ពានរង្វាន់ជើងឯកសម្រាប់ក្លឹបប៉េតង់ (petanque) ខេត្តសុកត្រាំង លើកទី ៦ ឆ្នាំ ២០២០ ទើបនឹងបញ្ចប់ក្នុងពេលថ្មីៗនេះ។ ការប្រកួតបានទាក់ទាញអត្តពលិកប្រមាណជាង ១៨០ នាក់ (កីឡាការិនី ៣០ នាក់) មកពីក្លឹបចំនួន២៨ នៃអង្គភាពស្រុក ទីរួមខេត្ត និងក្រុងក្នុងខេត្តចូលរួមប្រកួត។
គណៈចាត់តាំងជូនរង្វាន់ដល់អត្តពលិកសម្រេចបានស្នាដៃខ្ពស់នៅខ្លឹមសារបោះប៉េតង់បច្ចេកទេសផ្នែកនារី។
ការប្រកួតរួមមាន ៩ ខ្លឹមសារ ឯកត្តជន (បុរស, នារី) គូ(បុរស, នារី) គូបុរស-នារី ក្រុម៣នាក់(បុរស, នារី) បោះប៉េតង់បច្ចេកទេស(បុរស, នារី)។ ក្នុងនោះ ខ្លឹមសារបោះប៉េតង់បច្ចេកទេស ត្រូវបានចាត់ទុកថាពិបាកនិងមានភាពស្វាហាប់បំផុត ទាក់ទាញទស្សនិកជន។ នៅខ្លឹមសារ បោះប៉េតង់បច្ចេកទេស(នារី) កីឡាការិនីផាមធ្វីវៀង បានយកឈ្នះលើគូប្រកួតចំនួន ១៦នាក់ ដើម្បី ដណ្តើមបានរង្វាន់លេខ ១ ជូនក្លឹបអានថាញ់ ស្រុក កេសាច់។ រង្វាន់លេខ ២ បានទៅលើកីឡាការិនី ង្វៀនធូហ្វៀង មកពីក្លឹបសង្កាត់ ៨ ក្រុងសុកត្រាំង។ ធ្វីវៀង ឱ្យដឹង៖ “នេះគឺជាឆ្នាំទី ២ ខ្ញុំការពារជោគជ័យ តំណែងជើងឯក។ បើប្រៀបនឹងឆ្នាំមុនៗ ឆ្នាំនេះ មានកីឡាករ កីឡាការិនីជើងខ្លាំងជាច្រើន ព្រមទាំងមានបច្ចេកទេសល្អ។ ក្នុងការប្រកួត ខ្ញុំខិតខំព្យាយាម សង្កេតមើលបច្ចេកទេសបោះរបស់ដៃគូដើម្បីស្វែងរកចំណុចផ្ដួលរំលំដៃគូ”។ នៅខ្លឹមសារបោះប៉េតង់បច្ចេកទេសផ្នែកបុរស កីឡាករត្រឹងណាហ្វាញ់ មកពីក្លឹបមជ្ឈមណ្ឌលវប្បធម៌-កីឡាទីរួមខេត្តវិញចូវ ទទួលបានរង្វាន់លេខ ១ ចំណែករង្វាន់លេខ ២ បានទៅលើកីឡាករគឹមរ៉ាដា មកពីក្លឹបភូឌឹក ស្រុកឡុងភូ។
គណៈចាត់តាំង នៅទាំងរៀបចំពិធីជូនរង្វាន់លេខ ១ ខ្លឹមសារឯកត្តជនបុរសដល់កីឡាករត្រឿងក្វាងវិញ ក្លឹបសាលាវិទ្យាល័យភូតឹម ស្រុកចូវថាញ់ រង្វាន់លេខ ១ ឯកត្តជននារី ដល់កីឡាការិនីហ្វិញ ធីគីមពឿង ក្លឹបកូវឡៅយុង រង្វាន់លេខ ១ គូបុរស ដល់ឡឹមថាញ់ង៉ៀនិងយ៉ាងវ៉ាន់ឡុង ក្លឹបឃុំត្រឿងខាញ់ ស្រុកឡុងភូ រង្វាន់លេខ ១ គូនារី ឌាំងធីមិញ ខាញ់និងឡឹមធីង៉ុកង្វៀក ក្លឹបបឹងឡុង ស្រុកឡុងភូ រង្វាន់លេខ ១ គូបុរស-នារី ត្រឹងណាហ្វាញ់និងហុងប៊ិតថាវ ក្លឹបមជ្ឈមណ្ឌលវប្បធម៌-កីឡាទីរួមខេត្តវិញចូវ រង្វាន់លេខ ១ ក្រុម៣នាក់ បានទៅលើកីឡាករ កីឡាការិនីក្លឹបឃុំដាយអឹង២ ស្រុកត្រឹងដេ និងរង្វាន់លេខ ១ ក្រុម៣នាក់ ផ្នែកនារីជូនកីឡាការិនី ក្លឹបកាហ្វេអាញ់កៀក ស្រុកត្រឹងដេ។
តាមសម្តីលោកត្រឹងមិញលី នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ពានរង្វាន់ជើងឯកប៉េតង់សម្រាប់ក្លឹប ត្រូវបានខេត្តរៀបចំឡើងរៀងរាល់ឆ្នាំ ដើម្បីបង្កលក្ខណៈឱ្យអត្តពលិកដោះដូរ សិក្សាបទពិសោធន៍។ ចំនួនអត្តពលិកចូលរួមកាន់តែកើន ដូច្នេះគឺជាឱកាសដើម្បីមជ្ឈដ្ឋានអ្នកជំនាញ ធ្វើការជ្រើសរើសបានអត្តពលិកមានទេពកោសល្យ ហ្វឹកហាត់ចូលរួមសមយុទ្ធកីឡាក្នុងតំបន់៕
យ្វីអាញ់-មុនី