បានរដ្ឋឧបត្ថម្ភបុលទុនអាទិភាព បងស្រីធីផាន់ នៅភូមិ ៥ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ជ្រើសយកទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចសមស្របនឹងស្ថានភាពគ្រួសារ ដើម្បីចាកភាពក្រីក្រ លំនឹងជីវភាព។
បងស្រីធីផាន់ រកបានប្រាក់ចំណូលបន្ថែមពីការលក់សាច់ ខ្យងហោងលឿង។
ឆ្នាំ ២០១០ បងស្រីធីផាន់ បានចូលរួមក្រុមនារីជួយគ្នាពង្រីកសេដ្ឋកិច្ចនៅភូមិ៥ ។ ផ្ដើមពីនោះ បងស្រីបានឧបត្ថម្ភបុលទុនអាទិភាព និងបានរដ្ឋអំណាចមូលដ្ឋានផ្ដល់ជូនកូនជ្រូកសម្រាប់ចិញ្ចឹម។ ក្រៅពីធ្វើការឈ្នួល ចិញ្ចឹមជ្រូក បងស្រីនៅទាំងចូលរួមហ៊ុនដើមទុនដើម្បីជួយគ្នាពង្រីកសេដ្ឋកិច្ច។ បងស្រីផាន់ រៀបរាប់៖ “គ្រួសារខ្ញុំមានជីវភាពធូរធារដូចសព្វថ្ងៃ អាស្រ័យបានចូលរួមក្រុមនារី ជួយគ្នាពង្រីកសេដ្ឋកិច្ច និងចិញ្ចឹមជ្រូកមេ។ ផ្ដើមពីជ្រូកមេ៤ ក្បាល ជាមធ្យមក្នុងមួយក្បាលកើតកូនបាន ពី ៨-១២ ក្បាល ខ្ញុំលក់ខ្លះនិងទុកចិញ្ចឹមយកសាច់ខ្លះ។ អាស្រ័យចិញ្ចឹមជ្រូកសមប្រកប ទើបជ្រូកឆាប់ធាត់ធំ និងកើតកូនស្មើ។ ប្រាក់បានមកពីការចិញ្ចឹមជ្រូក ខ្ញុំលោះបានដីស្រែ ៤ កុង និងទិញម៉ូតូបានមួយគ្រឿង សម្រាប់ប្ដីខ្ញុំគាត់រត់ម៉ូតូឌុបរកប្រាក់ចំណូលបន្ថែម”។
បងស្រីធីផាន់សង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ។
ដោយចរិតឧស្សាហ៍ព្យាយាមធ្វើការរកស៊ី ម្ល៉ោះហើយក្រៅពីការចិញ្ចឹមជ្រូក បងស្រីផាន់ នៅទាំងឆ្លៀតពេលដើរស៊ីឈ្នួល រាវខ្យងលក់រកប្រាក់ចំណូលបន្ថែម។ ក្រៅពីនោះ បងស្រីក៏បានបើកហាងលក់ គ្រឿងទេសនិងទឹកភេសជ្ជៈ។ បងស្រីផាន់ ឱ្យដឹង៖ “យើងធ្លាប់ធ្វើការនៅផ្ទះមិននឹងទេ ម្ល៉ោះហើយ ខ្ញុំឆ្លៀតរកការងារធ្វើបន្ថែម។ ក្នុងរដូវទឹកជំនន់ ខ្ញុំអាចរកបានប្រាក់ពី ៨-១០ លានដុងពីការដើររាវខ្យងហោងលឿងខ្វេះសាច់លក់។ ពេលព្រឹកក្រោកពីព្រលឹម ដាំទឹកឆុងកាហ្វេ ទុកឱ្យប្ដីខ្ញុំគាត់លក់នៅពេលព្រឹក ចំណែកខ្ញុំឆ្លៀតទៅរករាវខ្យង។ ប្រហែលម៉ោង ៨ ព្រឹក ខ្ញុំក៏មកផ្ទះដើម្បីមើលថែទាំជ្រូកនិងលក់ដូរ ចំណែកប្ដីខ្ញុំគាត់ក៏ទៅរត់ម៉ូតូឌុប។ ខណៈនេះខ្ញុំនៅផ្ទះស្ងោរខ្យង ខ្វេះសាច់លក់។ មធ្យមភាគក្នុងមួយថ្ងៃ ខ្ញុំរាវខ្យងបានជិត ១០ គីឡូក្រាម (សាច់) លក់ក្នុងតម្លៃពី ១៥.០០០-២០.០០០ ដុង”។ ដោយការរស់នៅចេះប្រិតសំចៃ ឧស្សាហ៍ព្យាយាមប្រកបការងារ ទើបគ្រួសារបងស្រីផាន់ បានចាកផុតពីភាពក្រីក្រ។ រួមជាមួយនឹងប្រាក់ដែលសន្សែសន្សំបានផ្សំនឹងប្រាក់ដែលកូនៗទៅធ្វើការនៅក្រៅខេត្តផ្ញើមក បងស្រីផាន់ សង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ តម្លៃជិត ៣០០ លានដុង។
បងស្រីធីភឿង ប្រធានសាខាសមាគមនារីភូមិ៥ ឱ្យដឹង៖ “ប្ដីប្រពន្ធបងស្រីធីផាន់ ឧស្សាហ៍ព្យាយាមធ្វើការរកស៊ី និងខិតខំប្រឹងប្រែងឈានឡើងចាកភាពក្រីក្រ ការរស់នៅប្រិតសំចៃ ទើបសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ និងលោះបានដីស្រែសម្រាប់បង្កបង្កើនផល។ ស្មារតីជម្នះការលំបាក ឈានឡើងចាកភាពក្រីក្ររបស់បងស្រីធីផាន់ គួរឱ្យស្ងើចសរសើរខ្លាំងណាស់”៕
យ្វីអាញ់-ពេជ្រសឿន