ដឹងពីរបៀបអនុវត្តបច្ចេកទេសក្នុងការដាំស្ពៃផ្កា និងជ្រើសរើសរដូវកាលដាំសមស្រប ហេតុនោះ ទើបបងថាច់មិញកាន់ នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង បានក្លាយជាអ្នកមាន។
បងថាច់មិញកាន់ ថែទាំស្ពៃផ្កា។
បងថាច់មិញកាន់ ទើបប្រមូលផលស្ពៃផ្កា ១ កុង ទិន្នផលសម្រេចជាង ២ តោន លក់ក្នុងតម្លៃ ១២.០០០ ដុង/គីឡូក្រាម។ តាមសម្ដីបងកាន់ នេះជារដូវប្រមូលផលដំបូង ម្ល៉ោះហើយស្ពៃផ្កាលក់បានថ្លៃ។ ស្ពៃផ្កាប្រមូលផលក្នុងរដូវអាកាសធាតុត្រជាក់ដូច្នេះ ផ្កាសស្អាត ហើយធំទៀតផង។ បងកាន់ ឱ្យដឹង៖ “ខ្ញុំតែងស្វែងយល់ពីបច្ចេកទេសដាំតាមប្រព័ន្ធអីុនធឺណិត និងមើលរដូវកាលដាំដុះ គួរដាំប្រភេទដំណាំណាសមស្របនិងលក់បានថ្លៃ ម្ល៉ោះហើយ ផ្ទៃដីដាំដំណាំរួមផ្សំ ៣,៥ កុងតែងផ្តល់ទិន្នផលខ្ពស់ និងលក់បានថ្លៃ។ រៀងរាល់ឆ្នាំ ខ្ញុំច្រើនដាំខ្ទឹមស្លឹក ស្ពៃផ្កា ស្ពៃបូកគោ និងអំបើស។ល។ បំផុតគឺស្ពៃផ្កា ខ្ញុំជ្រើសរើសរដូវកាលដាំ ធ្វើយ៉ាងណាប្រមូលផលបានមុនបុណ្យចូលឆ្នាំថ្មីវៀតណាមប្រហែល ១ ខែ និងក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម លក់បានថ្លៃ។ ស្ពៃផ្កាងាយស្រួលដាំណាស់ ហើយមិនសូវបង់ប្រាក់ចំណាយ និងរកបានប្រាក់ចំណេញខ្ពស់ទៀតផង”។
បងកាន់កំពុងស្រោចទឹកស្ពៃផ្កា។
តាមសម្ដីបងកាន់ ដើម្បីដាំស្ពៃផ្កាផ្តល់ទិន្នផលខ្ពស់នោះ ផ្នែកថែទាំនិងរៀបចំដីគឺសំខាន់ ណាស់។ ក្នុងដំណាក់កាលបណ្តុះកូនស្ពៃ មុនពេលបណ្តុះត្រូវតែធ្វើដីឱ្យរសោះ ព្រាចកំបោរ ដាក់ជីសរីរាង្គ រួចគ្របចម្បើង និងស្រោចទឹកឱ្យសើមស្មើ។ ក្រោយពីបណ្តុះស្ពៃប្រហែល ២៥ ថ្ងៃ (លាយទឹកជី URE ស្រោច ១ លើក ដើម្បីឱ្យកូនស្ពៃលូតលាស់ល្អ) អាចដកយកទៅដាំនៅពេលព្រឹក។ ដីដាំកូនស្ពៃត្រូវតែរសោះហ្មត់ និងព្រាចកំបោរមុនពេលដាំ។ ដាំគម្លាតពីគុម្ពមួយទៅគុម្ពមួយពី ៤០-៥០ សង់ទីម៉ែត្រ (ជាមួយនឹងគម្លាតនេះ ផ្កាស្ពៃអាចនឹងមានទម្ងន់ចាប់ពី ៧០០ ក្រាមដល់ ១ គីឡូក្រាម); មួយលៀបដាំ ២ ជួរ ប្រសិនបើដាំជិតពេកផ្កាស្ពៃនឹងតូច។ ក្រោយពីដាំប្រហែល ១០ ថ្ងៃ ត្រូវស្រោចជី URE ប្រមាណ ៣ គីឡូក្រាម/កុង។ ក្រោយពីដាំបាន ២៥ ថ្ងៃ គឺត្រូវលាយជី URE និង DAP ស្រោច។ ក្រោយពីដាំប្រហែល ១ ខែ ស្ពៃចាប់ផ្ដើមលូតលាស់ត្រូវដាក់ជីបំប៉ន ដោយច្របល់ជី URE ជី DAP និងជីផូស្វាត ដាក់តាមប្រឡោះជួរស្ពៃផ្កា រួចលើកដីទប់ពីលើជីឱ្យជិត ដើម្បីស្ពៃផ្កាស្រូបយកជាតិជីជាសន្សឹមៗ។ តាមសម្ដីបងកាន់ រយៈពេលដាំស្ពៃផ្កាចាប់ពីដាំរហូតដល់ប្រមូលផល គឺប្រមាណ ១ ខែកន្លះ លាយទឹកជីស្រោច ៣ លើក និងដាក់ជីបំប៉ន ១ លើក។ ដាំស្ពៃផ្កាមិនសូវបង់ជីទេ គ្រាន់តែបាញ់ថ្នាំពេលមានដង្កូវស៊ីស្លឹក និងបំប៉នផ្កាស្ពៃឱ្យស្អាតប៉ុណ្ណោះ។ ធម្មតាគាត់ស្រោចទឹកនៅពេលព្រឹក និងស្រោចឱ្យសើមល្មម ធានាឱ្យដំណាំស្ពៃផ្កាលូតលាស់ល្អ។ មធ្យមភាគស្ពៃផ្កា ១ កុង ប្រើប្រាស់ជីប្រមាណ ៣០ គីឡូក្រាម។ បច្ចុប្បន្ន គាត់កំពុងដាំស្ពៃផ្កា ២ កុង នឹងប្រមូលផលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាមនេះ។
ក្រៅពីដាំស្ពៃផ្កា បងកាន់នៅទាំងមានបទពិសោធន៍ក្នុងការដាំខ្ទឹមស្លឹកទៀតផង គាត់កំពុងប្រមូលផលខ្ទឹមស្លឹក ១ កុង លក់ក្នុងតម្លៃពី ៤០.០០០-៦០.០០០ ដុង/ដុំ (១ ដុំស្មើ ៣ គីឡូក្រាម)។ បងកាន់ ឱ្យដឹង៖ “រដូវនេះកាលពីឆ្នាំមុន ខ្ទឹមស្លឹកមានតម្លៃជាង ៨០.០០០ ដុង/ដុំ ឆ្នាំនេះតម្លៃខ្ទឹមស្លឹកទាបជាង ប៉ុន្តែស្ពៃផ្កាមានតម្លៃខ្ពស់វិញ។ ក្រោយពីច្រើនឆ្នាំដាំដំណាំរួមផ្សំ ខ្ញុំសង្កេតឃើញថា ដាំដំណាំថ្វីដ្បិតតែលំបាកក្នុងការថែទាំ ប៉ុន្តែមិនសូវបង់ប្រាក់ចំណាយ ហើយនាំមកនូវប្រាក់ចំណេញខ្ពស់បើប្រៀបនឹងធ្វើស្រែ។ មធ្យមភាគក្នុងមួយឆ្នាំ រកបានប្រាក់ចំណេញពីការដាំដំណាំរួមផ្សំជាង ១០០ លានដុង/ឆ្នាំ ខ្ពស់ជាងខ្ញុំធ្វើស្រែ ១០ កុងទៀតផង”៕
យ្វីអាញ-វិមាន