តាមប្រសាសន៍លោក ថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង គណៈជនជាតិបានសំណូមពរដល់កម្មាភិបាលទទួលបន្ទុកការងារជនជាតិនៅភូមិភាគ សហការជិតស្និទ្ធជាមួយសាលារៀនលើភូមិសាស្រ្ត ដើម្បីផ្សព្វផ្សាយការងារបង្ការប្រឆាំងជំងឺ Covid-១៩ ឱ្យមានប្រសិទ្ធភាព។
បរិវេណសាលាបឋមសិក្សាតឹងមី មានភាពស្ងប់ស្ងាត់ក្នុងដំណាក់កាលជំងឺCovid-១៩។
បងថាច់ថាញ់កុង កម្មាភិបាលទទួលបន្ទុកការងារជនជាតិនៅឃុំតឹងមី ស្រុកត្រាអូង រួមជាមួយនឹងសម័្ពន្ធយុវជនឃុំ បានចុះទៅតាមទីតាំងសាលាលើភូមិសាស្រ្ត ដើម្បីពិនិត្យស្ថានភាពបង្ការប្រឆាំងជំងឺ Covid-១៩ តាមចង្អុលការរបស់គណៈកម្មាធិការប្រជាជនឃុំ។ បងកុង ឱ្យដឹង៖ “យោងតាមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្ត សាលារៀនមិនត្រូវបើកបង្រៀនក្នុងរដូវវិស្សមកាល និងនៅតាមមណ្ឌលទារកដ្ឋានឯកជន មិនត្រូវទទួលមើលថែទាំកុមារ រហូតដល់មានសេចក្ដីប្រកាសថ្មី។ រាល់មណ្ឌលទារកដ្ឋាន សាលារៀន ដែលយើងខ្ញុំចុះទៅដល់សុទ្ធសឹងអនុវត្តបានត្រឹមត្រូវតាមសេចក្ដីណែនាំស្ដីពីការបង្ការប្រឆាំងជំងឺ Covid-១៩ ។ ការធ្វើអនាម័យបន្ទប់រៀន ប្រើប្រាស់សារធាតុសម្លាប់មេរោគ និងការពាក់ម៉ាស់ការពារ ក៏ត្រូវបានលោកគ្រូ អ្នកគ្រូ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ថ្នាក់លើផងដែរ”។
លោកគ្រូថាច់លឿក នាយកសាលាបឋមសិក្សាតឹងមី ឱ្យដឹង៖ “សាលាបានចង្អុលការដល់គ្រូបង្រៀនគ្រប់រូប ដាច់ខាតមិនត្រូវទទួលបង្រៀនសិស្សក្នុងរដូវវិស្សមកាល។ ព្រមគ្នានោះដែរ សាលាក៏បានរួមសហការជាមួយនឹងភូមិភាគ ធ្វើការផ្សព្វផ្សាយដល់ឪពុកម្ដាយសិស្ស អ្នកភូមិត្រូវពាក់ម៉ាស់ការពារ ប្រើប្រាស់សារធាតុសម្លាប់មេរោគ លាងសម្អាតដៃជាប្រចាំ។ មានតម្រូវការចាំបាច់ដោយខានមិនបាន ទើបគ្រូបង្រៀនមកសាលារៀន។ យើងខ្ញុំសំណូមពរ គ្រូបង្រៀនគ្រប់រូប បង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឆ្លៀតឱកាសឈប់សម្រាកវិស្សមកាល ឈប់សម្រាកបង្ការជំងឺ Covid-១៩ សិក្សាស្រាវជ្រាវ ស្វែងរកវិធីសាស្រ្តបង្រៀនថ្មីៗ ដើម្បីចូលកម្មវិធីអប់រំថ្មីបង្រៀនឱ្យកាន់តែល្អ រង់ចាំមានការណែនាំជាបន្តរបស់ផ្នែកអប់រំនិងបណ្ដុះបណ្ដាល”។
លោកគឹមកាញ់ ប្រធានការិយាល័យជនជាតិស្រុកតាមប៊ិញ ឱ្យដឹង៖ កម្មាភិបាលការិយាល័យជនជាតិ បានទៅតាមវត្តខ្មែរលើភូមិសាស្រ្តស្រុក ពិភាក្សាជាមួយនឹងព្រះចៅធិការវត្តនានាពីការបើកបង្រៀនអក្សរខ្មែរនៅតាមវត្តរដូវវិស្សមកាល។ ដ្បិតថាឆ្នាំនេះ សិស្សសម្រាកវិស្សមកាលយឺត ម្យ៉ាងទៀតឋិតក្នុងដំណាក់កាលដែលជំងឺCovid-១៩ កំពុងរីករាលដាល ទើបនៅតាមវត្តមិនមានការបើកបង្រៀនអក្សរខ្មែរ រដូវវិស្សមកាល។ បងស្រីថាច់ធីហាំង នៅភូមិព្រែកឈូក ឃុំឡងមី ស្រុកតាមប៊ិញ រៀបរាប់៖ “រដូវវិស្សមកាលរៀងរាល់ឆ្នាំ ខ្ញុំតែងនាំកូនទៅរៀនអក្សរខ្មែរនៅវត្ត និងទៅរៀនថែមនៅផ្ទះគ្រូបង្រៀន ប៉ុន្តែឆ្នាំនេះ ខ្ញុំសាកសួរគឺគ្មានកន្លែងណាទទួលបង្រៀនទេ។ អ្នកគ្រូបង្រៀនកូនខ្ញុំថ្នាក់ទី ៤ បានផ្ដាំខ្ញុំថា កុំភ្លេចពាក់ម៉ាស់ការពារខ្លួនយើងនិងកូនៗ ពេលជួបប្រាស្រ័យនឹងអ្នកដទៃ”៕
ហាថាញ -ពេជ្រសឿន