ក្នុងចំណោមប្រាង្គតម្កល់សពរបស់ព្រះមហាក្សត្រ ក្នុងរាជ្ជកាលង្វៀង គឺប្រាង្គខាយឌិញហ្វេ មានស្ថាបត្យកម្មពិសេសជាងគេ។ ប្រាង្គប្រមូលប្រជុំនូវរចនាបថស្ថាបត្យកម្មផ្សេងៗគ្នា ប៉ុន្តែមានភាពសម្របគ្នាឥតខ្ចោះ ដោយភាពផ្ចិតផ្ចង់ប្រណីតនិងបង្ហាញឱ្យឃើញពីភាពជោគជ័យនៃស្ថាបត្យកម្ម បូព៌ា-បស្ចិមចម្រុះគ្នា។
រូបភាពនៅប្រាង្គខាយឌិញ។
ប្រាង្គខាយឌិញ ខ្លះហៅថាអឹងឡាំង ជាកន្លែងតម្កល់សពស្ដេចខាយឌិញ ស្ដេចទី ១២ នៃរាជ្ជកាលង្វៀង។ ប្រាង្គនាបច្ចុប្បន្ននៅឃុំធ្វីបាំង ស្រុកហឿងធ្វី ខេត្តថឿថៀងហ្វេ ចម្ងាយពីមជ្ឈមណ្ឌលក្រុងហ្វេប្រហែល ១០ គីឡូម៉ែត្រ។ ទោះបីមានផ្ទៃក្រឡាតូច (១១៧ម×៤៨,៥ម) ក៏ពិតមែន ប៉ុន្តែ ប្រាង្គខាយឌិញ ត្រូវបានគេវាយតម្លៃថា មានទីតាំងល្អបណ្ដាច់ ដោយសារឋិតនៅលើភ្នំចូវជឺ។ ពេលធ្វើដំណើរចូល ភ្ញៀវទេសចរណ៍ត្រូវឆ្លងកាត់ជណ្ដើរ ១២៧ កាំ ផុត ៣៧ កាំដំបូងគឺដល់ខ្លោងទ្វារផ្លូវបី បន្តទៅទៀតគឺវិហារសក្ការបូជា និងទីលានបាយឌិញ នៅខាងលើគឺទីលាន ២ ថ្នាក់ ក្នុងមួយថ្នាក់ៗមានជណ្ដើរ ១៣ កាំ គុងថៀងឌិញឋិតនៅទីតាំងខ្ពស់ជាងគេ។
យោងតាមកំណត់ត្រារបស់គណៈកម្មការគ្រប់គ្រងប្រាង្គ ប្រាង្គខាយឌិញ ត្រូវបានបើកដំណើរការកសាងចាប់ពីខែកញ្ញា ឆ្នាំ ១៩២០ ហើយអូសអន្លាយដល់ ១១ ឆ្នាំ ទើបសម្រេចរួចរាល់។ មូលហេតុគឺប្រាង្គត្រូវបានកសាងដោយរចនាបថស្ថាបត្យកម្មខុសស្រឡះពីប្រាង្គសេ្ដច តឺឌឹកមិញម៉ាង ។ល។ ប្រាង្គខាយឌិញ ត្រូវបានកសាងដោយគួបផ្សំស្ថាបត្យកម្មវប្បធម៌បូព៌ា-បស្ចិម យ៉ាងល្អប្រណីត ម្ល៉ោះហើយមិនត្រឹមតែមានភាពផ្ចិតផ្ចង់ល្អប្រណីតប៉ុណ្ណោះទេ នៅទាំងវិចិត្រឆើតឆាយទៀតផង។ ប្រាង្គបង្ហាញឱ្យឃើញពីភាពចម្រុះគ្នារវាងវប្បធម៌វៀតណាម នឹងវប្បធម៌ប្រទេសលោកខាងលិច ក្នុងដំណាក់កាលសាងសង់។ ហេតុនោះ ប្រាងប្រកបដោយលក្ខណៈបុរាណផង សម័យទំនើបផង ឆ្លងតាមរយៈកាំជណ្ដើរបិទថ្ម រហូតដល់ដំបូលប្រាង្គមានសណ្ឋានកោងៗ។ កាលបើសង្កេតមើលក្បូរក្បាច់រចនាលម្អិត ទើបភ្ញៀវទេសចរណ៍អាចកំណត់ដឹងនូវស្នាដៃយ៉ាងប៉ិនប្រសប់របស់ស្ថាបត្យករដែលយល់ច្បាស់ពីវប្បធម៌បូព៌ា-បស្ចិម។
ចំណុចសំខាន់ទាក់ទាញភ្ញៀវទេសចរណ៍ពេលមកទស្សនាប្រាង្គខាយឌិញ គឺនៅពេលដែលភ្ញៀវបានឡើងដល់គុងថៀងឌិញ ហើយចោលភ្នែកសម្លឹងទៅឆ្ងាយក៏អាចមើលឃើញភូមិឋានជាទីមនោរម្យនៃទឹកដីហ្វេ ព័ន្ធព័ទ្ធជុំវិញប្រាង្គដោយជួរភ្នំ ជ្រោះជ្រលងដងអូរ។ល។ ប្រៀបដូចជាវណ្ណកម្មដ៏អស្ចារ្យ ល្អស្អាតហួសពិពណ៌នា៕
ហាថាញ - ថាច់ធី