ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបចេញសារាចរលេខ ២២/២០២១/TT-BGDĐT (ហៅកាត់ថាសារាចរលេខ ២២) កំណត់អំពីការវាយតម្លៃសិស្សអនុវិទ្យាល័យនិងវិទ្យាល័យ។ សារាចរនេះ មានសុពលភាព ចាប់ពីថ្ងៃ ៥/៩/២០២១ ចាប់ផ្តើមអនុវត្តសម្រាប់សិស្សថ្នាក់ទី ៦ ឆ្នាំសិក្សា ២០២១-២០២២។
សាលាអនុវិទ្យាល័យតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង ត្រៀមអនុវត្តកម្មវិធីថ្មី។
សារាចរលេខ ២២ ត្រូវបានផ្សព្វផ្សាយដើម្បីណែនាំអនុវត្តកម្មវិធីអប់រំចំណេះទូទៅថ្មី ដែលក្រសួងអប់រំនិងបណ្តុះបណ្តាលផ្សព្វផ្សាយអនុវត្ត ចាប់ពីឆ្នាំសិក្សា ២០២១-២០២២ ចំពោះថ្នាក់ទី៦។ ចំណុចលេចធ្លោនៃសារាចរនេះ គឺការរៀបចំណាត់ថ្នាក់និទ្ទេសសិស្សអនុវិទ្យាល័យនិងវិទ្យាល័យ គឺចោលកិត្តិនាមសិស្សសម្រេចនិទ្ទេសគ្រាន់បើ។ ពេលរៀបចំណាត់ថ្នាក់និទ្ទេសវាយតម្លៃចុងឆ្នាំសិក្សា នាយកសាលាគ្រាន់តែជូនលិខិតសរសើរដល់សិស្សរៀនពូកែនិងសិស្សឆ្នើម។ លែងមានចំណាត់ថ្នាក់និទ្ទេសមធ្យម ខ្សោយ អន់ មានតែសិស្សសម្រេច និងពុំទាន់សម្រេច។
ចំណុចថ្មីគួរឱ្យកត់សម្គាល់នៃសារាចរលេខ ២២ គឺរបៀបគិតពិន្ទុមធ្យមភាគលើគ្រប់វិញ្ញាសា។ ទោះបីមិនមានសេចក្តីកំណត់ ប៉ុន្តែមុននេះ សិស្សជាច្រើនតែងមានទស្សនៈ គ្រូបង្រៀនវិញ្ញាសាគណិតវិទ្យា អក្សរសាស្រ្ត អង់គ្លេស ជាគ្រូបង្រៀនវិញ្ញាសាសំខាន់ បើចង់សម្រេចនិទ្ទេសពូកែ យ៉ាងហោចណាស់ត្រូវមាន២/៣ វិញ្ញាសា ដូចពោលខាងលើសម្រេចពី ៨,០ពិន្ទុឡើងទៅ។ លោកគ្រូង្វៀងហ្វាងថាញ គ្រូបង្រៀនវិញ្ញាសាភូមិវិទ្យា សាលាអនុវិទ្យាល័យ ត្រឿងឡុង ស្រុកផុងដៀង ឱ្យដឹង៖ “បទប្បញ្ញត្តិថ្មីនឹងធ្វើឱ្យគ្រូបង្រៀនក្រៅពីវិញ្ញាសាគណិតវិទ្យា អក្សរសាស្រ្ត អង់គ្លេស ដូចរូបខ្ញុំសម្រាលបានសម្ពាធផ្លូវចិត្តជាគ្រូបង្រៀនវិញ្ញាសាបន្ទាប់បន្សំ។ សមភាពលើគ្រប់វិញ្ញាសារៀន ត្រូវបានសិស្សនិងអាណាព្យាបាលសិស្សពិនិត្យឡើងវិញ។ ពេលស្រាយបានសម្ពាធធ្ងន់ គ្រូបង្រៀនវិញ្ញាសារូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា អប់រំពលរដ្ឋ ភូមិវិទ្យា។ល។ នឹងជឿជាក់ក្នុងការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនតាមកម្មវិធីថ្មី”។
លោកគ្រូង៉ោថាច់យ៉ូវ នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកចូវថាញ់ ខេត្តគៀងយ៉ាង វាយតម្លៃខ្ពស់ចំពោះការផ្លាស់ថ្មីនៃកម្មវិធីអប់រំចំណេះទូទៅថ្មីដែលសារាចរលេខ ២២ បានកំណត់។ លោកគ្រូង៉ោថាច់យ៉ូវ រៀបរាប់៖ “ជាច្រើនលើក គ្រូបង្រៀនវិញ្ញាសាអប់រំពលរដ្ឋ ភូមិវិទ្យា គីមីវិទ្យា ជីវវិទ្យា។ល។ បានរៀបរាប់ប្រាប់ខ្ញុំពីស្ថានភាពសិស្សថ្នាក់ទី ៩ យកសៀវភៅគណិតវិទ្យា អង់គ្លេស ធ្វើលំហាត់ក្នុងម៉ោងរៀនវិញ្ញាសារបស់ពួកគាត់។ នៅពេលប្រជុំក្នុងម៉ោងគោរពទង់ជាតិ ខ្ញុំតែងរំលឹកជារឿយៗ និងសំណូមពរគ្រូបង្រៀនអចិន្រ្តៃយ៍ ត្រូវមានការពិន័យ ប៉ុន្តែការប្រកាន់ថាវិញ្ញាសាសំខាន់ វិញ្ញាសាបន្ទាប់បន្សំ ហាក់ដូចជាស៊ីជម្រៅក្នុងគំនិតរបស់សិស្សនិងអាណាព្យាបាលសិស្ស។ ហេតុនេះ បទប្បញ្ញត្តិថ្មីនឹងបង្កើតឱ្យមានភាពសមស្របលើគ្រប់វិញ្ញាសា”៕
ហាថាញ-មុនី