ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សហការជាមួយនឹងអាជ្ញាធម៌មូលដ្ឋាន និងស្ថាប័នអនុព័ន្ធការពារប្រទេសវៀតណាមប្រចាំនៅកម្ពុជា ទើបរៀបចំពិធីសម្ពោធវិមានមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា។
ពិធីកាត់ខ្សែបូសម្ពោធវិមានមិត្តភាពវៀតណាម-កម្ពុជា ខេត្តកំពង់ស្ពឺ។
វិមានមិត្តភាពវៀតណាម-កម្ពុជា ខេត្តកំពង់ស្ពឺ មានកម្ពស់ ១៩ ម៉ែត្រ រចនារូបកងទ័ពស្ម័គ្រចិត្តវៀតណាមនិងយុទ្ធជនបដិវត្តន៍កម្ពុជា កាន់កាំភ្លើងការពារអ្នកម្ដាយកំពុងបីកូន ស្ថិតនៅក្នុងបរិវេណសួនច្បារទំហំ ១.៧៧០ ម៉ែត្រការ៉េ។
ជាក់ស្ដែង សំណង់នេះត្រូវបានកសាង ហើយបានក្លាយជាលក្ខណៈធម្មតាមួយរបស់ប្រជាជននៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ ១៩៨០។ ឆ្លងកាត់ពេលវេលាជិតពាក់កណ្ដាលសតវត្សរ៍ រូបសំណាកនិងកម្រាលឥដ្ឋបានខូចខាតទ្រុឌទ្រោម។ ចំពោះមុខស្ថានភាពនេះ ដោយបានការឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្រសួងការពារជាតិ បានសហការជាមួយនឹងស្ថាប័នសមត្ថកិច្ចនៃប្រទេសទាំងពីរ ធ្វើការពិនិត្យមើល ជួសជុល សាងសង់វិមានមិត្តភាពថ្មីនៅទីនេះ និងភូមិភាគមួយចំនួនទៀតនៅប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធ ជំនួសមុខប្រធានកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេចហេង សំរិន លោកញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម បានបញ្ជូនកុលបុត្តឆ្នើមទៅសហការជាមួយនឹងរណសិរ្ស ជួយសង្គ្រោះទឹកដីកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាំមកនូវជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។
វិមានមិត្តភាពវៀតណាម-កម្ពុជា ខេត្តកំពង់ស្ពឺ ជាសំណង់ទី ១៧ ក្នុងចំណោមសំណង់វិមានមិត្តភាពចំនួន ២៣ ត្រូវបានជួសជុលនិងកសាងថ្មីនៅតាមបណ្ដាខេត្ត ក្រុងនានារបស់ប្រទេសមិត្តកម្ពុជាក្នុងរយៈពេលកន្លង។ តាមរយៈរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅមានសំណង់ចំនួន ៦ ទៀត បានសាងសង់រួចរាល់ និងត្រៀមរៀបចំធ្វើពិធីសម្ពោធផងដែរ សំណង់ទាំងនេះរួមមាននៅខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង៕
ប្រភពៈ nhandan.vn - ប្រែសម្រួលៈ ពេជ្រសឿន