អ្នកគ្រូលីវធីឡាញ់ តែងបានមាមីងខ្មែរនិងរដ្ឋអំណាចឃុំតឹងហ៊ឹង ស្រុកឡុងភូ ខេត្តសុកត្រាំង គោរពរាប់អាន ពីព្រោះអ្នកគ្រូតែងអស់ពីចិត្តជួយមាមីងក្រីក្រ។
អ្នកគ្រូ លីវធីឡាញ់។
អ្នកគ្រូឡាញ់ ជាគ្រូបង្រៀនរួចហើយ ធ្វើជានាយិកា និងអនុប្រធានការិយាល័យអប់រំស្រុកឡុងភូ មុនពេលចូលនិវត្តន៍ កាលពីឆ្នាំ ២០១០។ លុះចូលនិវត្តន៍ អ្នកគ្រូមានពេលវេលាច្រើនដើម្បីជួយអ្នកក្រ មនុស្សចាស់គ្មានទីពឹង មានជីវភាពក្រលំបាក និងសិស្សក្រីក្រនៅតំបន់ជនបទ។ អ្នកគ្រូឡាញ់ ឱ្យដឹង៖ “ឃើញមាមីងក្រីក្រ មនុស្សចាស់ គ្មានទីពឹងរស់នៅក្រលំបាក និងសិស្សក្រីក្រទៅរៀនមិនមានឯកសណ្ឋានល្អនឹងគេ ខ្ញុំនឹកអាណិតណាស់ ម្ល៉ោះហើយក៏ចលនាសាច់ញាតិនិងមិត្តភក្តិរួមគ្នាជួយឧបត្ថម្ភ។ ឃើញពួកគាត់ត្រេកអរ គឺខ្ញុំមានកម្លាំងចិត្តបន្ថែម ដើម្បីធ្វើការងារសប្បុរសធម៌”។ ផ្តើមពីកម្លាំងចលករនោះ ទើបច្រើនឆ្នាំមកនេះ អ្នកគ្រូបានជួយមាមីងដែលមានជីវភាពក្រលំបាក តំបន់ជនបទរាប់រយគ្រួសារ។ មធ្យមភាគក្នុងមួយឆ្នាំ អ្នកគ្រូផ្តល់អង្ករពី ៣-៥ តោន ជូនគ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹង។ ជូនសម្លៀកបំពាក់ ១២០ កំប្លេដល់សិស្សក្រីក្រនៅឃុំតឹងហ៊ឹង; ជូនសំពត់ដេរសម្លៀកបំពាក់ដល់មនុស្សចាស់; ឧបត្ថម្ភសំពត់ស ក្តារមឈូស អង្ករនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតដល់គ្រួសារក្រីក្រពេលមានមនុស្សស្លាប់នៅភូមិភាគ។
ព្រះតេជព្រះគុណ ថាច់ធឿន ព្រះចៅអធិការវត្តបឹងក្រចាប់ថ្មី មានថេរដីកា៖ “ អ្នកគ្រូឡាញ់ តែងជួយឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពក្រលំបាកជានិច្ច។ ពិសេសអ្នកគ្រូថែមទាំងសកម្មរួមវិភាគទានកសាងសំណង់ក្នុងវត្តទៀតផង។ រៀងរាល់ខែ អ្នកគ្រូតែងទៅវត្តរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ។ ពេលវត្តរៀបចំបុណ្យទាន គាត់មកធ្វើសប្បុរសធម៌ មានចម្អិនបាយម្ហូប ជូនទឹកនំ ផ្លែឈើ ។ល។ ដើម្បីជួយវត្តទទួលភ្ញៀវជាដើម។ អាត្មាភាព តែងស្ងើចសរសើរពីទឹកចិត្តដែលធ្វើសប្បុរសធម៌របស់អ្នកគ្រូឡាញ់”។
អ្នកគ្រូលីវធីឡាញ់ (ឈរទី ២ ខាងឆ្វេង) រួមជាមួយគ្រួសារចម្អិនបាយម្ហូបបម្រើដល់មាមីងដែលធ្វើចត្តាឡីស័កប្រមូលផ្តុំ។
ច្រើនខែមកនេះ អ្នកគ្រូឡាញ់ចម្អិនបាយ ម្ហូប ឧបត្ថម្ភមាមីងក្នុងតំបន់ធ្វើចត្តាឡីស័ក ប្រមូលផ្តុំមានកម្មាភិបាល អ្នកស្ម័គ្រចិត្ត បង្ការប្រឆាំងជំងឺ COVID-១៩។ ទន្ទឹមនឹងនោះ ឧបត្ថម្ភអង្ករដល់អ្នកក្រដែលរងប៉ះពាល់ដោយសារជំងឺ COVID-១៩។ អ្នកគ្រូឡាញ់ ឱ្យដឹង៖ “ខ្ញុំធ្វើសប្បុរសធម៌បាន គឺអាស្រ័យដោយការគាំទ្រពីគ្រួសារនិងមិត្តភក្តិរួមវិភាគទាន។ បច្ចុប្បន្ន ខ្ញុំបានត្រៀមសំពត់សចំនួន ១៥០ ម៉ែត្រ សម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា ១២០ កំប្លេ និងអង្ករជាង ១ តោន ដើម្បីជូនមាមីងក្រីក្រនិងសិស្សក្រលំបាក”។
លោកដោថុងញឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ឹង ឱ្យដឹង៖ “អ្នកគ្រូលីវធីឡាញ់ គឺជាអ្នកមានប្រជាប្រិយគំរូឆ្នើមរបស់ឃុំ។ មិនត្រឹមតែជួយអ្នកក្រធ្វើសប្បុរសធម៌ក្នុងវត្តប៉ុណ្ណោះទេ អ្នកគ្រូថែមទាំងសកម្មរួមវិភាគទានដើម្បីកសាងស្ពាន ផ្លូវគមនាគមន៍ជនបទនិងសំណង់សុខុមាលភាពសង្គមនៅភូមិភាគទៀតផង”៕
លីធាន-លីសៀ