04/10/2021 - 07:20

សើុង​ង៉ុក​ហាយ​ ឆ្លង​កាត់​ការ​លំ​បាក​រៀន​ពូកែ​

ទោះ​បីស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ក៏​ដោយ​ ប៉ុន្តែ​សើុង​ង៉ុក​ហាយ​ នៅ​អនុសង្កាត់​ ៤ សង្កាត់​ ៨ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ តែង​ខិត​ខំ​រៀន​សូត្រ​ ក្លាយ​ជា​សិស្ស​រៀន​ពូកែ​តាំង​ពីថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ១២។​

ប្អូន​សើុង​ង៉ុក​ហាយ​។​

សើុង​ង៉ុក​ហាយ​ កើត​និង​ធំ​ឡើង​ក្នុង​គ្រួ​សារ​ក្រី​ក្រមួយ​នៅ​អនុ​សង្កាត់ ​៤ សង្កាត់ ​៨ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​។​ អា​ស្រ័យ​ស្ថាន​ភាព​គ្រួ​សារ​ ប្អូន​ហាយ​រស់​នៅ​ជា​មួយ​នឹង​ជីដូន​ខាង​ម្តាយ​ និង​អ្នក​មីង​បង្កើត​។​ ទោះ​បីជី​ដូន​មាន​វ័យ​ចាស់​ក៏​ដោយ​ ប៉ុន្តែ​គាត់​តែង​ទៅ​លក់​ឆ្នោត​រកប្រាក់​ចិញ្ចឹម​ប្អូន​ហាយ​រៀន​សូត្រ​។​ មិន​ឱ្យ​ជី​ដូន​ខក​បំ​ណង​ ហាយ​តែង​ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ពូកែ​ និង​ក្លាយ​ជា​និស្សិត​ផ្នែក​គរុ​កោសល្យ​ជីវ​វិទ្យា​នៃ​មហា​វិទ្យា​ល័យ​គរុ​កោសល្យ​ក្រុង​ហូជី​មិញ​ ក្នុង​ឆ្នាំ​សិក្សា​២០២១-២០២២នេះ​។​

សើុង​ង៉ុក​ហាយ​ សំ​ណេះ​សំ​ណាល​៖ “ទោះ​បីជីវ​ភាព​លំ​បាក​ ប៉ុន្តែ​គ្រួ​សារ​តែង​បង្ក​លក្ខណៈ​ឱ្យ​ប្អូន​បាន​ទៅ​រៀន​ដូច​មិត្ត​ភកិ្ត​ដែរ​។​  ហេតុ​នោះ​  ប្អូន​តែង​ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ​  ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ល្អ​   ទុក​ជា​អំ​ណោយ​ជូន​គ្រួ​សារ​”។​ ដោយ​ឃើញ​ជីដូន​និង​អ្នក​មីង​នឿយ​ហត់​ ម្ល៉ោះ​ហើយ​ ឱ្យ​តែដល់​រដូវ​វិស្សម​កាល​ ង៉ុក​ហាយ​តែង​ទៅ​ធ្វើ​កម្មករ​សំ​ណង់​ ឬ​រត់តុ​នៅ​ហាង​កាហ្វេ​។​ល។​ រក​បាន​ប្រាក់​ខ្លះ​ៗ​ជួយ​គ្រួសារ​។​ ង៉ុក​ហាយ​ បង្ហើប​ឱ្យ​ដឹង​៖ “ជីដូន​គាត់​ប្រាប់​ថា​  ឪ​ពុក​ប្អូន​ទៅ​ចោល​ពេល​ម្តាយ​ពពោះ​។​ ចំ​ណែក​ម្តាយ​វិញ​ ក្រោយ​ពី​សម្រាល​ប្អូន​មក​ គាត់​ក៏​ផ្ញើ​ប្អូន​ឱ្យ​នៅ​ជាមួយ​នឹង​ជីដូន​ រួច​គាត់​ក៏​មាន​គ្រួ​សារ​ថ្មី​ទៅ​រស់​នៅ​ស្រុក​ឆ្ងាយ​។​ រហូត​មក​ដល់​ពេល​នេះ​ ប្អូន​មិន​ស្គាល់​មុខ​មាត់​ឪ​ពុក​ និង​ចាំ​មិន​ច្បាស់​ពីមុខ​មាត់ រូប​រាង​ម្តាយ​របស់​ប្អូន​នោះ​ទេ។​ ក៏​ប៉ុន្តែ​ប្អូន​បាន​ជីដូន​និង​អ្នក​មីង​ស្រ​ឡាញ់​ ចិញ្ចឹម​ឱ្យ​រៀន​សូត្រ​។​ មាន​ពេល​ខ្លះ​ប្អូន​តូច​ចិត្ត​ណាស់​ដែរ​ ប៉ុន្តែ​ប្អូន​បាន​យក​ប្រ​ការ​នោះ​ ធ្វើ​ជា​កម្លាំង​ចលករ​សម្រាប់​ជំរុញ​ខ្លួន​ឯង​រៀន​ឱ្យ​ពូកែ​ ដើម្បី​ពេល​អនា​គត​មាន​ការ​ងារ​ធ្វើ​ ចិញ្ចឹម​ជីដូន​និង​អ្នក​មីង​វិញ​។​ ពិសេស​ គឺ​ធ្វើ​ជាគំ​រូ​ដល់​មិត្ត​ភ័ក្តិ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ដូច​ប្អូន​ ដើម្បី​ពេល​ខាង​មុខ​មាន​អនា​គត​ភ្លឺ​ស្វាង​”។​

អ្នក​គ្រូ​ថាច់​ធីសា​រ៉ាវី នាយក​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “ប្អូន​ហាយ​ តែង​គោរព​លោក​គ្រូ​អ្នក​គ្រូ​ ស្និទ្ធ​ស្នាល​ជាមួយ​នឹង​មិត្ត​ភ័ក្តិ​ ហើយ​តែង​ជួយ​ដល់​មិត្ត​រៀន​ខ្សោយ​និង​សកម្ម​ចូល​រួម​រាល់​ការ​ចលនា​របស់​សាលា​។​ មិន​ត្រឹម​តែស្លូត​បូត រៀន​ពូកែ​ប៉ុណ្ណោះ​ទេ ប្អូន​ហាយ​ នៅ​ទាំង​ជា​ចៅ​ម្នាក់​លុះ​ក្នុង​ដំ​បូន្មាន​។​ រដូវ​វិស្សម​កាល​ ប្អូន​ង៉ុក​ហាយ​ តែង​ឆ្លៀត​រក​ការ​ងារ​ធ្វើ​ដើម្បី​រកប្រាក់​ជួយ​ទំ​នុក​បម្រុង​គ្រួ​សារ​។​ ប្អូន​គឺ​ជាគំ​រូ​សិស្ស​ក្រី​ក្រ ឆ្លង​កាត់​ការ​លំ​បាក​ រៀន​ពូកែ​របស់​សាលា​”៕​

                                សើុង​ម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