ក្នុងមណ្ឌលយោធភូមិភាគមានបងប្អូនភ្លោះជាច្រើនចូលបម្រើកងទ័ព ឬប្រឡងជាប់ចូលរៀនសាកលវិទ្យាល័យណាមួយជាមួយគ្នា ប៉ុន្តែកម្រមានករណីជាប់ជម្រើសចូលរៀនមហាវិទ្យាល័យយោធារួមគ្នាដូចជា យ័ញហ៊ឺវង៉ី និងយ័ញតឹងលឹក ជាជនជាតិខ្មែរនៅភូមិសើុងហ្វា ឃុំវង់ដុង ស្រុកថ្វយសើុងខេត្តអាង យ៉ាង។
បងប្អូនភ្លោះពីរនាក់ យ័ញហ៊ឺវង៉ី(ឆ្វេង)និងយ័ញតឹងលឹក។
ប្អូនយ័ញហ៊ឺវង៉ី រ៉ាយរ៉ាប់៖ “ពួកខ្ញុំមានបំណងក្លាយជាកងទ័ព ដើម្បីលត់ដំខ្លួនបម្រើជាតិមាតុភូមិនិងស្នងប្រវេណីរបស់គ្រួសារ។ ព្រោះហេតុនោះ បងប្អូនខ្ញុំតែងខិតខំរៀនសូត្រដោយប្ដេជ្ញាចិត្ត ប្រឡងជាប់ចូលរៀនសាលាយោធា។ ពេលជួបលំហាត់ពិបាកធ្វើឬពិន្ទុទាប បងប្អូនលើកទឹកចិត្តគ្នាខិតខំរៀនថែមទៀត។ អាស្រ័យការប្រឹងប្រែងរៀនសូត្រ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅកន្លងហើយ ខ្ញុំប្រឡងបាន ២៤,៦ ពិន្ទុ យ័ញតឹងលឹក បាន២៤,៧ពិន្ទុ គ្រប់ពិន្ទុពិនិត្យជម្រើសតាមគោលបំណង ១ ចូលរៀននៅសាលានាយទាហានរថក្រោះ ជំនាញផ្នែកបញ្ជាការសេនាធិការ”។
ក្នុងផ្ទះចាស់ សមាជិកក្នុងគ្រួសារសប្បាយរីករាយ មោទនៈចំពោះស្នាដៃរបស់បងប្អូនពីរនាក់។ លោកយាយចូវធីមីយ៉ុង (ជីដូនខាងឪពុករបស់ង៉ីនិងលឹក) ចែករំលែក៖ “កាលសម័យតស៊ូប្រឆាំងអាមេរិក ជីតារបស់ពួកគេក៏ជាកងទ័ព ចំណែកខ្ញុំបម្រើការនៅស្ថាប័នពេទ្យយោធាខេត្ត។ ឥឡូវចៅខ្ញុំទាំងពីរប្រឡងជាប់ចូលរៀនសាលាយោធា ក្លាយជានាយទាហានក្នុងពេលអនាគត ក្នុងគ្រួសារនិងសាច់ញាតិត្រេកអរខ្លាំងណាស់។ ហេតុនោះ គ្រប់គ្នាក្នុងគ្រួសារតែងតែដាស់តឿន លើកទឹកចិត្តឱ្យចៅៗខំប្រឹងរៀនសូត្រ ហាត់ពត់លត់ដំឱ្យបានល្អ ដើម្បីបម្រើភូមិស្រុក ប្រទេសជាតិ”។
ឆ្នាំ ២០២១ ស្រុកថ្វយសើុង មានបេក្ខសិស្ស ១៥ នាក់ (ប្រុស ១០ នាក់ ស្រី ៥ នាក់) គ្រប់លក្ខណសម្បត្ដិពិនិត្យជម្រើសចូលរៀននៅវិទ្យាស្ថាននិងសាលាយោធា។ “លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ មានបេក្ខសិស្ស ៤ នាក់ជាប់ជម្រើសចូលរៀនសាលានាយទាហានកងទ័ពជើងអាកាស កងទ័ពជើងគោក ២ ង៉ីនិងលឹក ចូលរៀនសាលានាយទាហានរថក្រោះ។ នេះមិនត្រឹមតែក្ដីមោទនៈសម្រាប់ប្អូនៗនិងគ្រួសារប៉ុណ្ណោះទេ នេះក៏ជាមោទនភាពរបស់ភូមិភាគទៀតផង។ បច្ចុប្បន្ន យើងខ្ញុំកំពុងស្នើគណៈកម្មាធិការប្រជាជនស្រុក ផ្ដល់ជូនរង្វាន់សរសើរដល់ប្អូនៗ ព្រមទាំងឧបត្ថម្ភថវិកាដល់ប្អូនៗចូលរៀន។ ក្រៅពីនោះ ក្នុងរយៈពេលប្អូនៗរៀនសូត្រ យើងខ្ញុំសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជន គិតគូរដល់គ្រួសារប្អូនៗប្រសិនបើជួបការលំបាក” វរសេនីយ៍ឯកបម្រុង វ៉ថាញប៊ិញ ស្នងការនយោបាយនៃគណៈបញ្ជាការយោធាស្រុកថ្វយសើុង មានប្រសាសន៍ដូច្នេះ៕
អត្ថបទនិងរូបថត៖ គៀងយ៉ាង – ហ៊ឺវដាំង- ប្រែសម្រួល៖ ថាច់ធី