យោងតាមមជ្ឈមណ្ឌល VNCERT/CC មានមនុស្សជាច្រើនបានលើកថា ពួកគាត់រងការបោកប្រាស់ ខណៈបុលលុយតាមប្រព័ន្ធ app ឬតាមរយៈកាត ATM។
មានមនុស្សជាច្រើនបានលើកឡើងថា រងការបោកប្រាស់ ខណៈពេលបុលលុយតាមប្រព័ន្ធ app ឬតាមកាត ATM (រូបជាឧទាហរណ៍)។
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ប្រព័ន្ធអីុនធឺណិតវៀតណាម (VNCERT/CC) នាយកដ្ឋានសុវត្ថិភាពព័ត៌មានបានធ្វើការកត់សម្គាល់ពីស្ថានភាពខាងលើ ឆ្លងតាមរយៈនៃការតាមដានស្ថិតិលើប្រព័ន្ធសេវាទទួលសារ ឆ្លុះបញ្ចាំងពីសារក្នុងធុងសំរាម ការខលទូរស័ព្ទបន្លំ (តាមប្រព័ន្ធលេខ ៥៦៥៦)។
ខាងក្រោមនេះ គឺល្បិចបោកប្រាស់មួយចំនួនពេលបុលលុយតាមប្រព័ន្ធ app ត្រូវបានប្រជាជនលើកឡើងដូចតទៅ៖
ចុះឈ្មោះបុល ប៉ុន្តែមិនទទួលបានលុយបែរជាជាប់បំណុល
មុខសញ្ញាទាំងឡាយតែងអូសទាញឱ្យបុលទុនដោយមានការអនុគ្រោះជាច្រើន ដូច៖ ជួយឱ្យបុលបានលុយរួមទាំងករណីដែលកំពុងជាប់បំណុលធនាគារ សំណុំបែបបទសាមញ្ញមិនបាច់មានក្រដាសស្នាមច្រើន រំសាយថវិកាក្នុងរយៈពេលមួយម៉ោង កម្រិតសាច់ប្រាក់ឱ្យបុលចំនួនច្រើន ប្រាក់ការទាប។ល។ ដើម្បីទាក់ទាញអតិថិជន។
បន្ទាប់មក សំណូមពរឱ្យអតិថិជនបញ្ចូលកម្មវិធីកម្ចីលើប្រព័ន្ធអនឡាញ ដើម្បីចុះឈ្មោះសំណុំលិខិតបុលប្រាក់ រួចផ្ញើសេចក្តីប្រកាសផ្តល់សច្ចាប័នឱ្យបុលប្រាក់ (ដោយប្រើប្រាស់ ត្រាក្លែងក្លាយរបស់ធនាគារនានា)។ ថ្វីត្បិតដូច្នោះក្តី បន្ទាប់ពីអតិថិជនបានចុះឈ្មោះបុលប្រាក់រួច មុខសញ្ញាទាំងនេះនឹងជូនដំណឹងថាមានកំហុសបច្ចេកទេសលើការរំសាយថវិកា រួចសំណូមពរឱ្យបង់លុយដើម្បីដោះស្រាយទៅលើការបុលប្រាក់។
ករណីដែលអតិថិជនមិនព្រមបង់លុយដោះស្រាយការបុលប្រាក់ទេ អាចនឹងរងការគំរាម កំហែងគឺថាសំណុំបែបបទបុលប្រាក់បានផ្តល់សច្ចាប័នរួចហើយ ទោះបីមិនទាន់ទទួលបានប្រាក់ ក៏នៅតែជាប់បំណុលលើប្រព័ន្ធដដែល ជាហេតុនាំឱ្យអតិថិជនមានក្តីបារម្ភ ហើយបានវេរលុយទៅឱ្យដើម្បីដោះស្រាយ។
សំណូមពរទូទាត់កម្រៃសំណុំលិខិត ឬធានារ៉ាប់រងលើការបុលប្រាក់។
