ខេត្តបាកលីវ តែងយកចិត្តទុកដាក់ដល់ការបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្ម ផ្សារភ្ជាប់នឹងកសាងជនបទថ្មី។ ផ្តើមពីនោះ បានប្រទះឃើញនូវទម្រង់ថ្មីៗជាច្រើនក្នុងការផលិតកសិកម្ម ផ្តល់ប្រាក់ចំណូលរាប់រយលានដុងនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។
ទម្រង់ដាំចេកក្រមួនរបស់លោកឡើយ ផ្តល់ប្រាក់ចំណូលខ្ពស់។
តួយ៉ាងដូចទម្រង់ដាំទំពាំងបារាំងរបស់លោកត្រឿងមិញបាត់ នៅភូមិបៀងដុង A ឃុំវិញត្រាច់ដុង ក្រុងបាកលីវ។ ទម្រង់នេះ បានជួយគ្រួសារគាត់ចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន។ បច្ចុប្បន្ន ទំពាំងបារាំងរបស់គាត់មានដាក់លក់នៅតាមផ្សារទំនើប Coopmart និងតាមភោជនីយដ្ឋានធំៗនៅក្នុងនិងក្រៅខេត្ត។ តាមប្រសាសន៍លោកបាត់ ទំពាំងបារាំងមានច្រកចេញលំនឹង រីឯតម្លៃក៏ខ្ពស់ពី ១០០.០០០-១២០.០០០ ដុង/គីឡូក្រាម។ មធ្យមភាគក្នុងមួយខែ គាត់ផ្គត់ផ្គង់ទំពាំងបារាំងដល់ទីផ្សារជាង ១០០ គីឡូក្រាម។ ក្រៅពីនោះ គាត់នៅទាំងចងសម្ព័ន្ធជាមួយនឹងកសិករនៅខេត្តហូវយ៉ាង ត្រាវិញ និងនិញធ្វឹង ។ល។ ដើម្បីមានប្រភពគ្រប់គ្រាន់ផ្គត់ផ្គង់ទីផ្សារ។ លោកបាត់ ឱ្យដឹង៖ “ឆ្នាំ ២០១៦ ពេលចូលរួមវគ្គហ្វឹកហ្វឺនខាងបច្ចេកទេសដាំដំណាំរួមផ្សំ ខ្ញុំឃើញទម្រង់ដាំទំពាំងបារាំងសមស្រប ជាមួយនឹងដីរបស់ខ្ញុំ ម្ល៉ោះហើយ ក៏សាកសួរ ការិយាល័យកសិកម្មស្រុក ស្វែងរកទិញពូជមកដាំ។ ទន្ទឹមនឹងនោះ ក៏ស្វែងយល់ពីបច្ចេកទេសតាមប្រព័ន្ធអ៊ីនធឺណិត និងចូលរួមកម្មវិធីសន្ទនាកសិករតាមប៉ុស្តិ៍ទូរទស្សន៍ដើម្បីរៀនសូត្របច្ចេកទេសបន្ថែម។ បច្ចុប្បន្ន ដំណាំទំពាំងបារាំង៣កុងរបស់ខ្ញុំ រកបានប្រាក់ចំណេញជាង ៣០០ លានដុង/ឆ្នាំ”។ ឆ្នាំ ២០១៨ ទំពាំងបារាំងរបស់គាត់ ត្រូវបានសាខានាយកដ្ឋានដាំដុះនិងការពាររុក្ខជាតិខេត្តបាកលីវ ទទួលស្គាល់គ្រប់លក្ខណៈសុវត្ថិភាពចំណីអាហារ ដើម្បីផលិតនិងធ្វើអាជីវកម្មផលិតផល។ សង្វាក់នៃការដាំទំពាំងបារាំងរបស់គាត់ គឺប្រើប្រាស់ជីសរីរាង្គអតិសុខុមប្រាណ និងថ្នាំកម្ចាត់សត្វល្អិត បង្ការជំងឺ មានប្រភពជីវសាស្រ្ត មិនសូវប្រើថ្នាំដែលមានប្រភពគីមីទេ។
