តាមប្រសាសន៍សាស្រ្តាចារ្យរង បណ្ឌិតង្វៀនវៀតយុង វិទ្យាធិការនៃវិទ្យាស្ថានវិទ្យាសាស្រ្តបច្ចេកវិទ្យាកំដៅ-ត្រជាក់ មហាវិទ្យាល័យ ពហុបច្ចេកទេសហាណូយ មិនគប្បីទុកសីតុណ្ហភាពក្នុងបន្ទប់និងខាងក្រៅគម្លាតគ្នាពេកទេ។ ភាពគម្លាតគ្នារវាងសីតុណ្ហភាពនៅក្នុងផ្ទះនិងខាងក្រៅច្រើនពេកនឹងជះឥទ្ធិពលមិនល្អដល់សុខភាពអ្នកប្រើប្រាស់។ ការកំណត់សីតុណ្ហភាពក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គម្លាតគ្នានឹងបរិយាកាសខាងក្រៅពី៨-១២អង្សា គឺសមស្រប។ បើកំណត់សីតុណ្ហភាព គម្លាតគ្នាច្រើនពេកនឹងបង្កឱ្យគ្រោះថ្នាក់។ ពិសេស ចំពោះគ្រួសារមានមនុស្សចាស់ និងកុមារ ឬអ្នកធ្លាប់មានជំងឺសរសៃឈាមបេះដូង សម្ពាធឈាម ឬជំងឺសួត។ល។ ប្រសិនបើចេញចូលក្នុងបរិស្ថានដែលសីតុណ្ហភាពគម្លាតគ្នាលើសពី១២អង្សាឡើងទៅនឹងបង្កឱ្យប្រតិកម្ម ។ អ្នកមានសុខភាពទន់ខ្សោយអាចនឹងសន្លប់ ឬវិបត្តិសរសៃប្រសាទ។ ប្រសិនបើប្រើម៉ាស៊ីនត្រជាក់ប្រភេទទំនើប គឺគប្បីប្រើមុខងារ “sleep mode” (មុខងារដេក) ពីព្រោះក្រោយរយៈពេល២ម៉ោង ម៉ាស៊ីនត្រជាក់នឹងបង្កើនអង្សាបន្ថែមដោយស្វ័យប្រវត្តិពី១-២អង្សា។ រហូតដល់ពេលសីតុណ្ហភាពក្នុងបន្ទប់ដល់កម្រិត២៨អង្សា ម៉ាស៊ីនត្រជាក់នឹងបិទដំណើរការកម្រិតអង្សាកំណត់នៅត្រឹមនេះ។
សីតុណ្ហភាពក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ អាចមានគម្លាតនឹងបរិយាកាសខាងក្រៅពី៨-១២អង្សា។ រូប៖ Daily Mail
ពេលធ្វើដំណើរក្នុងថ្ងៃក្ដៅមកដល់ផ្ទះភ្លាម មិនគប្បីបើកម៉ាស៊ីនត្រជាក់ធ្វើឱ្យបន្ទាប់ត្រជាក់ភ្លាមៗដោយប្រើសីតុណ្ហភាពទាបបំផុត ដើម្បីកាត់បន្ថយសីតុណ្ហភាពក្នុងបន្ទប់នោះទេ។ ទង្វើបែបនេះបង់ភ្លើងផង និងមិនល្អដល់សុខភាពអ្នកប្រើប្រាស់ផង ពិសេសចំពោះអ្នកដែលធ្លាប់មានជំងឺផ្លូវដង្ហើម ជំងឺសរសៃឈាមបេះដូង។ ក្រោយពីធ្វើឱ្យបរិមាណកម្ដៅនៅក្នុងបន្ទប់ថយចុះសីតុណ្ហភាពនឹងបានកើនឡើងជាសន្សឹមៗ រួចត្រឡប់ទៅមុខងារកំណត់ធម្មតាវិញ (ឧទា ហរណ៍ ២៦ អង្សា)។ ប្រការនេះ ជួយឱ្យយើងប្រិតសំចៃភ្លើងផង ស្របនឹងសុខភាពផង។
ម្ចាស់ផ្ទះអាចគួបផ្សំប្រើកង្ហារ ដូចជាកង្ហារឈរ កង្ហារពិដាន ធ្វើឱ្យខ្យល់អាកាសក្នុងផ្ទះដំណើរការស្មើ។ គ្រួសារជាច្រើនបានបិទទ្វារបន្ទប់ជិត ដើម្បីបើកម៉ាស៊ីនឱ្យឆាប់ត្រជាក់ សំដៅប្រិតសំចៃភ្លើង។ ប្រការនេះធ្វើឱ្យម៉ាស៊ីនត្រជាក់មិនសូវបង់ភ្លើង អាស្រ័យសីតុណ្ហភាពខាងក្រៅមិនអាចចូលបាន ប៉ុន្តែទង្វើនេះមិនគប្បីឡើយ ពីព្រោះប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
យោងតាមកម្រិតអប្បបរមាមនុស្សម្នាក់ៗ អាចត្រូវការខ្យល់អាកាសខាងក្រៅសម្រាប់ផ្គត់ផ្គង់រាងកាយពី២០-៣០លិត្រ។ ប្រសិនបើនៅក្នុងបន្ទប់បិទជិតយូរពេក យើងនឹងមានអារម្មណ៍នឿយហត់ រសេះរសោះ ប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះអ្នកជំងឺឫសដូងច្រមុះ ផ្លូវដង្ហើម មនុស្សចាស់និងកុមារ។ ក្នុងបរិយាកាសម៉ាស៊ីនត្រជាក់ខ្លាំង និងកម្រិតសំណើមមិនសមស្របបណ្ដាលឱ្យមានអារម្មណ៍ពិបាកទ្រាំ ច្រមុះក្ងួរ ស្បែកស្ងួតជាដើម។ អ្នកប្រើម៉ាស៊ីនត្រជាក់ គប្បីបង្កើតភាពសំណើមក្នុងបន្ទប់ដោយប្រើម៉ាស៊ីនបង្កើតសំណើម ឬដាក់ផើងទឹក ឬកន្សែងសើមក្នុងបន្ទប់៕
យោង៖ VietNamnet-វិមាន