ភូមិកៃយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ មានជនរួមជាតិខ្មែររស់នៅជិត១០០%។ មាមីងខ្មែរមិនត្រឹមតែខិតខំប្រឹងប្រែងពង្រីកសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ នៅទាំងគិតគូរចិញ្ចឹមកូនរៀនសូត្រទៀតផង។ តួយ៉ាងដូចបងស្រីថាច់ធីពឿង ជាកសិករម្នាក់មិនចេះអក្សរ តែខិតខំពលកម្មដើម្បីចិញ្ចឹមកូនពីរនាក់រៀនសូត្រចប់មហាវិទ្យាល័យ មានការងារធ្វើលំនឹង។
បងស្រីថាច់ធីពឿង សប្បាយចិត្តពេលសម្លឹងប័ណ្ណសរសើរដែលកូនៗ
សម្រេចបានក្នុងការងារ។
កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករ ក្រោយពីរៀបការ ប្តីប្រពន្ធបងស្រីពឿង ដឹងតែពីការធ្វើស្រែចម្ការប៉ុណ្ណោះ។ ហេតុនោះ ប្តីប្រពន្ធបងមានប្រាថ្នា ពេលកូនៗធំឡើងនឹងគិតគូរឱ្យរៀនសូត្រចប់ចុងចប់ដើម។ បងស្រីពឿង ឱ្យដឹង៖ “ជីវិតខ្ញុំធ្វើស្រែចម្ការ ហាលក្តៅ ហាលភ្លៀង លំបាកនឿយហត់ តែពុំឃើញមានបានជាងអ្នកណា។ ឃើញអ្នកមានចំណេះដឹង ទៅធ្វើការនៅស្ថាប័នរដ្ឋ ស្លៀកពាក់សមរម្យ ទោះបីលំបាកនឿយហត់ក៏ធ្វើការនៅកន្លែងត្រជាក់ ម៉្លោះហើយខ្ញុំចង់ឱ្យកូនៗរៀនមហាវិទ្យាល័យ។ ខ្ញុំគិតថា មានតែការរៀនសូត្រទេ ទើបមានតម្រិះវិជ្ជាហើយអនាគតមិនលំបាកដូចឪពុកម្តាយ”។ ផ្តើមពីការរិះគិតដូច្នោះ ពេលកូនៗធំឡើង បងស្រីតែងបង្កលក្ខណៈដើម្បីកូនៗបានរៀនសូត្រ។ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធបងស៊ូទ្រាំលំបាកនឹងការងារស្រែ ចម្ការ ចិញ្ចឹមសត្វ ដើម្បីសន្សំប្រាក់ចិញ្ចឹមកូនរៀនសូត្រ។ បន្ទាប់ពីកិច្ចការពលកម្មរួចរាល់ បងស្រីនៅទាំងឆ្លៀតពេលណែនាំលើកទឹកចិត្តកូនៗឱ្យខិតខំរៀនសូត្រ ដោយលើកយកគំរូអ្នករៀនសូត្រ មានតម្រិះវិជ្ជាខ្ពស់ក្នុងភូមិមកបង្ហាញ មានតែការរៀនសូត្រ ទើបចាកផុតពីស្ថានភាព”ហាលភ្លៀង ហាលក្តៅ”។ ពិសេស ដល់រដូវវិស្សមកាល បងស្រីតែងហៅកូនៗទៅធ្វើស្រែចម្ការ ដើម្បីកូនៗបានយល់ពីភាពលំបាកនឿយហត់របស់កសិករ។ ផ្តើមពីនោះ ដើម្បីកូនៗមានស្មារតីភ្ញាក់រលឹកក្នុងការរៀនសូត្រ។
ដោយជ្រាបច្បាស់ពីការនឿយហត់របស់ឱពុកម្តាយ និងមានស្មារតីភ្ញាក់រលឹកក្នុងការរៀនសូត្រ ទើបកូនៗរបស់គាត់ប្រឹងប្រែងរៀនសូត្រ ក្លាយជាសិស្សពូកែ។ បច្ចុប្បន្ន កូនប្រុសច្បង ឡឹមថាញថាវ ចប់មហាវិទ្យាល័យផ្នែកជលផល ធ្វើការនៅក្រុមហ៊ុនផលិតចំណីសត្វ និងមានបើករោងភ្ញាស់ពូជត្រីនៅនឹងផ្ទះ ដើម្បីផ្គត់ផ្គង់ពូជឱ្យប្រជាជនក្នុងខេត្ត កូនស្រីពៅ ឡឹមវីណី ចប់មហាវិទ្យាល័យផ្នែកបច្ចេកវិជ្ជាព័ត៌មាន បច្ចុប្បន្ន កំពុងធ្វើការនៅក្រុងហូជីមិញ។
លោកសើុងប៊ី លេខាសាខាបក្សភូមិកៃយ៉ា ឱ្យដឹង៖ “គ្រួសារបងស្រីថាច់ធីពឿង គឺជាគ្រួសារគំរូក្នុងការពង្រីកសេដ្ឋកិច្ចនិងចិញ្ចឹមកូនរៀនសូត្រ។ ក្នុងគ្រួសារ បងស្រីពឿងអប់រំកូនៗឱ្យលុះក្នុងដំបូន្មាន សុភាពរាបសា ចេះគួរសមនឹងអ្នកទាំងឡាយ។ ពេលជីវភាពធូរធារ បងស្រីពឿង តែងជួយឧបត្ថម្ភអ្នកក្រនិងខ្នះខ្នែងចូលរួមរាល់ការចលនានៅភូមិភាគ។ ព្រោះហេតុនោះ មាមីងខ្មែរក្នុងភូមិ អ្នកណាក៏ស្ងើចសរសើរនិងតែងលើកយកគ្រួសារបងស្រីពឿង ជាគំរូក្នុងការអប់រំកូនចៅ”៕
យ្វីអាញ់-មុនី