លោកត្រឿងមិញបាត់ សោចទឺកដំណាំទំពាំងបារាំង
តាមប្រសាសន៍លោកបាត់ ដាំដំណាំទំពាំងបារាំង បើចេះរបៀបថែទាំ ដូច៖ កាត់ចោលដើមដែលខូច លើករងឱ្យខ្ពស់ រំដោះទឹកបានល្អ ស្រោចទឹកឱ្យគ្រប់ចំនួន និងប្រមូលផលតាមគោលការណ៍ ៤ លើក/ឆ្នាំ ក្នុងនោះ ប្រមូលផល ២ ខែ និងបំប៉ន ១ ខែ ដើម្បីដើមទំពាំងលូតលាស់ល្អ អាចរស់បានយូរ គឺរហូតដល់ ១០ ឆ្នាំឯណោះ។ បំផុតគឺដីត្រូវតែរសោះល្អជានិច្ច ដើម្បីដើមទំពាំងដុះពន្លកច្រើន។ ក្រៅពីនោះ នៅលើផ្ទៃដីដាំទំពាំងបារាំង គាត់នៅទាំងដាំឆ្លាស់ប្រភេទដំណាំផ្សេងៗទៀត ដូច៖ ស្ពៃបូកគោ ស្ពៃខាត់ណាដើម សាលាដ ស្ពៃចង្កឹះ។ល។ រកបានប្រាក់ចំណេញជាង ១០០ លានដុង/ឆ្នាំ។
ចំណែកលោកលឺវមិញឡើយ នៅភូមិបៀង តីA ស្នាក់នៅឃុំវិញត្រាច់ដុងនេះដែរ ល្បីឈ្មោះ ធ្វើមានដោយទម្រង់ដាំចេកក្រមួន និងចិញ្ចឹមមាន់លែងក្នុងចម្ការ។ បច្ចុប្បន្ន គាត់ដាំចេកក្រមួនបាន ២,៥ កុង ផ្គត់ផ្គង់ផ្លែផង កូនចេកពូជផង ដល់កសិករនៅក្នុងខេត្ត និងខេត្តជិតខាង ដូចជាសុកត្រាំង ហូវយ៉ាង កាម៉ាវ ជាដើម។ តាមប្រសាសន៍លោកឡើយ ចេកក្រមួនជាប្រភេទដំណាំងាយស្រួលដាំ ចំណាយដើមទុនតិច ប៉ុន្តែអាចរកបានប្រាក់ចំណេញខ្ពស់បង្គួរ។ លោកឡើយ ឱ្យដឹង៖ “ខ្ញុំដាំចេកក្រមួននិងចិញ្ចឹមមាន់តាំងពីឆ្នាំ ២០១៩ រហូតដល់សព្វថ្ងៃ មធ្យមភាគក្នុង ១ឆ្នាំរកបានប្រាក់ចំណូលជាង ៥០០ លានដុង ដោយឡែកលក់កូនចេកពូជបានជាង ១០០ លានដុង/ឆ្នាំ។ ចេកប្រមូលផលមិនដាច់ និងមានឈ្មួញចុះមកប្រមូលទិញដល់ផ្ទះ។ ចេកមួយដើមៗអាចដុះកូន ពី៥ដល់៨ដើម ខ្ញុំជីកលក់មួយដើម ២៥.០០០ ដុង; ចំណែកផ្លែលក់ ១២.០០០ ដុង/គីឡូក្រាម ចេកមួយស្ទងផ្លែច្រើនស្និតនិងមានទម្ងន់ពី ១០ ដល់ ១២ គីឡូក្រាម ចំណែកត្រយូងចេកលក់ ១០.