួយឲ្យប្អូនមានកម្លាំងចិត្តបន្ថែមទៀតក្នុងការសម្រេចក្តីសុបិនរបស់ខ្លួន”។ អ្នកមីងថាច់ធីវុឌ្ឍិ៍ នៅសង្កាត់លេខ ៥ ក្រុងសុកត្រាំង បានឱ្យដឹង៖ “ចៅទាំងពីរនាក់របស់ខ្ញុំជាកូនគ្រួសារក្រពេលចូលរៀន បានរដ្ឋលើកលែងបង់ថ្លៃសិក្សាព្រមទាំងបាន ឧបត្ថម្ភសៀវភៅសិក្សាគោល សៀវភៅសរសេរ និងប៊ិក ឥឡូវរៀនដល់ថ្នាក់ទី ៦ ខ្ញុំសប្បាយចិត្តណាស់ ហើយតែងលើកទឹកចិត្តចៅៗឱ្យខិតខំរៀន ដើម្បីក្លាយជាមនុស្សមានប្រយោជន៍ដល់សង្គម”។
តាមប្រសាសន៍លោកយ័ញហ្វាងង្វៀង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ទន្ទឹមនឹងការអនុវត្តគ្រប់សព្វ និងទាន់ពេលវេលានូវគោលនយោបាយសម្រាប់សិស្សជនជាតិភាគតិច កូនចៅខ្មែរក្រីក្រដែលសង្វាត់រៀនសូត្រនៅទាំងបានអង្គការនយោបាយសង្គម មូលនិធិអាហារូបករណ៍វ៉ឺអាយ៉ិញ និងសមាគមជំរុញការសិក្សាខេត្ត ឧបត្ថម្ភអាហារូបករណ៍ សម្លៀកបំពាក់ សិក្ខូបករណ៍កង់ ដើម្បីរៀនសូត្រឱ្យបានល្អ។ មាននិស្សិតខ្មែរក្រីក្រមួយចំនួនបានទទួលអាហារូបករណ៍មួយកញ្ចប់សម្រាប់រយៈពេលសិក្សានៅមហាវិទ្យាល័យ។ មានគោលនយោបាយជាច្រើនសម្រាប់សិស្សជនជាតិភាគតិច ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដូច្នេះកម្រិតប្រជាបញ្ញារបស់ជនជាតិភាគតិចក្នុងខេត្តត្រូវបានកើនឡើង។ មានកម្មាភិបាលជនជាតិខ្មែរជាច្រើនមានកម្រិតវិជ្ជាបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតកំពុងបំពេញការងារនៅតាមស្ថាប័ន មន្ទីរ គណៈ ផ្នែកក្នុងខេត្ត៕
យ៉ីអាញ-បកប្រែ៖ សុផន