យោងតាមគណៈកម្មាធិការបក្សខេត្តបាកលីវ ឆ្នាំ ២០២២ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជននានាក្នុងខេត្ត បានចលនារួមវិភាគទានជាទឹកប្រាក់និងសម្ភារៈជាង ៦២ ពាន់លានដុង សម្រាប់មូលនិធិសុខុមាលភាពសង្គម និងមូលនិធិដើម្បីអ្នកក្រក្នុងខេត្ត។ ជាក់ស្តែង ប្រជាជនរួមវិភាគទានជាទឹកប្រាក់ជាង ២៣ ពាន់លានដុង បរិច្ចាគដី ៦៣.០០០ ម៉ែត្រការ៉េ និងចំណាយកម្លាំងពលកម្មជាង ៣៥ ពាន់ថ្ងៃ។
ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្តបាកលីវ តាទ្រុងយុង អញ្ជើញមកសួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់វត្តខ្មែរមួយចំនួននៅតំបន់ដាច់ស្រយាលនៃស្រុកហុងយ៉ឹង ខេត្តបាកលីវ។
ក្រៅពីនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជននានា ថែមទាំងជំនួយសាងសង់ផ្ទះមហាសាមគ្គីបានចំនួន ៧៦ ខ្នង; ជូនអំណោយជាង ៥.០០០ ចំណែក និងអង្ករជាង ២ តោនដល់គ្រួសារក្រីក្រ គ្រួសារមានជីវភាពក្រលំបាក គិតជាទឹកប្រាក់ជាង ៤ ពាន់លានដុង។ ទន្ទឹមនឹងនោះ ខេត្តថែមទាំងឧបត្ថម្ភកសាង ជួសជុលផ្ទះ ជូនអំណោយផ្តល់ជូនមធ្យោបាយបង្កបង្កើនផលដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង ក្មេងកំព្រា និងជនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៘ គិតជាទឹកប្រាក់ជាង ១៧ ពាន់លានដុង៕
យោង៖ កាសែតប្រជាជន -ប្រែសម្រួល៖ លីសៀ