០០០ ដុង/គីឡូក្រាម។ ព្រោះហេតុនោះ ជីវភាពគ្រួសារខ្ញុំបានធូរធារឡើងពីការដាំចេក”។ ទន្ទឹម នឹងដាំចេក លោកឡើយ នៅទាំងចិញ្ចឹមមាន់ប្រមាណ ៥០០ ក្បាលក្នុងមួយឆ្នាំ ព្រលែងក្នុងចម្ការចេក។ ឧត្តមភាពមួយទៀតនោះគឺ គាត់យកលាមកមាន់ផ្អាប់ធ្វើជីដើម្បីដាក់គល់ចេក ម្ល៉ោះហើយចេកលូតលាស់ល្អ និងផ្តល់ផ្លែជាបន្តបន្ទាប់។ លោកឡើយ ឱ្យដឹង៖ “ពីដើម ខ្ញុំក្រណាស់ ទៅធ្វើកម្មករនៅក្រុងហូជីមិញ ធ្វើមិនរួចទើបត្រឡប់មកស្រុកវិញ។ ដំបូងឡើយ ខ្ញុំដាំចេកក្រមួនប្រហែលជាកន្លះកុង ដោយឃើញចេកបែកកូនច្រើន ម្ល៉ោះហើយខ្ញុំ បំបែកយកទៅដាំរហូតដល់ពេញផ្ទៃដី ២,៥ កុង។ ដោយសង្កេតឃើញដាំចេកមានម្លប់ស្រាប់ ខ្ញុំក៏គួបផ្សំចិញ្ចឹមមាន់បន្ថែមទៅ។ ពេលមាន់ធំ ធាត់ល្អ ខ្ញុំជ្រើសយកមេមាន់ដែលធំល្អៗ យកមកភ្ញាស់ក្រាបពង ហេតុនោះ កាត់បន្ថយបានប្រាក់ចំណាយទិញកូនមាន់ពូជ”។ ក្រៅពីនោះ គាត់បានចូលរួមវគ្គហ្វឹកហ្វឺនអំពីការចិញ្ចឹមសត្វជារឿយៗ ហេតុនោះក្តោបក្តាប់បច្ចេកទេសបានច្រើនដើម្បីថែទាំមាន់។ ទ្រុងចិញ្ចឹមមាន់ត្រូវស្រឡះស្រឡំ អនាម័យ កម្ចាត់មេរោគស្អាតបាត និងដាក់ចំណីឱ្យស៊ីគ្រប់គ្រាន់។ ដោយការដាំចេកក្រមួនគួបផ្សំនឹងចិញ្ចឹមមាន់ ទើបគ្រួសារលោកឡើយ ឈានឡើងជាគ្រួសារធូរធាររបស់ភូមិភាគ។
តាមប្រសាសន៍លោកលឿងវ៉ាន់ផ អនុប្រធានគណៈជនជាតិ-សាសនាខេត្តបាកលីវ ច្រើនឆ្នាំមកនេះ ខេត្តតែងយកចិត្តទុកដាក់ ឧបត្ថម្ភការផលិតកម្ម បង្វែរមុខរបររកទទួលទានជូនជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ តែងបើកវគ្គហ្វឹកហ្វឺនអំពីបច្ចេកទេសដាំដំណាំរួមផ្សំ ផលិតស្រូវគុណភាពខ្ពស់ ដាំដំណាំឈើ ហូបផ្លែ ចិញ្ចឹមសត្វ ដើម្បីជនរួមជាតិខ្មែរអនុវត្តបច្ចេកទេសទៅក្នុងការផលិត; ជ្រើសរើសទម្រង់រកស៊ីមានប្រសិទ្ធភាព សមស្របជាមួយនឹងដីធ្លី និងលក្ខណៈសេដ្ឋកិច្ចរបស់គ្រួសារ។ អាស្រ័យហេតុនោះ បច្ចុប្បន្ន ជីវភាពរបស់ជនរួមជាតិខ្មែរនៅខេត្តបាកលីវបានល្អប្រសើរឡើង រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែររបស់ខេត្ត៕
យ្វីអាញ-វិមាន