មុខសញ្ញាបោកប្រាស់អាចនឹងសំណូមពរឱ្យអតិថិជនវេរលុយទៅមុនខ្លះៗដើម្បីបង់កម្រៃ សំណុំលិខិតឬធានារ៉ាប់រងលើការបុលប្រាក់។ ប៉ុន្តែក្រោយពីបង់លុយរួចហើយអតិថិជនមិនទទួលបានការរំសាយថវិកាដែលបុលឡើយ រីឯមុខសញ្ញាបោកប្រាស់នឹងកឹបកេងទឹកប្រាក់ទាំងនោះ រួចផ្តាច់រាល់ការទាក់ទង។
លួងបញ្ឆោតឱ្យបុលលុយតាមប្រព័ន្ធ app ជាច្រើន
មុខសញ្ញាបោកប្រាស់លួចព័ត៌មានរបស់អតិថិជន បន្ទាប់មកទំនាក់ទំនងដើម្បីឧទ្ទេសនាមពីប្រព័ន្ធ app បុលលុយផ្សេងៗដោយការរាក់ទាក់គួរជាទីចាប់អារម្មណ៍៖ ដូចជាបានលើកលែងប្រាក់ការបុលលើកដំបូង បុលលុយដោយមិនចាំបាច់បញ្ជាក់ពីកម្រិតប្រាក់ចំណូល មិនបាច់ដាក់ប្រាតិភោគ។ល។
ថ្វីត្បិតដូច្នោះក្តី ក្រោយពីរំសាយថវិកា អតិថិជនមិនអាចនឹងទទួលបានទឹកប្រាក់ទាំងស្រុងទេ គឺគ្រាន់តែទទួលបានមួយចំណែក ឬគ្មានទទួលបានមួយរៀលណាទាំងអស់។ ខណៈអតិថិជនគ្មានលទ្ធភាពសង នោះគឺពួកវាផ្ញើ តំណភ្ជាប់ link បញ្ចូលទៅប្រព័ន្ធ app ផ្សេងទៀត ដើម្បីបន្តបុលលុយសងបំណុល។ ការបុលបន្តយ៉ាងនេះ ធ្វើឱ្យអតិថិជនវិលវល់រកច្រកចេញមិនឃើញនិងបំណុលវ័ណ្ឌកកាន់តែច្រើនឡើងៗ។
ដើម្បីចៀសវាងការបោកប្រាស់ជាហេតុនាំឱ្យបាត់បង់ទ្រព្យសម្បត្តិ ក្រុមឯកទេសនៃមជ្ឈមណ្ឌល VNCERT/CC ក៏បានផ្តល់អនុសាសន៍ដល់ប្រជាជន គប្បីជ្រើសរើសអង្គភាពផ្គត់ផ្គង់សេវាហិរញ្ញវត្ថុដែលគួរទំនុកចិត្ត មានព័ត៌មានគ្រប់គ្រាន់លើ website ដូច៖ ឈ្មោះក្រុមហ៊ុន លេខកូដអាជីវកម្ម អាសយដ្ឋាន រាល់គោលនយោបាយជាក់ស្តែងអំពីប្រាក់ការ (សងបំណុលមុនពេលកំណត់ សងយឺត។ល។) លិខិតចុះកិច្ចសន្យា ការទទួលខុសត្រូវនៃសមាសភាព ចូលរួមបុលលុយ។ល។
ខណៈដែលប្រជាជនមានតម្រូវការបុលលុយគប្បីទៅកាន់ធនាគារនានា ឬក្រុមហ៊ុនហិរញ្ញវត្ថុដែលគួរទំនុកចិត្ត ដើម្បីទទួលបានជំនួយធ្វើបែបបទបុលត្រូវតាមការកំណត់នៃច្បាប់ ដើម្បីចៀសវាងជនទុច្ចរិតបោកប្រាស់។
“ខណៈពេលសង្ស័យរងការបោកប្រាស់ គប្បីជូនដំណឹងភ្លាមដល់ស្ថាប័ននគរបាលជិតបំផុត ដើម្បីដោះស្រាយបានទាន់ពេល” មជ្ឈមណ្ឌល VNCERT/CC គូសបញ្ជាក់ដូច្នេះ៕
យោង៖ VTC New- ប្រែសម្រួល៖ លីសៀ