(កឹងធើ) – កាលពីសប្តាហ៍កន្លង អនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រឹងថាញណាម ដឹកនាំកិច្ចប្រជុំតាមអនឡាញនឹង ១៣ ខេត្ត ក្រុងនៅតំបន់វាលរាបទន្លេគឺវឡុង បូកសរុបសេចក្ដីសម្រេចលេខ ២១-NQ/TW ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៣ របស់ការិយាល័យនយោបាយ នីតិកាលទី IX ស្តីពីទិសដៅ ភារកិច្ច ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាការពារប្រទេស សន្តិសុខតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល ២០០១-២០១០ (សេចក្តីសម្រេចលេខ ២១) សេចក្តីសន្និដ្ឋានលេខ ២៨-KL/TW ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅ ភារកិច្ច ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងធានាការពារប្រទេស សន្តិសុខតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល ២០១១-២០២០ (សេចក្តីសន្និដ្ឋានលេខ ២៨)។
លោក ង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ
ធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំ។ រូប៖ អាញ់យុង
តាមការវាយតម្លៃរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដំណាក់កាល ២០០៤-២០២០ ផ្នែកកសិកម្មវាលរាបទន្លេគឺវឡុង រួមចំណែកជាមធ្យមភាគប្រមាណ ៣៣,៥៤% GDP លើវិស័យកសិកម្មក្នុងទូទាំងប្រទេស; ល្បឿនកំណើនមធ្យមភាគ GDP កសិកម្មសម្រេច ៤,៦% ខ្ពស់ជាងល្បឿនកំណើនទូទាំងប្រទេស (៣,៧៦%) វាលរាបទន្លេគឺវឡុងខ្ពស់ជាងគេ ទូទាំងប្រទេស អំពីបរិមាណផលអង្ករ បង្គាទឹកភ្លាវ ត្រីប្រានិងផ្លែឈើ ដោយមានអង្ករ ប្រមាណ ២៤,៥១ លានតោន ស្រូបអត្រា ៥៦% នៃបរិមាណផលសរុបក្នុងទូទាំងប្រទេស; បង្គា ៦៧១.៧០០ តោន ស្រូបអត្រា ៨៣,៥១%; ត្រីប្រា ១,៤១ លានតោន ស្រូបអត្រា ៩៨% និងផ្លែឈើ ៤,៣ លានតោន ស្រូបអត្រា ៦០% ។ល។ រហូតដល់ដំណាច់ឆ្នាំ ២០២០ តំបន់វាលរាបទន្លេគឺវឡុងមាន ៦០,៨% នៃចំនួនឃុំសម្រេចបទដ្ឋានជនបទថ្មី (ក្រុងកឹងធើនិងខេត្តបាកលីវ មាន ១០០% នៃចំនួនឃុំសម្រេចបទដ្ឋាន)។ល។ រហូតដល់ឆ្នាំ ២០៣០ វាលរាបទន្លេគឺវឡុង ឆ្ពោះទៅកាន់ទិសដៅគឺ៖ ល្បឿនកំណើន GDP កសិកម្មសម្រេចជាង៣%/ឆ្នាំ; ល្បឿនបង្កើនប្រាក់ចំណូលពីការច្នៃកសិរុក្ខកម្ម ជលផលសម្រេចជាង ៥%/ឆ្នាំ; ល្បឿនបង្កើនទិន្នផល ពលកម្មកសិរុក្ខកម្ម ជលផលសម្រេចជាង ៥%/ឆ្នាំ; អត្រាតម្លៃផលិតផល កសិរុក្ខកម្ម ជលផលត្រូវបានផលិតក្រោមរូបភាពសហការ និងចងសម្ព័ន្ធសម្រេចជាង ៣០%; ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់តំបន់ជនបទកើនយ៉ាងហោចណាស់ ២ ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ។ល។
ថ្នាក់ដឹកនាំទាំងអស់នៅតាមខេត្ត ក្រុងនានា តំបន់វាលរាបទន្លេគឺវឡុង ដែលចូលរួមកិច្ចប្រជុំបានអះអាង៖ ផលិតផលកសិកម្មរបស់វាលរាបទន្លេគឺវឡុង សំខាន់គឺស្រូវអង្ករ ជលផលនិងផ្លែឈើជាដើម។ អាស្រ័យហេតុនោះ ថ្នាក់ដឹកនាំខេត្ត ក្រុងនានាក្នុងតំបន់បានស្នើទៅការិយាល័យនយោបាយ ចង្អុលការ ក្រសួង ផ្នែកមជ្ឈិម និងភូមិភាគនានា ផ្សព្វផ្សាយឱ្យបានច្រើននូវដំណោះស្រាយសម្រាប់លើកកម្ពស់ទិន្នផល គុណភាពតម្លៃផលិតផលខាងលើ ដើម្បីប្រជាជនបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព។ ទន្ទឹមនឹងនោះសង្ឃឹមថា ការិយាល័យនយោបាយ នឹងដាក់ចេញសេចក្តីសម្រេចថ្មី ជំនួសសេចក្តីសម្រេចលេខ ២១ និងសេចក្តីសន្និដ្ឋានលេខ ២៨។
ថ្លែងយោបល់សរុបក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ត្រឹងថាញណាម កត់សម្គាល់មតិយោបល់របស់ថ្នាក់ដឹកនាំខេត្ត ក្រុងនានា ដើម្បីធ្វើសេនាធិការជូនគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម រួចស្នើទៅការិយាល័យនយោបាយពិនិត្យពិច័យ។ ទន្ទឹមនឹងនោះ គូសបញ្ជាក់៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ នឹងធ្វើសេនាធិការជូនរដ្ឋាភិបាល ចង្អុលការក្រសួង ផ្នែកមជ្ឈិម និងភូមិភាគនានា កសាងបង្កើនកម្រិតប្រព័ន្ធធារាសាស្ត្រក្នុងតំបន់ សំដៅធានាការបង្កបង្កើនផលរបស់ប្រជាជន; ជំរុញរចនាសម្ព័ន្ធឡើងវិញ បង្វែរផលិតកម្មកសិកម្ម ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល និងយន្តកម្មក្នុងការបង្កបង្កើនផលកសិកម្ម។ ពិសេស អនុវត្តល្អការចងសម្ព័ន្ធផលិតកម្មតាមសង្វាក់តម្លៃ ដើម្បីក្លាយទៅជាតំបន់បង្កបង្កើនផលដ៏ធំ; កសាងហេដ្ឋារចនាសម្ព័ន្ធ logistics សម្រាប់សហករណ៍ សំដៅជំរុញការផលិតកសិកម្មរីកចម្រើន៕
អត្ថបទ រូប៖ អាញ់យុង-ប្រែសម្រួល៖ លីសៀ