ប្រជាជននៅសង្កាត់ព្រំដែនមីឌឹក ក្រុងហាតៀង ខេត្តគៀងយ៉ាង បានស្ម័គ្រចិត្តចូលរួមក្រុមប្រជាការពារចល័ត ឃោសនា បង្ការ ប្រឆាំងបទល្មើស បាបគ្រោះសង្គម និងបង្ការ ប្រឆាំងជំងឺរាតត្បាតតាមបន្ទាត់ព្រំដែន។
នគរបាលសង្កាត់មីឌឹក ក្រុងហាតៀង សហការជាមួយក្រុមប្រជាការពារឃោសនាដល់ប្រជាជនលើកកម្ពស់ស្មារតីបង្ការ ប្រឆាំងជំងឺ COVID-១៩ និងបង្ការ ប្រឆាំងបទល្មើស។
ក្រុមប្រជាការពារចល័ត ឃោសនាបង្ការ ប្រឆាំងបទល្មើស បាបគ្រោះសង្គម និងបង្ការ ប្រឆាំងជំងឺរាតត្បាតតាមបន្ទាត់ព្រំដែនលើភូមិសាស្រ្តសង្កាត់មីឌឹក បានបង្កើតឡើងកាលពីដើមឆ្នាំ ២០២១។ ក្រុមចាប់ផ្តើមសកម្មភាពចំពេលដែលស្ថានភាពជំងឺ COVID -១៩ មានការប្រែប្រួលយ៉ាងស្មុគស្មាញ នៅលើភូមិសាស្រ្តខេត្តនិយាយរួម និងនៅលើភូមិសាស្រ្តក្រុងហាតៀងនិយាយដោយឡែក។ ចំពោះមុខស្ថានភាពនោះ ក្រុមប្រជាការពារមានវិធីឃោសនា ចលនាដោយឡែក ដើម្បីប្រជាជនគោរពតាមវិធានការបង្ការ និងប្រឆាំងជំងឺរាតត្បាត។
លោកង្វៀងង៉ុកសឿ ប្រធានក្រុមប្រជាការពារចល័តឃោសនា បង្ការ ប្រឆាំងបទល្មើសបាបគ្រោះសង្គម និងបង្ការប្រឆាំងជំងឺរាតត្បាត តាមបន្ទាត់ព្រំដែន បានមានប្រសាសន៍៖ ក្នុងជីវភាពប្រចាំថ្ងៃ សមាជិកក្រុមមានការប៉ិនប្រសប់ក្នុងការវិភាគ ឃោសនា រំលឹកមាមីងបង្ការប្រឆាំងជំងឺរាតត្បាត។ នៅភូមិសាស្រ្តមណ្ឌល ក្រុងសាសៀ និងមីឡោ សង្កាត់មីឌឹក ជាប់ព្រំដែននឹងប្រទេសកម្ពុជា ដោយមានប្រជាជនប្រមាណ ៨០% ជាជនជាតិខ្មែរ។ ដូច្នេះ នៅពេលបង្កើតក្រុមប្រជាការពារ នគរបាលសង្កាត់មីឌឹក បានជ្រើសរើសសមាជិកជាអ្នកមានប្រជាប្រិយ យល់ដឹងពីទំនៀមទម្លាប់របស់ប្រជាជន។ សមាជិកក្រុមសុទ្ធសឹងចេះនិយាយភាសាខ្មែរ មានសមាជិកខ្លះចេះនិយាយទាំងភាសាខ្មែរ និងភាសាចិន ម្ល៉ោះហើយមានភាពងាយស្រួលក្នុងការឃោសនាចលនា។
អ្នកមីងភូធីម៉ម នៅមណ្ឌលក្រុងសាសៀ បានរៀបរាប់ឱ្យដឹង៖ “គ្រួសារខ្ញុំមានអ្នកឆ្លងជំងឺ COVID-១៩ ចំនួន ៦ នាក់។ ពេលនោះ ពូៗក្រុមប្រជាការពារ បានជួយនាំគ្រួសារខ្ញុំទៅធ្វើចត្តាឡីស័ក និងព្យាបាល។ ពេលគ្រួសារព្យាបាលរួចត្រឡប់មកផ្ទះវិញ ពូៗបានដាស់តឿន យើងឱ្យធ្វើចត្តាឡីស័កនៅផ្ទះតាមច្បាប់កំណត់។ ពូៗក្រុមប្រជាការពារមានប្រជាប្រិយចំពោះមាមីងណាស់ ដូច្នេះទោះជាពួកគាត់ឃោសនា អំពីបញ្ហាអ្វីក៏ដោយ មាមីងតែងស្តាប់ងាយចាំ ងាយយល់ ហើយតែងធ្វើតាម”។
លោកស៊ីផន អនុប្រធានក្រុមប្រជាការពារចល័តឃោសនា បង្ការ ប្រឆាំងបទល្មើស បាបគ្រោះសង្គម និងបង្ការ ប្រឆាំងជំងឺរាតត្បាតតាមបន្ទាត់ព្រំដែន បានមានប្រសាសន៍៖ បច្ចុប្បន្ន ពេលប្តូរមកស្ថានភាពថ្មី សមាជិកក្រុមក៏ចូលរួមជួយដល់ភូមិភាគធ្វើការឃោសនា ចលនាប្រជាជនឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID -១៩។ ទន្ទឹមនឹងនោះ សកម្មចូលរួមបង្ការ ប្រឆាំងបទល្មើស។ ព្រមទាំងជូនដំណឹងទាន់ពេលដល់នគរបាលពេលឃើញជនចម្លែកគួរសង្ស័យនៅភូមិភាគ៕
ឡេស៊ាង-បកប្រែ៖ សុផន