វត្តពណ៌មាស គឺជាឈ្មោះដែលប្រជាជនអ្នកស្រុក និងពុទ្ធបរិស័ទធ្លាប់ហៅ ខណៈពេលនិយាយអំពីវត្តសេតុត្តរ ស្ថិតនៅទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ។
វត្តពណ៌មាស សម្លឹងពីដងផ្លូវកើ-ដ-ឃុំធើយដុង។
ព្រះវិហារវត្តសេតុត្តរស្ថិតនៅក្បែរដងព្រែកកើ-ដ។ នេះគឺជាផ្លូវទឹកដែលតភ្ជាប់ពីស្ពានធើមរើម ខណ្ឌថូកណូក ទៅទល់នឹងស្រុកយង់រៀង ខេត្តគៀងយ៉ាង កាត់ឆ្លងរោងផ្សារទីប្រជុំជនកើ-ដ និងផ្សារណុកបាំង ឃុំធើយដុង។ ព្រះតេជព្រះគុណយឿងអាង ព្រះចៅអធិការវត្តសេតុត្តរ មានថេរដីកា៖ “ពីព្រោះ មានផ្លូវទឹកធ្វើដំណើរទៅមកងាយស្រួល ម្ល៉ោះហើយក្នុងឱកាសពិធីបុណ្យម្តងៗ ខាងក្រោយព្រះវិហារមានទូកចតត្រៀបត្រាមួយកំណាត់ព្រែក។ ពេលគយគន់ទិដ្ឋភាពទាំងនេះ ប្រជាជនភូមិស្រុកមើលទៅឃើញធម្មតាសម្រាប់អ្នកដែលមកពីឆ្ងាយវិញចំណាប់អារម្មណ៍ណាស់”។ រៀបរាប់ពីការហៅឈ្មោះ “វត្តពណ៌មាស” ព្រះតេជព្រះគុណយឿងអាង មានថេរដីកា៖ “ចាប់ពីថ្ងៃកសាងមកទល់ពេលនេះ ព្រះវិហារវត្តត្រូវបានលាបពណ៌ទឹកមាស។ ដោយសារស្ថិតនៅក្បែរព្រែក ម្ល៉ោះហើយ ខណៈពេលព្រះអាទិត្យរះឡើង ចាំងរស្មីចូលវត្តភ្លឺភ្លេក ហើយពន្លឺនៃព្រះអាទិត្យឆ្លុះបញ្ចាំងលើដងព្រែកកើ-ដ ច្រាលចូលវត្តញុាំងឱ្យក្បូរក្បាច់រចនាវប្បធម៌ខ្មែរកាន់តែវិចិត្រអស្ចារ្យថែមទៀត”។
ក្មេងៗខ្មែរអង្គុយលេងក្នុងបរិវេណវត្ត។
ខណៈហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកនៅកើ-ដ បានរីកចម្រើន ពុទ្ធបរិស័ទទៅវត្តមិនបាច់ធ្វើដំណើរតាមផ្លូវទឹកទៀត កំពង់ផែក្បែរវត្តក៏ត្រូវស្ងប់ស្ងាត់ផងដែរ។ ពូថាច់ហ្វាង នៅឃុំធើយដុង ឱ្យដឹង៖ “ពេលទៅផ្សារកើ-ដម្តងៗ ខ្ញុំច្រើនតែឈប់ដំណើរនៅដងព្រែកខាងអាយ ដើម្បីគយគន់ទេសភាពវត្តពណ៌មាស។ ឈប់សម្រាកមួយភ្លែតសោះ ហាក់មានអារម្មណ៍ល្ហែល្ហើយ បាត់កង្វល់”។
ដូចជាវត្តពុទ្ធសាសនាខ្មែរឯទៀតដែរ បរិយាកាសក្នុងវត្តគឺជាគោលដៅដ៏ពេញនិយមរបស់ពុទ្ធបរិស័ទ។ បងស្រីម៉ាយធីយ៉េវ នៅទីប្រជុំជនកើ-ដ ឱ្យដឹង៖ “កាលពីកុមារភាព ខ្ញុំនិងមិត្តភ័ក្តិច្រើនតែទៅវត្តលេងល្បែងកម្សាន្តផ្សេងៗក្នុងទីធ្លាវត្ត។ សព្វថ្ងៃ ខ្ញុំទៅជួយធ្វើការងារក្នុងវត្ត ហើយកូនស្រីខ្ញុំទារទៅតាមផងដែរ។ ឃើញកូនលេងជាមួយមិត្តភ័ក្តិក្នុងទីវត្តអារាម ខ្ញុំក៏សប្បាយរីករាយដែរ។ ចំពោះខ្ញុំ ការដែលចូលចិត្តទៅវត្តគឺជាលក្ខណៈវប្បធម៌ គប្បីអប់រំ បន្តដល់យុវវ័យពីជំនាន់មួយទៅជំនាន់មួយ”។
តាមប្រសាសន៍ បងស្រីង្វៀងធីអាញ់ហ្វៀក អនុប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនកើ-ដ វត្តពណ៌មាសមិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពវប្បធម៌ប៉ុណ្ណោះទេ រយៈពេលកន្លង ព្រះចៅអធិការនិងគណៈកម្មការវត្ត បានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ យកចិត្តទុកដាក់ចលនាសប្បុរសជន ជួយឧបត្ថម្ភគិតគូរដល់គ្រួសារក្រីក្រ គ្រួសារលំបាកលើភូមិសាស្រ្តទៀតផង។ លោកពូចូវណាំ នៅភូមិធើយហ្វា B ទីប្រជុំជនកើ-ដ ឱ្យដឹង៖ “វត្តថែមទាំងរៀបចំបើកបង្រៀនអក្សរខ្មែរ ក្នុងឱកាសវិស្សមកាលសម្រាប់កូនចៅយើងខ្ញុំ ម្ល៉ោះហើយយើងខ្ញុំត្រេកអរណាស់”៕
ហាថាញ-លីសៀ