អាកាសធាតុប្រែប្រួល ក្តៅខ្លាំង ភ្លៀងច្រើន គឺជាលក្ខណៈងាយស្រួលនាំឱ្យកើតជំងឺឆ្លងរាលដាលដូច៖ គ្រុនឈាម ជំងឺពងដៃ ជើង មាត់ និងជំងឺផ្លូវដង្ហើម រលាកស្រោមខួរក្បាល។ល។ មានឱកាស “វាយប្រហារ” ទៅលើប្រព័ន្ធការពារដែលទន់ខ្ចីរបស់ក្មេងតូច។
វេជ្ជបណ្ឌិតង៉ុកអៀង កំពុងពិនិត្យជំងឺដល់កុមារ។
បងស្រីង្វៀងធីហាំង (នៅទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង) បានយកកូនអាយុ ៨ ខែ ទៅព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុងកឹងធើ បាននិយាយ៖ “កូនខ្ញុំគ្រុនក្តៅខ្លាំងរយៈពេល ២ ថ្ងៃ ក្អកច្រើន ហើយលែងបៅដោះទៀត។ ម៉្យាងឃើញឡើងពងក្រហមតូចៗមួយចំនួននៅលើស្បែក។ គ្រួសារស្មានថាកូនឡើងកន្ទួល កំដៅ ដូច្នេះ បានដាំទឹកស្លឹកឈើឱ្យងូត។ បន្ទាប់ពីងូតរួច ពងក្រហមតូចៗកាន់តែឡើងច្រើន ហើយកូនយំកាន់តែខ្លាំង និងលែងបៅដោះ ពេលពិនិត្យមើលក្នុងមាត់ឃើញរលេះ។ ក្រោយពីគ្រូពេទ្យពិនិត្យរួចបានប្រាប់ថា កូនកើតជំងឺពងដៃ ជើង មាត់”។ ចាប់ពីខែឧសភា ឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន ផ្នែកជំងឺកុមារ-ទារក បានទទួលទារកជាច្រើនដែលទើបកើតប្រមាណពីរបីខែ កើតជំងឺពងដៃ ជើង មាត់ ឬកុមារកើតជំងឺគ្រុនឈាមព្រមទាំងធាត់លើសទម្ងន់។ រលាកថ្លើមប្រភេទធ្ងន់ ព្រមទាំងមានអាការៈសរសៃប្រសាទលូតលាស់យឺត។ ក្នុងនោះ មានករណីជាច្រើនកើតជំងឺពងដៃ ជើង មាត់ប្រភេទ EV ៧១។ នេះគឺជាប្រភេទមេរោគដែលមានលក្ខណៈឆ្លងរាលដាលលឿន បណ្តាលឱ្យគ្រុនក្តៅខ្លាំង បង្កនូវផលវិបាកធ្ងន់ធ្ងរដូច៖ វិកលចរិត ជំងឺសរសៃឈាមបេះដូង ហើមសួតតក់ស្លុត ខ្សោយបេះដូង និងស្លាប់យ៉ាងឆាប់រហ័ស។
វេជ្ជបណ្ឌិតឯកទេសកម្រិត ១ ថាច់ធីង៉ុកអៀង អនុប្រធានផ្នែកជំងឺកុមារ-ទារកនៃមន្ទីរពេទ្យសម្ភពក្រុងកឹងធើ បានឱ្យដឹង៖ “ចំពោះទារកនិងកុមារតូច ជំងឺនេះមានភាពស្មុគស្មាញខ្លាំង ជួនកាលមិនប្រក្រតី។ ដូច្នេះហើយ នៅពេលថែទាំកូន មាតាបិតាគួរសង្កេតនិងតាមដានយ៉ាងដិតដល់នូវការប្រែប្រួលខុសប្រក្រតីរបស់កុមារ ហើយគួរនាំកូនទៅពេទ្យពិនិត្យជំងឺឱ្យបានឆាប់។ គប្បីនាំកុមារទៅមន្ទីរពេទ្យនៅពេលឃើញមានសញ្ញាដូចតទៅនេះ៖ ក្តៅឬត្រជាក់ខ្លាំងខុសប្រក្រតី គ្រុនក្ដៅខ្លាំង។ ត្រជាក់ខ្លួន ដង្ហើមខុសប្រក្រតី ដកដង្ហើមញាប់ ថប់ដង្ហើម ដង្ហើមគ្រកៗ ដង្ហើមដាច់ៗ។ មានរោគសញ្ញាមួយចំនួនទាក់ទងនឹងប្រព័ន្ធរំលាយអាហារដូច៖ ក្អួត លាមករាវ បៅដោះខ្សោយ ហើមពោះ។ មានរោគសញ្ញាខាងប្រព័ន្ធសរសៃប្រសាទដូច៖ ប្រកាច់ បញ្ឈរភ្នែក ចលនាមិនប្រក្រតី។ មានរោគសញ្ញាលើស្បែក៖ ជំងឺខាន់លឿងលើទារក ជំងឺស្បែកស្លេកស្លាំង និងបបូរមាត់ស្លេក។
ឪពុកម្តាយក៏គប្បីយកចិត្តទុកដាក់ដល់របបអាហាររបស់កូនផងដែរ ដើម្បីបង្កើនដល់រូបរាងកាយ៖ បំប៉នគ្រប់គ្រាន់សារធាតុចិញ្ចឹម ក៏អាចជួយបង្កើនប្រព័ន្ធភាពសុាំដល់កុមារ។ យកចិត្តទុកដាក់ប្រើប្រាស់ទឹកស្អាត អនុវត្តនូវគោលការណ៍ហូបឆ្អិន ផឹកឆ្អិន ធានាអនាម័យនិងសុវត្ថិភាពចំណីអាហារ។ រក្សាអនាម័យផ្ទះសម្បែង អនាម័យខ្លួនប្រាណ បរិស្ថានរស់នៅ ភុយ ខ្នើយ និងប្រដាប់ប្រដាក្មេងលេង ដើម្បីកាត់បន្ថយភ្នាក់ងារចម្លងរោគ។ ជាមួយគ្នានេះដែរ ក៏គប្បីណែនាំកុមារឱ្យចេះសម្អាតមាត់ធ្មេញ ឱ្យបានត្រឹមត្រូវ ទប់ស្កាត់ការឆ្លងមេរោគផ្លូវដកដង្ហើម។ បង្កើនការចលនាហាត់កីឡា ណែនាំកុមារលំហាត់ប្រាណសមស្របទៅតាមអាយុ ដើម្បីលើកកម្ពស់សុខភាព។ នៅពេលកុមារមានសញ្ញាកើតជំងឺ គប្បីនាំទៅកាន់គ្រឹះស្ថានសុខាភិបាលដែលគួរទំនុកចិត្ត ដើម្បីពិនិត្យ ព្យាបាលឲ្យបានសមស្រប ដាច់ខាតមិនត្រូវទិញថ្នាំលេបពេលគ្មានវេជ្ជបញ្ជា ឬព្យាបាលនៅផ្ទះឡើយ ព្រោះអាចធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់អាយុជីវិតរបស់កុមារ៕
ធូសឿង-បកប្រែ៖ សុផន