លើកម្ពស់គុណភាពអប់រំ ផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យអប់រំនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ និងវិនិយោគកសាងសាលាចំណេះទូទៅជនជាតិអន្តេវាសិក គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ ដែលខេត្តគៀងយ៉ាង បានអនុវត្តក្នុងរយៈពេលកន្លង។
សាលារៀននៅតំបន់ជនរួមជាតិលើភូមិសាស្រ្តខេត្តគៀងយ៉ាង ត្រូវ
បានវិនិយោគកសាងសមរម្យ។
តាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង រយៈពេលកន្លង មានគម្រោងជាច្រើនខាងវិស័យអប់រំ និងបណ្តុះបណ្តាលត្រូវបានផ្សព្វផ្សាយអនុវត្ត សំដៅរួមចំណែកលើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជនរួមជាតិភាគតិច ត្រូវបានផ្សព្វផ្សាយអនុវត្តនៅតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ ប្រព័ន្ធសាលា រៀនតំបន់ជនរួមជាតិភាគតិច ត្រូវបានបង្កើនការវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារ ឆ្លើយតបទៅនឹងតម្រូវការបង្រៀននិងរៀនតាមកម្មវិធីថ្មី។ ក្រៅពីនោះ ប្រព័ន្ធសាលាជនជាតិអន្តេវាសិកក៏ត្រូវបានវិនិយោគកសាងនៅគ្រប់តំបន់។ បច្ចុប្បន្ន ទូទាំងខេត្តមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន៦ ក្នុងនោះ សាលាថ្នាក់ខេត្តចំនួន១ និងសាលាថ្នាក់ស្រុកចំនួន៥ គឺហ្គក្វាវ យុងរៀង ហាតៀង ចូវថាញ់ និងអានបៀង។ សាលាចំណេះទូទៅនិងសាលាជនជាតិអន្តេវាសិកលើភូមិសាស្រ្ត ទាក់ទាញសិស្សជនរួមជាតិភាគតិចចូលរៀនជាង៤០ពាន់នាក់។ ផ្តើមពីប្រភពសិស្សសាលា ចាប់តាំងពីឆ្នាំ២០១៤ មកទល់ នឹងបច្ចុប្បន្ន ខេត្តគៀងយា៉ង មានសិស្សចំនួន ៦៤ នាក់ បានពិនិត្យជ្រើសរើសចូលរៀនមហាវិទ្យាល័យនៅក្រុងកឹងធើ និងក្រុងហូជីមិញ មានសិស្សចំនួន៣១៣នាក់បានជ្រើសរើសចូលរៀនមហាវិទ្យាល័យបម្រុងនៅក្រុងហូជីមិញ។ ឆ្លងតាមរយៈនោះ សឱ្យឃើញថា ការវិនិយោគផ្តើមពីកម្រិតទាបដើម្បីបង្កប្រភពឱ្យកម្រិតខ្ពស់ បានរួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញា និងរួមចំណែកបណ្ដុះបណ្ដាលប្រភពកម្មាភិបាលជាជនរួមជាតិភាគតិច សម្រាប់ខេត្តគៀងយ៉ាង។ គិតដោយឡែកផ្នែកអប់រំទូទាំងខេត្តមានកម្មាភិបាល គ្រូបង្រៀនជាជនរួមជាតិភាគតិចចំនួន១.៣៦៧នាក់ ស្រូបអត្រា ៨,១៤%នៃចំនួនគ្រូបង្រៀនទូទាំងផ្នែក។
ខេត្តគៀងយ៉ាង ក៏បានយកចិត្តទុកដាក់ក្នុងការបង្រៀនអក្សរខ្មែរដល់សិស្សជនជាតិ។ ទូទាំងខេត្ត បច្ចុប្បន្ន មានចំនួន៤៣សាលាបើកបង្រៀន ឧភយភាសា និងមានវត្តខ្មែរចំនួន៣១ បានចាត់តាំងបង្រៀនអក្សរខ្មែររដូវវិស្សមកាល។ ដើម្បីញុាំងឱ្យចលនាបង្រៀនអក្សរខ្មែរបានរក្សានិងមានភាពរីកចម្រើន រៀងរាល់ឆ្នាំ ខេត្តក៏បានជំនួយថវិកាសម្រាប់ទិញសៀវភៅពុម្ព និងឧបត្ថម្ភគ្រូបង្រៀន ព្រះសង្ឃដែលបង្រៀនអក្សរខ្មែរដល់សិស្សនៅរដូវវិស្សមកាល។ ក្មួយយ័ញថាញ់ នៅឃុំឌិញអាន ស្រុកហ្គក្វាវ ឱ្យដឹង៖ “ក្រៅពីរៀនអក្សរខ្មែរ នៅសាលារដូវវិស្សមកាលក្មួយក៏ឆ្លៀតទៅរៀនអក្សរខ្មែរក្នុងវត្ត។ ឥឡូវ ក្មួយចេះអាន ចេះសរសេរអក្សរខ្មែរ។ ម្តាយឪពុកក្មួយតែងលើកទឹកចិត្ត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រទាំងភាសាសកលនិងអក្សរខ្មែរ”៕
ហាថាញ់-មុនី