“កន្លែងដែលខ្ញុំរស់នៅ មានជនរួមជាតិខ្មែរច្រើន។ ជីវភាពមាមីងភាគច្រើន គឺនៅមានការលំបាក។ ខ្ញុំធ្វើការងារសប្បុរសធម៌ - ខ្ញុំគិតថាបានផ្តល់ “នុយ” ដល់មាមីង ដើម្បីផ្តល់ជាកម្លាំងចិត្តឈានឡើងក្នុងជីវភាព” - បងហ្វិញក្វឹកហុង តែងនិយាយដូច្នេះ ពេលបកស្រាយពីមូលហេតុដែលគាត់ចូលចិត្តធ្វើសប្បុរសធម៌នៅតំបន់ជនរួមជាតិខ្មែរ។
ក្វឹកហុង ក្នុងដំណើរទៅធ្វើសប្បុរសធម៌នៅតំបន់ជនរួមជាតិខ្មែរ។ (រូបថត តួអង្គជាអ្នកផ្តល់)
បងហ្វិញក្វឹកហុង កើតនិងធំដឹងក្តីនៅស្រុកទ្រីតូង ខេត្តអាងយ៉ាង។ កន្លែងដែលមានជនរួមជាតិខ្មែររស់នៅស្រូបអត្រាជាង ៣៤% នៃចំនួនប្រជាជនទូទាំងស្រុក។ ព្រោះហេតុនេះ ការរស់នៅរបស់បងតែងផ្សារភ្ជាប់នឹងសុខទុក្ខរបស់ជនរួមជាតិខ្មែរ។ បងចែករំលែក៖ “ជីវភាពរបស់ជនរួមជាតិខ្មែរភាគច្រើនជួបការលំបាក។ មានគ្រួសារជាច្រើនធ្លាក់ក្នុងស្ថានភាពទីទ័លក្រ ពេលមានសមាជិកក្នុងគ្រួសារមានអ្នកឈឺថ្កាត់ ឬក៏មានហេតុការណ៍អ្វីម្យ៉ាង”។ ដោយឃើញច្បាស់នូវស្ថានភាពជីវភាពទាំងនេះ បងតែងរិះគិត “ខ្ញុំត្រូវធ្វើអ្វីមួយដើម្បីជួយពួកគាត់!”។
ការធ្វើសប្បុរសធម៌ហាក់ដូចជាមាននិស្ស័យ នឹងគ្នា។ បងហុង រៀបរាប់៖ “ខ្ញុំមានមិត្តម្នាក់នៅឡុងស្វៀង។ មានម្ដងនោះ ខ្ញុំអានព័ត៌មានបានជួបប្រទះស្ថានភាពមួយគួរឱ្យអាណិតនៅទ្រីតូង គាត់រៃអង្គាសប្រាក់បានមួយចំនួន ព្រោះមិនដឹង “ត្រូវដោះស្រាយដោយវិធីណា” ទើបពឹងខ្ញុំជួយសួររកនិងជូនប្រាក់ដល់ស្ថានភាពគួរឱ្យអាណិតនេះ។ល។” ដូច្នេះបងបានក្លាយជាស្ពានតភ្ជាប់រវាងសប្បុរសជន អង្គការសប្បុរសធម៌និងប្រជាជនដែលមានស្ថានភាពលំបាកនៅទ្រីតូង ពិសេសគឺជនរួមជាតិខ្មែរនៅពេលវេលាណានោះខ្ញុំមិនចាំច្បាស់។
ការងារនេះម្នាក់ឯងមិនអាចធ្វើបាន បងចលនាមិត្តភក្តិសហការជាមួយសមាគមអង្គការមហាជន វត្តអារាម។ល។ ក្នុងស្រុកដើម្បីសាងសង់ ជួសជុលផ្ទះ; អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណាយដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង កុមារដែលមានស្ថានភាពលំបាក។ល។ កម្មវិធីសប្បុរសធម៌ជាច្រើននៅស្រុកទ្រីតូង ក្នុងនោះមានរួមចំណែកដ៏ធំធេងរបស់បងក្វឹកហុង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ តួយ៉ាងដូច៖ ទម្រង់ “កំប៉ុងអង្ករ វាល់ពេញ”, “ដំណក់ទឹកដោះគោមកកាន់ភូមិ ស្រុក”, “ស្ទួយដំណើរសិស្សទៅសាលា” ។ល។ ពិសេសនៅពេលជំងឺ COVID-១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញ បងក្វឹកហុង បានចូលរួមចលនាឧបត្ថម្ភប៉ុស្តិ៍ការពារព្រំដែន; ប៉មយាមត្រួតពិនិត្យឈរជើងលើភូមិសាស្រ្តស្រុក; ឧបត្ថម្ភប្រជាជននៅឃុំ ទីប្រជុំជនកំពុងធ្វើចត្តាឡីស័កនៅនឹងផ្ទះ មណ្ឌលបិទខ្ទប់។ មិនត្រឹមតែដូច្នោះ បងនៅទាំងរៀបចំជើងរថយន្តមនោសញ្ចេតនា ឧបត្ថម្ភប្រជាជនអាងយ៉ាងកំពុងរស់នៅ រៀនសូត្រ និងធ្វើការនៅខេត្តប៊ិញយឿង តៀងយ៉ាង ដុងណាយ ក្រុងហូជីមិញ; ឧបត្ថម្ភស្រុកចូវភូ ទិញបៀង ចូវថាញ់ និងក្រុងឡុងស្វៀង; ប្រជាជនមកពីក្រុងហូជីមិញនិងខេត្តនានាត្រឡប់មកស្រុកកំណើត។ ឧបត្ថម្ភស្បៀងអាហារ បន្លែ បង្ការ សម្ភារៈពេទ្យ និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើនទៀត គិតជាទឹកប្រាក់សរុបជាង ៣ ពាន់លានដុង។
លោកស្រីត្រឹងធីថាញត្វៀង ប្រធានសមាគមសហព័ន្ធនារីស្រុកទ្រីតូង ឱ្យដឹង៖ “រយៈពេលកន្លង សមាគមសហព័ន្ធនារីស្រុកគឺជាអង្គភាពមួយក្នុងចំណោមអង្គភាពនានាតែងសហការរឿយៗជាមួយបងហ្វិញក្វឹកហុង ក្នុងការងារសុខុមាលភាពសង្គម សប្បុរសធម៌។ បងក្វឹកហុង មិនធុញទ្រាន់លំបាក ក្រៅពីម៉ោងធ្វើការ បងតែងផ្តោតទៅលើការងារសប្បុរសធម៌ គិតគូរឱ្យអ្នកក្រ មនុស្សចាស់គ្មានទីពឹង កុមារដែលមានស្ថានភាពលំបាក ពិសេសគឺជនរួមជាតិខ្មែរ”។
ឆ្នាំនេះ បងក្វឹកហុង មានអាយុ ៣៩ ឆ្នាំ។ ប៉ុន្តែគាត់នៅតែនិយាយថាអាយុនេះ “នៅក្មេង អាចរៀបការបង្កើតគ្រួសារ” បាន។ បងនៅតែចង់រួមចំណែកទាំងកម្លាំងកាយកម្លាំងចិត្តដល់ជនរួមជាតិខ្មែរ។ ព្រោះដូចគាត់បាននិយាយថា “បើមិនអាចឱ្យ “ដងសន្ទួច” យ៉ាងហោចណាស់ ក៏ឱ្យ “នុយ” ពួកគេដើម្បីផ្តល់ជាកម្លាំងចិត្តឈានឡើងក្នុងជីវភាព”៕
ថាញឡុង-មុនី