08/03/2021 - 15:48

ជន​រួម​ជាតិ​ខ្មែរ​សាម​គ្គី​កសាង​ភូមិ​ស្រុក​

តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​ឃុំ​លឿង​ងៀ ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​។​ នោះ​គឺជា​លទ្ធ​ផល​នៃ​ការ​សាម​គ្គី​ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ស្ពាន​ឈើ​ចាប់​ឆ្លង​ប្រ​ឡាយ​ ដែល​ក្រុម​អ្នក​មាន​ប្រ​ជា​ប្រិយ​ ចលនា​កសាង​ ជួយ​ឱ្យ​មាមីង​នៅ​ភូមិ​ ១០ និង ១១ ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។​

មុន​ឆ្នាំ​ ២០១៩ ភូមិ១​០ និង​ភូមិ​១១ ឃុំ​លឿង​ងៀ នៅ​ជួប​ការ​លំ​បាក​ច្រើន​ អា​ស្រ័យ​មិន​ទាន់​មាន​ស្ពាន​ ថ្នល់​ត្រឹម​ត្រូវ​។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ​ លោក​ឡឹម​ខែម លោក​យ័ញ​ក្វឹ​ង យ័ញ​ស យ័ញ​សេន និង​យ័ញ​សឹង​ ។​ល។​ ជា​ព្រឹទ្ធា​ចារ្យ​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ បាន​ស្ម័គ្រ​ចិត្ត​បង្កើត​ក្រុម​ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​កសាង​ស្ពាន​ ថ្នល់​។​ តាំង​ពី​ឆ្នាំ​ ២០១៩ មក​ ក្រុម​នេះ​ចលនា​កសាង​ស្ពាន​ឈើ​បាន​ ២ ខ្សែ​ និង​ជួស​ជុល​ផ្លូវ​បាន​ប្រ​វែង​ ២ គីឡូ​ម៉ែ​ត្រ គិត​ជាទឹក​ប្រាក់​សរុប​ ៣០ លាន​ដុង​។​ ក្រៅ​ពី​នោះ​ ក្រុម​នៅ​ទាំង​ចលនា​ប្រ​ជា​ជន​ សប្បុរស​ជន​រួម​វិភាគ​ទាន​ដើម្បី​ជូន​អំ​ណោយ​ដល់​អ្នក​ក្រី​ក្រ សំ​ពៀត សៀវ​ភៅ​ សម្លៀក​បំពាក់​ ។​ល។​ ដល់​សិស្ស​ក្រី​ក្រ​នៅ​ភូមិ​ភាគ​ទៀត​ផង​។​ ទន្ទឹម​នឹង​នោះ​ ចលនា​ប្រ​ជា​ជន​ដាំ​ផ្កា​ ធ្វើ​របង​និង​រក្សា​អនា​ម័យផ្លូវ​ជន​បទ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ភូមិ​ស្រុក​កាន់​តែស្រស់​ស្អាត​។​

លោក​ឡឹម​ខែម នៅ​ភូមិ​ ១០ មាន​ប្រ​សាសន៍​៖ “រដ្ឋ​វិនិ​យោគ​កសាង​ផ្លូវ​ធំ​ ម្ល៉ោះ​ហើយ​យើង​ខ្ញុំ​បង្កើត​ក្រុម​ដើម្បី​ចលនា​មាមីង​ជួស​ជុល​ផ្លូវ​ថ្នល់​ និង​កសាង​ស្ពាន​។​ តំ​បន់​ណា​មាន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ​ មិន​ទាន់​មាន​ស្ពាន​ គឺយើង​ចលនា​មាមីង​រួម​វិភាគ​ទាន​ជា​បន្ទះ​ក្ដារ​ កម្លាំង​ពលកម្ម​ ដើម្បី​កសាង​ស្ពាន​ ជួយ​ឱ្យ​មាមីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។​ ពេល​មាមីង​សាមគ្គី​ ព្រួត​ដៃ​គ្នា​ធ្វើ​ គឺសំ​ណង់​ណា​ក៏​សម្រេច​ទាំង​អស់​ ហើយ​ភូមិ​ស្រុក​កាន់​តែ​សុខ​សាន្ត​ ស្អាត​បាត​”។​ ពូយ័ញ​ស ជាសមាជិក​ម្នាក់​ក្នុង​ក្រុម​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​រស់​នៅ​ទីនេះ​ឆ្លង​កាត់​ច្រើន​ជំ​នាន់​ ម្ល៉ោះ​ហើយ​ដឹង​ពី​ការ​លំ​បាក​នៅ​តំ​បន់​ជន​បទ​នេះ​ ខណៈ​ពេល​ដែល​មិន​ទាន់​មាន​ផ្លូវ​ថ្នល់​និង​ស្ពាន​។​ ព្រោះ​ហេតុ​នោះ​ យើង​ត្រូវ​តែ​ព្រួត​ដៃ​គ្នា​កសាង​ស្ពាន​ ថ្នល់​ ដើម្បី​មាមីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ ជួញ​ដូរ​បាន​ងាយ​ស្រួល​”។​

ទន្ទឹម​នឹង​នោះ​ ក្រុម​ស្ម័គ្រ​ចិត្ត​នៅ​ទាំង​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ។​ លោក​យ័ញ​សែម លេខា​សាខា​បក្ស​ភូមិ​ ១០ ឱ្យ​ដឹង​៖ “ក្រុម​ស្ម័គ្រ​ចិត្ត​ ភាគ​ច្រើន​គឺជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ ម្ល៉ោះ​ហើយ​មាមីង​ខ្មែរ​តែង​មាន​ទំ​នុក​ចិត្ត​យ៉ាង​ខ្លាំង​។​ ព្រោះ​ហេតុ​នោះ​ ពេល​ក្រុម​ចលនា​ គឺមាមីង​តែង​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន​ជាទឹក​ប្រាក់ សម្ភារៈ កម្លាំង​ពល​កម្ម​ ដើម្បី​កសាង​សំ​ណង់​ផ្សេង​ៗ​មាន​ស្ពាន​ ថ្នល់​ជាដើម​។​ ទង្វើ​របស់​ក្រុម​ពិត​ជាគួរ​ឱ្យ​ស្ងើច​សរ​សើរ​ខ្លាំង​ណាស់​ បាន​ជួយ​ឱ្យ​មាមីង​ក្នុង​ភូមិ​ស្រុក​សាម​គ្គី​ ព្រួត​ដៃ​គ្នា​កសាង​ភូមិ​ស្រុក​កាន់​តែសម្បូរ​សប្បាយ​”៕​

                                      យ្វី​អាញ់-វិមាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​ខែម