ខ្ញុំភ្ញាក់ព្រើតតែម្ដង ពេលឃើញហិបរៃអង្គាសប្រាក់ដាក់នៅផ្ទះមេបញ្ជាការនៃប៉ុស្តិ៍ការពារព្រំដែន តាមយ៉ាងតី (កងទ័ពការពារព្រំដែនខេត្តកាម៉ាវ)។ ហិបរៃអង្គាសប្រាក់ដាក់នៅកន្លែងស្រឡះងាយឃើញបំផុត ដោយលាយលក្ខណ៍អក្សរថា “សន្សំលុយរាយ ចែករំលែកលំបាក”…។
វរសេនីយ៍ត្រី ង្វៀងឌិញថាំង (ខាងស្តាំ) រួមនឹងកម្មាភិបាលរបស់អង្គភាពរាប់ប្រាក់ក្នុងហិបរៃអង្គាស ដើម្បីយកទៅជួយគ្រួសារបងកៀ។
ធ្វើដំណើរតាមដងផ្លូវបេតុងក្បែរមាត់ប្រឡាយ ឆ្លងស្ពានបេតុងពីរបី យើងខ្ញុំចូលភូមិចើទូវ B ឃុំតាមយ៉ាងតី សំចតនៅមុខផ្ទះទើបសង់ថ្មី។ នោះគឺផ្ទះអ្នកមីងតូធីបែ។
ស្ថានភាពគ្រួសារអ្នកមីងបែ ជួបការលំបាកច្រើន ពីព្រោះប្តីប្រពន្ធគាត់សុទ្ធសឹងមានវ័យចាស់ គ្មានកម្លាំងពលកម្ម ថែមទាំងចិញ្ចឹមចៅ ២ នាក់ទៀត ម្នាក់អាយុ ១៦ ឆ្នាំ ម្នាក់អាយុ ១៤ ឆ្នាំ។ អ្នកមីងបែ រៀបរាប់៖ “កូនស្រីខ្ញុំស្លាប់កាលពី ៤ ឆ្នាំមុន ចំណែកប្តីវាទៅចោល ១២ ឆ្នាំមុន…”។ ពីមុន ប្តីប្រពន្ធអ្នកមីងរស់នៅផ្ទះស្លឹកទ្រុឌទ្រោម ភ្លៀងស្រក់ទឹកលិចធារផ្ទះ។ល។ បានគណៈកម្មការសប្បុរសធម៌សង្គមនៃសមាគមពុទ្ធសាសនាខេត្តកាម៉ាវ ឧបត្ថម្ភថវិកាសង់ផ្ទះ។ មិនត្រឹមតែជួយគ្រួសារអ្នកមីងលើកដីទប់ធារសង់ផ្ទះប៉ុណ្ណោះទេ កងទ័ពការពារព្រំដែនថែមទាំងឆ្លៀតពេលទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជួយឧបត្ថម្ភជារឿយៗ។ អ្នកមីងបែ ឱ្យដឹង៖ “អាស្រ័យបានពូៗយុទ្ធជនកងទ័ពការពារព្រំដែនជួយឧបត្ថម្ភ ទើបការរស់នៅរបស់គ្រួសារខ្ញុំបានប្រសើរជាងមុនច្រើន។ ចំនួនប្រាក់ដែលពូៗជូនប្តីប្រពន្ធខ្ញុំទិញកូនទាកាប៉ាចិញ្ចឹម។ ក្នុងមួយខែខ្ញុំលក់ ២ លើក បន្ទាប់ពីទូទាត់នៅចំណេញជិតមួយលានដុង”។
បងស្រីណឿង (ប្រពន្ធបងកៀ) រីករាយទទួលប្រាក់ឧបត្ថម្ភពីប៉ុស្តិ៍ការពារព្រំដែនតាមយ៉ាងតី។
ម្ដងនោះ កងទ័ពការពារព្រំដែនតាមយ៉ាងតី ជិះទូកឆ្លងព្រែកតាមយ៉ាង ទៅផ្ទះបងត្រឹងវ៉ាន់កៀ នៅភូមិម៉ាយវិញ ឃុំតាមយ៉ាងដុង ឃើញគ្រួសារគាត់គ្មានដីផលិតកម្ម គ្មានមធ្យោបាយនេសាទ ប្តីប្រពន្ធបងកៀ ទៅធ្វើការឈ្នួលចិញ្ចឹមជីវិតទាំងប្រាំងវស្សា។ ប្តីប្រពន្ធបងកៀ មានកូនប្រុស ២ នាក់ ម្នាក់រៀនថ្នាក់ទី ១២ ម្នាក់ រៀនថ្នាក់ទី ៥ ។ បងកៀ រៀបរាប់៖ “អ្នកណាជួលធ្វើអ្វីក៏ខ្ញុំធ្វើហ្នឹង តាំងពីលើកដីទប់ទំនប់ កាប់ឈើ លុបទីធ្លា កម្មករសំណង់។ ប្តីប្រពន្ធខ្ញុំខិតខំធ្វើការដើម្បីចិញ្ចឹមកូន”។ ការអញ្ជើញមកសួរសុខទុក្ខលើកនេះ វរសនីយ៍ត្រី ង្វៀងឌិញថាំង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនតាមយ៉ាង បានជូនប្រាក់ដល់ប្តីប្រពន្ធបងកៀ។ បងកៀ ឱ្យដឹង៖ “ចំពោះមុខ ប្តីប្រពន្ធខ្ញុំនឹងប្រើប្រាស់ប្រាក់នេះទិញកូនមាន់ កូនទាបន្ថែមមកចិញ្ចឹម”។
ពេលវិលមកកាន់ប៉ុស្តិ៍ការពារព្រំដែនវិញ វរសេនីយ៍ត្រី ង្វៀងឌិញថាំង ទើបរៀបរាប់ពីប្រភពហិបរៃអង្គាសប្រាក់ “សន្សំលុយរាយ ចែករំលែកលំបាក” របស់អង្គភាព។ វរសេនីយ៍ត្រី ង្វៀងឌិញថាំង ចែករំលែក៖ “ពេលចុះទៅភូមិសាស្រ្តម្តងៗ យើងខ្ញុំបានប្រទះឃើញស្ថានភាពគ្រួសារលំបាក។ ប្រការនោះបានធ្វើឱ្យយើងខ្ញុំមានការខ្វល់ខ្វាយ។ បងប្អូនក្នុងអង្គភាពបានពិភាក្សានិងសម្រេចចិត្តធ្វើហិបប្រាក់នេះឡើង ហើយចាក់សោរមក។ បងប្អូនមានលុយរាយដាក់ចូលហិបនោះ។ ពីរបីខែ យើងខ្ញុំបើករាប់ម្តង រួចយកប្រាក់នោះទៅជួយគ្រួសារលំបាក មានឆន្ទៈឈានឡើង”។
ទម្រង់ “សន្សំលុយរាយ ចែករំលែកលំបាក” អាស្រ័យប៉ុស្តិ៍ការពារព្រំដែនតាមយ៉ាងតី ផ្សព្វផ្សាយបានជាង ១ ឆ្នាំ។ នោះក៏ជាវិធីដែលយុទ្ធជនកងទ័ពការពារព្រំដែនតាមយ៉ាងតី ថ្លែងអំណរគុណចំពោះប្រជាជនដែលបានរួមដំណើរប្រកៀកស្មា ការពារអធិបតេយ្យសន្តិសុខព្រំដែនមាតុភូមិ៕
អាញវី-មុនី